ចាប់ផ្ដើមរ​កលែង​បាន! ប្រេ​ស៊ី​ល ជួប​បញ្ហា​ខ្វះខាត​វ៉ាក់សាំង​កូ​វី-19 ត្រូវ​ផ្អាក​ចាក់​ដូ​ស​ទី2

បញ្ហា​ខ្វះខាត​វ៉ាក់សាំង​កូ​វីដ-19 បាន​បង្ខំ​ឱ្យ​ទីក្រុងធំៗជាច្រើន​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ត្រូវ​ផ្អាក​ចាក់​ដូ​ស​ទី2 ជា​បណ្ដោះ​អាសន្ន។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី និង​របាយការណ៍​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី3 ឧសភា។ ហេតុការណ៍​ផ្អាក​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ-19 យ៉ាង​បន្ទាន់​ចុងក្រោយ​នេះ បាន​កើតឡើង​ក្រោម​ស្ថានការណ៍​ឆ្លង​រាលដាល​ដ៏​អាក្រក់។

ទីក្រុងធំៗ ចំនួន7 ក្នុងចំណោម 26រដ្ឋ របស់​ប្រទេស​ប្រេ​ស៊ី​ល ត្រូវ​បញ្ឈប់​ការចាក់​វ៉ាក់សាំង​របស់ CoronaVac ដែល​អភិវឌ្ឍ​ដោយ​ប្រទេស​ចិន ដោយសារតែ​ការផ្គត់ផ្គង់ មិន​គ្រប់គ្រាន់។ នេះ​បើតាម​របាយការណ៍​រប​ស់​វេ​ប​សាយ​ព័ត៌មាន G1។

រី​អូ ដឺ ចា​នេ​រ៉ូ ទីក្រុង​ធំ​បំផុត លំដាប់​លេខ2 របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​ថ្លែង​ផ្អាក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី2 រយៈពេល 10ថ្ងៃ នៅ​ថ្ងៃ​សៅរ៍ ទី1 ឧសភា មុននឹង​កែសម្រួល​កាលវិភាគ​ការចាក់​វ៉ាក់សាំង​ជាថ្មី ដោយ​បែរមក​ចាក់​ដូ​ស​ជំរុញ​ការប្រឆាំង​មេរោគ​តាម​ក្រុម​អាយុ​មនុស្ស​វិញ​ម្ដង ទោះជា​ដំណើរការ​ទៅ​យ៉ាងយឺតៗក៏ដោយ។

ទីក្រុង​ដែលមាន​ប្រជាជន​ចំនួន​ជាង 6.7លាន​នាក់​មួយ​នេះ បាន​វិល​មក​ដំណើរ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី2 កាលពី​ថ្ងៃ​ចន្ទ ទី3 ឧសភា ម្សិលមិញ ចំពោះតែ​មនុស្ស​ចាស់ វ័យ 70ឆ្នាំ​ឡើងទៅ ចំណែក​មនុស្ស​ដែល​អាយុ​តិចជាង 60ឆ្នាំ ក្នុងនោះ​រួមទាំង​មន្ត្រី​សុខា​ភាព​សាធារណៈ​ផង​នោះ តាម​កាលវិភាគ​ចាក់​វ៉ាក់សាំង​ថ្មី​របស់​ទីក្រុង​នេះ ពួកគេ​អាច​នឹងត្រូវ​រង់ចាំ​យូរ​ដល់​ទៅ 2 ទៅ 12ថ្ងៃ តាមរយៈ​ការណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​ក្នុង 1ដូសៗ ឆ្ងាយ​ពីគ្នា 28ថ្ងៃ។

ចំណែក​ទីក្រុងធំៗផ្សេងទៀត ដែល​ផ្អាក​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី2 ដែរនោះ រួមមាន ទីក្រុង​ធំ ដូចជា បូ​ឡូ ហូ​រី​សុន​តេ និង​ប៉ូ​ទូ​អា លេ​ក្រេ ដែលមាន​ប្រជាជន​ប្រមាណ 2.5លាន​នាក់ និង 1.5នាក់ តាម​លំដាប់។

សារព័ត៌មាន Folha de Sao Paulo បាន​រាយការណ៍​ថា ក្នុង​បណ្ដា​ទីក្រុងធំៗរបស់​រដ្ឋផ្សេងៗទូទាំងប្រទេស​ប្រេ​ស៊ី​ល បច្ចុប្បន្ន ច្រើនជាង​ពាក់កណ្ដាល មិនមាន​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​ការចាក់​ដូ​ស​ទី2 ឱ្យ​ប្រជាជន​គ្រប់គ្នា ដែល​បានទទួល​វ៉ាក់សាំង​ដូ​ស​ទី1 រួចហើយ​នោះទេ។

កូ​វីដ-19 បានសម្លាប់​ជីវិត​មនុស្ស​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​រួចហើយ អស់​ជាង 400,000នាក់ ខ្ពស់បំផុត​លំដាប់​លេខ2 របស់​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក តែ​ពេលនេះ ពួកគេ​កំពុង​ជួបនឹង​បញ្ហា​ក្នុងការ​ស្វែងរក​វ៉ាក់សាំង ចាក់ឱ្យ​ប្រជាជន​ចំនួន 212លាន​នាក់។

កន្លងមក​លោក ឆា​អ៊ី បូល​សូ​ណេ​រ៉ូ ប្រធានាធិបតី​ស្ដាំនិយម​របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​រង​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​ការមើលស្រាល​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ និង​ធ្វើ​ព្រងើយកន្តើយ ចំពោះ​ការណែនាំ​របស់​បណ្ដា​អ្នកជំនាញការ ក្នុង​វិធានការ​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ។

រហូតមកដល់​ពេលនេះ មាន​ប្រជាជន​ប្រេ​ស៊ី​ល បានទទួល​វ៉ាក់សាំង​ដូ​ស​បំ​បូ​ង​រួចហើយ​ប្រមាណ 15% និង​មាន 7.5% ដែល​បានទទួល​វ៉ាក់សាំង​គ្រប់​ទាំង 2ដូ​ស៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement