វ៉ាក់សាំង​បង្ការ​ Covid-19 ចំនួន​ 1​លាន​​​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ

បុគ្គលិក​​កំពុង​រៀប​ចំ​វ៉ាក់សាំង​ដែលទទួល​បាន​ពី​​ចិន​ នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃទី​ 7 កុម្ភៈ ឆ្នាំ​2021

យុទ្ធ​ការចាក់​វ៉ាក់សាំង​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នឹង​ត្រូវបាន​ដំណើរការ បន្ទាប់ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​ក្រហម ដើម្បី​កាត់ផ្ដាច់​ជំងឺ​Covid-19 នៅពេល​វ៉ាក់សាំង 1លាន​ដូ​ស​មកដល់​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ។

នៅ​ព្រឹក​ថ្ងៃទី5 ខែឧសភា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ក្នុង​តំបន់​ក្រហម​រួចហើយ រាជរដ្ឋាភិបាល​នឹង​បន្ត​ចាក់​វ៉ាក់សាំង នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ក្នុង​បំណង​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​នេះ បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្នា។

វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 1លាន​ដូ​ស​ទៀត​នឹង​មកដល់​កម្ពុជា នាពេល​ដ៏​ខ្លី​ខាងមុខ ក្នុងនោះ​មាន 5សែន​ដូ​ស នឹង​មកដល់​នៅ​ថ្ងៃទី11 ខែឧសភា និង 5សែន​ដូ​ស​ទៀត មកដល់​នៅ​ថ្ងៃទី15 ខែឧសភា ដូច្នេះ កម្ពុជា នឹងមិន​ខ្វះ​វ៉ាក់សាំង​នោះទេ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ប្រមុខ​រដ្ឋាភិបាល។

សម្ដេច ហ៊ុន សែន តាមរយៈ​សារ​ជា​សំឡេង បាន​មានប្រសាសន៍ថា៖ «យើង​នឹង​ស្រោច​ទីក្រុង​ភ្នំពេញ​និង​ខេត្តកណ្តាល​ឱ្យ​ជន់​លិច​ទៅដោយ​វ៉ាក់សាំង ប៉ុន្តែ​ដំបូង​នេះ យើង​ធ្វើ​នៅក្នុង​ក្របខណ្ឌ​តំបន់​ក្រហម ហើយ​គ្រាន់តែ​តំបន់​ក្រហម​នេះ ប្រជាជនមាន​ទៅដល់​ជាង 50ម៉ឺន​នាក់​រួចទៅហើយ ដូច្នេះ​វា​មិនយូរប៉ុន្មាន ទីក្រុង​ភ្នំពេញ និង​ខេត្តកណ្តាល នឹង​ជោគជាំ​ទៅដោយ​វ៉ាក់សាំង ដែល​យើង​ខិតខំ​រក ហើយ​ដែលមាន​ការជួយ​ផ្គត់ផ្គង់​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដែលជា​ប្រភព​ផ្តល់ជំនួយ​មិនចេះ​រីងស្ងួត​សម្រាប់​យើង ទាំង​ជំនួយ​ក៏ដូចជា​ការផ្គត់ផ្គង់​តាមរយៈ​ការទិញ​របស់​យើង​ផងដែរ»៕

ប្រភព៖ ទទក
ដកស្រង់​៖ បុត្រា

Advertisement