វ៉ាក់សាំង​Covid-19 នៅ​កម្ពុជា! តួលេខ​ពលរដ្ឋ​ដែល​បាន​ចាក់​រួចរាល់ នឹង​កើន​ដល់​ជាង2លាន​នាក់ បន្ទាប់ពី​បញ្ចប់​ការចាក់​នៅ​តំបន់​ក្រហម

នៅពេលដែល​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 នៅ​តំបន់​ក្រហម​ត្រូវ​បានបញ្ចប់ នោះ​តួលេខ​នៃ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ នឹង​កើន​ដល់​ជាង 2លាន​នាក់ ស្មើនឹង​ជាង 20% នៃ​ពលរដ្ឋ​ចំនួន 10លាន​នាក់​ដែល​គ្រោង​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង។

នៅ​ព្រឹក​ថ្ងៃទី05 ខែឧសភា ឆ្នាំ2021 សម្ដេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​ក្រហម ប្រព្រឹត្តិទៅបាន​យ៉ាង​ល្អប្រសើរ និង​នាំឱ្យ​តួលេខ​អ្នក​បានទទួល​ការចាក់​វ៉ាក់សាំង​សរុប​ទូទាំងប្រទេស កើនឡើង​ដល់​ជាង 1.5លាន​នាក់ ស្មើនឹង​ជាង 15% នៃ​ចំនួន​ប្រជាជន​ដែល​ត្រូវ​ចាក់។

កន្លងមក វ៉ាក់សាំង​ចំនួន 9សែន​ដូ​ស​ហើយ​ដែល​ត្រូវបាន​គណៈកម្មការ​ចំពោះ​កិច្ច បញ្ជូនទៅឱ្យ​កងទ័ព ដើម្បី​ចូលរួម​ជួយ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​ក្រហម។ ក៏ប៉ុន្តែ ពលរដ្ឋ​ដែល​ត្រូវ​ការចាក់​វ៉ាក់សាំង​គឺមាន​រហូត​ទៅដល់​ជាង 5.2សែន​នាក់ ខណៈ​រដ្ឋាភិបាល​មានតែ 9សែន​ដូ​ស​ប៉ុណ្ណោះ ក្នុងនោះ​ពលរដ្ឋ​ម្នាក់​ត្រូវ​ចាក់​ពីរ​ដូ​ស។

យ៉ាងនេះ​ក្ដី ប្រមុខ​រដ្ឋាភិបាល បាន​ថ្លែង​បញ្ជាក់ថា នៅក្នុង​តំបន់​ក្រហម​នេះ ដរាបណា​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​មិនទាន់​គ្រប់គ្រាន់ រដ្ឋាភិបាល​នឹងមិន​ដើរចេញ​ចោល​ប្រជា​ជនណាម្នាក់​នោះទេ។ នេះ​បើតាម​ប្រសាសន៍​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន៕

ប្រភព​៖ AKP
ដកស្រង់​៖ បុត្រា

Advertisement