អាមេរិក​គាំទ្រ​ដល់​ការលុបបំបាត់ «កម្មសិទ្ធិបញ្ញា​សម្រាប់​វ៉ាក់សាំង COVID-19»

រដ្ឋបាល​របស់លោក Joe Biden គាំទ្រ​ដល់​ការដក​ការ​គាំពារ​ចំពោះ​កម្មសិទ្ធិបញ្ញា​ទាក់ទិន​នឹង​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ដែល​នេះ​នាំមក​នូវ​ក្ដីសង្ឃឹម​ថ្មី​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ដែល​កំពុងមាន​ការលំបាក​ក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង​នេះ។

ប្រទេស​ឥណ្ឌា ជាទី​ដែល Covid-19 កំពុង​រាតត្បាត​ខ្លាំង បាន​នាំមុខ​ក្នុងការ​តស៊ូ​មតិ​នៅឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ជាច្រើន​ផ្សេងទៀត អាច​ផលិត​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 បាន​ច្រើនជាង​មុន ប៉ុន្តែ​មតិ​នេះ​ត្រូវបាន​ជំទាស់​ដោយ​បណ្ដា​ក្រុមហ៊ុន​ផលិត​ឱសថធំ។

លោក​ស្រី​ Katherine Tai អ្នកតំណាង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក កាលពី​ថ្ងៃទី5 ខែឧសភា ឆ្នាំ2021 បានប្រកាសថា បើទោះជា​សិទ្ធិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​គឺជា​រឿង​សំខាន់​សម្រាប់​ក្រុមហ៊ុន​នានា ប៉ុន្តែ ទីក្រុង​វ៉ា​ស៊ី​ង​តោន «គាំទ្រ​ដល់​ការដក​វិធាន​ការការពារ​កម្មសិទ្ធិ​បញ្ញា សម្រាប់​វ៉ាក់សាំង​Covid-19» ដើម្បី​លុបបំបាត់​មហា​រោគរាត​ត្បាត​​នេះ។

លោកស្រី Katherine Tai ថ្លែងថា៖ «នេះ​គឺជា​វិបត្តិ​សុខាភិបាល​សកល ហើយ​ភាពមិនធម្មតា​របស់ Covid-19 ទាមទារ​ឱ្យមាន​វិធានការ​ពិសេស»។ ការលើកឡើង​នេះ កើតមាន​បន្ទាប់ពី​លោកស្រី Katherine Tai បាន​ជួបពិភាក្សា​លើ​បញ្ហា​នេះ​ជាមួយ​មេដឹកនាំ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំងធំៗទាំងអស់​របស់​សហរ​ដ្ឋ​អាមេរិក រួមមាន ​ក្រុម​ហ៊ុន​ Pfizer, Moderna និង Johnson & Johnson។

លោក​ស្រី​ Katherine Tai និង​លោក​ Joe Biden

ប្រធានាធិបតី Joe Biden កំពុង​ទទួលរង​សម្ពាធ​យ៉ាង​ធ្ងន់ នៅពេល​ភាគី​ជាច្រើន បាន និង​កំពុង​ជំ​រុញឱ្យ​បោះបង់​វិធានការ​ការពារ​ចំពោះ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ពិសេស​គឺ​នៅក្នុង​គ្រា​ដែល​សហរដ្ឋអាមេរិក ត្រូវបាន​គេ​រិះគន់ថា រក្សាទុក​វ៉ាក់សាំង​Covid-19 ច្រើន​ហួសហេតុ ខណៈដែល​បណ្ដា​ប្រទេស​ក្រីក្រ កំពុង​ជួប​បញ្ហា​អាសន្ន​ធំ។

លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ហៅ​ការសម្រេច​របស់​សហរ​ដ្ឋ​អាមេរិក​ថា​ជា «ប្រវត្តិសាស្ត្រ» និង​ជា​របត់​ថ្មី​ដ៏​ធំ​សម្បើម នៅក្នុង​ការប្រយុទ្ធប្រឆាំង​វីរុស​Covid-19»។ ប៉ុន្តែ លោកស្រី Katherine Tai បាន​ព្រមាន​ថា ការចរចា «នឹងត្រូវ​ចំណាយពេល​យូរ ដោយសារតែ WTO ចេញ​សេចក្ដីសម្រេច​ដោយយោង​ទៅតាម​ការព្រមព្រៀង»។

ពិភពលោក បច្ចុប្បន្ន មាន​អ្នកជំងឺ​Covid-19 ជាង 3.2លាន​នាក់​បាន​ស្លាប់ ប៉ុន្តែ ប្រទេស​អ្នកមាន​ជាច្រើន បានទទួល​ជោគជ័យ​មួយចំនួនធំ​នៅក្នុង​ការទប់ស្កាត់​វីរុស​Covid-19 ដោយសារ​យុទ្ធនា​ការចាក់​វ៉ាក់សាំង។ គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​បាន​ចាក់​វ៉ាក់សាំង​ជាង 1.2ពាន់​លាន​ដូ​ស ប៉ុន្តែ ការចាក់​វ៉ាក់សាំង​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត មាន​មិន​ដល់ 1% នៅឡើយ។

សហរដ្ឋអាមេរិក មិន​ខ្វះ​វ៉ាក់សាំង​ដូច​ឥណ្ឌា និង​បណ្ដា​ប្រទេស​ដទៃទៀត​នោះទេ។ ពួកគេ​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន 300លាន​ដូ​ស​បន្ថែមទៀត​នាពេល​ដ៏​ខ្លី​ខាងមុខ ដែល​តួលេខ​នៃ​វ៉ាក់សាំង​នេះ ប្រហាក់ប្រហែល​នឹង​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​នេះ។

ចំណែក​នៅ​ប្រទេស​ឥណ្ឌា​វិញ បញ្ហា​ខ្វះ​វ៉ាក់សាំង កំពុងតែ​រារាំង​កិច្ចប្រឹងប្រែង​ក្នុងការ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​នេះ។ កាលពី​សប្ដាហ៍​មុន រដ្ឋាភិបាល​ឥណ្ឌា បានប្រកាស​អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18ឆ្នាំ​ឡើងទៅ ប៉ុន្តែ មាន​រដ្ឋ​ចំនួន12 ប៉ុណ្ណោះ នៅក្នុង​ចំណោម​រដ្ឋ និង​ដែនដី​ទាំង 36របស់​ឥណ្ឌា មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដើម្បី​ចាក់៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement