ដំណឹង​ល្អ! វ៉ាក់សាំង Sinopharm របស់​ចិន ទទួលបាន​ការអនុម័ត​ពី WHO រួចហើយ!

អង្គការ​សុខភាព​ពិភពលោក (WHO) បានអនុម័ត​លើ​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន​ចិន Sinopharm ដើម្បី​ប្រើប្រាស់​ក្នុងករណី​ចាំបាច់​បន្ទាន់។

«WHO ដាក់បញ្ចូល​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 របស់ Sinopharm ដែល​ផលិត​នៅ​រដ្ឋធានី ប៉េកាំង នៃ​ប្រទេស​ចិន ទៅក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​របស់ខ្លួន​រួចហើយ។ នេះ​គឺជា​វ៉ាក់សាំង Covid-19 ទី6 ក្នុង​ពិភពលោក ដែល​ត្រូវបាន WHO ទទួលស្គាល់​ផ្នែក​សុវត្ថិភាព ប្រសិទ្ធភាព និង​គុណភាព» ប្រធាន WHO លោក Tedros Adhanom Ghebreyesu ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី7 ខែឧសភា។

លោក Tedros បាន​បន្តថា៖ «ក្រុមប្រឹក្សា​យុទ្ធសាស្ត្រ រួមមាន​ក្រុម​អ្នកជំនាញ​ផ្នែក​ចាក់​វ៉ាក់សាំង (SASGE) បាន​ពិនិត្យ​លើ​ទិន្នន័យ និង​ស្នើឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​ពីរ​ដូ​ស​នេះ សម្រាប់​មនុស្ស​ដែលមាន​វ័យ​ចាប់ពី 18ឆ្នាំ​ឡើងទៅ»។

ប្រអប់​របស់​វ៉ាកសាំង​ Sinopharm

ដូច្នេះ នៅក្នុង​បញ្ជី​ឈ្មោះ​វ៉ាក់សាំង Covid-19 ដែល​ត្រូវ​ប្រើប្រាស់​បន្ទាន់ របស់ WHO រួមមាន វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech, Moderna, Johnson & Johnson, AstraZeneca និង​ក្រុមហ៊ុន Sinopharm។ ចំពោះ​វ៉ាក់សាំង AstraZeneca ដែល​ត្រូវបាន WHO អនុម័ត​ឱ្យប្រើ​ប្រាស់ នោះ​គឺ​ប្រភេទ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា និង​កូរ៉េខាងត្បូង។

ការបន្ថែម​វ៉ាក់សាំង Sinopharm ទៅក្នុង​បញ្ជី​ឈ្មោះ​ខាងលើ របស់ WHO នឹង​ជួយ​ឱ្យ​បណ្ដា​ប្រទេស មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដើម្បី​អនុម័ត​ក្នុង​ការបញ្ជាទិញ យកទៅ​ប្រើប្រាស់ ពិសេស​គឺ​បណ្ដា​ប្រទេស​ដែល​មិនទាន់មាន​ស្ថាប័ន​គ្រប់គ្រង​ស្ដង់ដា​អន្តរជាតិ​ដោយឡែក​របស់ខ្លួន។

វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន​ចិន Sinopharm បច្ចុប្បន្ន ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស និង​ដែនដី​ចំនួន 42 ក្នុង​ពិភពលោក ឈរ​បន្ទាប់ពី AstraZeneca (166 ប្រទេស), Pfizer-BioNTech (94 ប្រទេស) និង Moderna (46 ប្រទេស)៕

ប្រភព៖ AFP
ប្រែសម្រួល​៖ បុត្រា

Advertisement