វ៉ាក់សាំង Covid-19! វៀតណាម៖ បុគ្គលិក​សុខាភិបាល​ម្នាក់ បាន​ស្លាប់ ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19

ក្រសួងសុខាភិបាល​វៀត​ណា​ម កាលពី​យប់​ថ្ងៃទី7 ខែឧសភា បានប្រកាសថា បុគ្គលិក​សុខាភិបាល​ភេទ​ស្រី​ម្នាក់ អាយុ 35ឆ្នាំ ធ្វើការ​នៅ​មន្ទីរពេទ្យ​ខេត្ត An Giang ភាគខាងត្បូង​ប្រទេស​នេះ បាន​បាត់​បង់ជីវិត បន្ទាប់ពី​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19។

មូលហេតុ​នៃ​ការស្លាប់​នេះ ត្រូវបាន​ក្រុមប្រឹក្សា​ជំនាញ​នៃ​នាយកដ្ឋាន​សុខាភិបាល​របស់​ខេត្ត An Giang បញ្ជាក់ថា ដោយសារ «ប្រតិកម្ម​នឹង​ប្រភេទ​ថ្នាំ non steroid (បន្ថយ​ការឈឺចាប់ និង​ប្រឆាំង​រលាក) ដែលជា​ករណី​កម្រ​ជួប នៅពេល​ចាក់​វ៉ាក់សាំង​បង្ការ Covid-19»។

នេះ​គឺជា​ករណី​ស្លាប់​ដំបូង​ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19 នៅ​ប្រទេស​វៀតណាម។ ជនរងគ្រោះ​ខាងលើ ត្រូវបាន​ចាក់​វ៉ាក់សាំង Covid-19 កាលពី​ព្រឹក​ថ្ងៃទី6 ខែឧសភា ឆ្នាំ2021។

វៀតណាម បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន AstraZeneca តាំងពី​ថ្ងៃទី8 ខែមីនា ឆ្នាំ2021។ បច្ចុប្បន្ន ប្រទេស​នេះ បាន​ចាក់​ជូន​ពលរដ្ឋ​ចំនួន 747,827នាក់​រួចហើយ។ អ្នក​ដែល​ទទួលបាន​អាទិភាព​ក្នុង​ការចាក់​វ៉ាក់សាំង រួមមាន​មន្ត្រី និង​បុគ្គលិក​ពេទ្យ​ជួរមុខ, សមាជិក​នៃ​សហគមន៍ Covid-19, គណៈកម្មការ​គ្រប់គ្រង​វីរុស, ប៉ូលិស និង​ទាហាន។

គិត​មកដល់​បច្ចុប្បន្ន វៀតណាម បានទទួល​វ៉ាក់សាំង AstraZeneca ពីរលើក​មកហើយ ក្នុងនោះ លើកទីមួយ មាន 117,600ដូ​ស នាំចូល​ដោយ​ក្រុមហ៊ុន VNVC និង​លើក​ទី​ពីរ ជាង 800,000ដូ​ស ដែល​ផ្ដល់​ដោយ​យន្តការ Covax ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ។

យោងតាម​ការវិភាគរ​បស់​ស្ថាប័ន​គ្រប់គ្រង បាន​បង្ហាញថា អត្រា​កកឈាម​ដ៏​កម្រ (និយាយ​រួម) បន្ទាប់ពី​ចាក់​វ៉ាក់សាំង AstraZeneca គឺ​ប្រមាណ 1/100,000នាក់, អត្រា​នេះ​កើនឡើង​ប្រហែល 1/60,000នាក់ ចំពោះ​មនុស្ស​វ័យ 30ឆ្នាំ។ អត្រា​ស្លាប់​ក្រោយ​ការចាក់​វ៉ាក់សាំង​នេះ និយាយ​រួម​គឺ ប្រហែល 2/1000,000នាក់ ខណៈ​វ័យ​ចាប់ពី 30 ដល់ 39 គឺ 4.5/1,000,000នាក់។

ហ្វីលីពីន ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង AstraZeneca សម្រាប់​មនុស្ស​ក្រោម​អាយុ 60ឆ្នាំ។ ចំណែក​អូស្ត្រាលី​វិញ បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ក្រោម​វ័យ 50ឆ្នាំ ប្រើប្រាស់​វ៉ាក់សាំង​របស់ Pfizer ខណៈដែល​អ៊ីតាលី, បារាំង, ហូ​ឡង់, អាល្លឺម៉ង់ និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​ក្នុង​សហភាព​អឺរ៉ុប បានស្នើ​ឱ្យ​ចាក់​វ៉ាក់សាំង​នេះ សម្រាប់​មនុស្ស​ដែលមាន​វ័យ​នៅ​ក្មេង៕

ប្រភព៖ VNE, Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement