អាសន្ន! អង់គ្លេស ណែ​នាំឱ្យ​មនុស្ស​ក្រោម​វ័យ 40ឆ្នាំ «កុំ​ចាក់​វ៉ាក់សាំង AstraZeneca»

គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​អង់គ្លេស (JCVI) កាលពី​ថ្ងៃទី7 ខែឧសភា បានឱ្យដឹងថា ពលរដ្ឋ​ក្រោម​វ័យ 40ឆ្នាំ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ផ្សេង ជំនួស​ឱ្យ​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន​ AstraZeneca។

ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា អត្រា​នៃ​ការឆ្លង Covid-19 នៅ​អង់គ្លេស បាន​ថយចុះ ដែល​នេះ​គឺ​មានន័យថា ហានិភ័យ​នៃ​ការ​ប្រឈម​នឹង​បញ្ហា​ដែល​កើតឡើង​ដោយសារ​ការចាក់​វ៉ាក់សាំង អាច​ធំ​ជាង​ហានិភ័យ​នៃ​ការឆ្លង​វីរុស។ យោងតាម​ការវិភាគរ​បស់​ស្ថាប័ន​គ្រប់គ្រង បាន​បង្ហាញថា អត្រា​កកឈាម​ដ៏​កម្រ (និយាយ​រួម) បន្ទាប់ពី​ចាក់​វ៉ាក់សាំង AstraZeneca គឺ​ប្រមាណ 1/100,000នាក់, អត្រា​នេះ​កើនឡើង​ប្រហែល 1/60,000នាក់ ចំពោះ​មនុស្ស​វ័យ 30ឆ្នាំ។ អត្រា​ស្លាប់​ក្រោយ​ការចាក់​វ៉ាក់សាំង​នេះ និយាយ​រួម​គឺ ប្រហែល 2/1000,000នាក់ ខណៈ​វ័យ​ចាប់ពី 30 ដល់ 39 គឺ 4.5/1,000,000នាក់។

ទិន្នន័យ​របស់​រដ្ឋាភិបាល ដែល​បានប្រកាស​កាលពី​ថ្ងៃទី6 ខែឧសភា បានឱ្យដឹងថា គិត​មកដល់​អំឡុង​ពេលនេះ ប្រទេស​អង់គ្លេស រកឃើញ​ករណី​កកឈាម​ដ៏​កម្រ ចំនួន 242នាក់ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ដែល​នេះ​គឺ កើន 33ករណី បើ​ធៀប​នឹង​សប្ដាហ៍​មុន ក្នុងនោះ មាន 49នាក់​បាន​ស្លាប់។ 2/3 នៃ​អ្នក​ស្ថិតក្រោម​វ័យ 60ឆ្នាំ បាន​ជួប​ផលវិបាក បន្ទាប់ពី​បាន​ចាកក់​វ៉ាក់សាំង។

ការណែនាំ​ថ្មី​របស់​ប្រទេស​អង់គ្លេស ដែលថា ក្រុមមនុស្ស​ក្រោម​វ័យ 40ឆ្នាំ «កុំ​ចាក់​វ៉ាក់សាំង AstraZeneca» គឺជា​សម្ពាធ​មួយ​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​សាកលវិទ្យាល័យ Oxford និង​ដៃគូ​សហការ​របស់ខ្លួន គឺ​ក្រុមហ៊ុន AstraZeneca។ ប្រទេស​ដា​ណឺ​ម៉ាក កាលពី​ខែមេសា ឆ្នាំ2021 បាន​បញ្ឈប់​ការប្រើប្រាស់​វ៉ាក់សាំង AstraZeneca។ ចំណែក​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅ​អឺរ៉ុប ក៏បាន​កាត់បន្ថយ​ការចាក់​វ៉ាក់សាំង AstraZeneca សម្រាប់​យុវវ័យ ដោយសារ​ភ័ស្ដុតាង​នានា បង្ហាញថា បញ្ហា​កកឈាម ភាគច្រើន​កើតឡើង​នៅលើ​អ្នក​ដែលមាន​វ័យ​នៅ​ក្មេង។

ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Cambridge បាន​អះអាងថា ចំពោះ​មនុស្ស​ក្រោម​វ័យ 30ឆ្នាំ ហានិភ័យ​នៃ​ការឆ្លង​វីរុស​Covid-19 និង​ហានិភ័យ​ដែល​កើតឡើង​ដោយសារ​ការចាក់​វ៉ាក់សាំង​គឺ​ប្រហាក់ប្រហែលគ្នា អាស្រ័យ​លើ​អត្រា​នៃ​ការឆ្លង​នៅក្នុង​សហគមន៍ ក្នុងអំឡុងពេលនីមួយ។

អង់គ្លេស​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​បានធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ប្រកបដោយ​ប្រសិទ្ធភាព​ជាងគេ​ក្នុង​ពិភពលោក ដោយសារ​វ៉ាក់សាំង AstraZeneca។ បច្ចុប្បន្ន យុវវ័យ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​វីរុស​Covid-19 មាន​កម្រិត​ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង​មួយ​រយៈពេល​កន្លងទៅ៕

ប្រភព៖ Financial Times
ប្រែ​សម្រួល៖ បុត្រា

Advertisement