ចិន​ខណ្ឌ​ចែក​កំពូលភ្នំ​ Everest ដើម្បី​ទប់ស្កាត់ Covid-19

ប្រទេស​ចិន ខណ្ឌ​ចែក​កំពូលភ្នំ​អេ​វើ​រ៉េ​ស (Everest) ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ការចម្លង Covid-19 ពី​ក្រុម​អ្នក​ឡើង​ភ្នំ ដែល​មកពី​ប្រទេស​នេ​ប៉ាល់ មកឱ្យ​ប្រជាជន​នៅ​តំបន់​ទី​បេ (Tibet)។

មគ្គ​ទេសន៍​ដែល​នាំ​ផ្លូវ​ឡើង​ភ្នំ​មួយក្រុម​មកពី​តំបន់​ទី​បេ នឹង​ឡើងលើ​កំពូលភ្នំ អេ​វើ​រ៉េ​ស និង​ធ្វើការ​ខណ្ឌ​ចែក​តំបន់ ដើម្បី​ទប់ស្កាត់​សកម្មភាព​ជួបជុំ​រវាង​ក្រុម​អ្នក​ផ្សងព្រេង​របស់​ភាគី​មក​ពី​ប្រទេស​ចិន និង​ភាគី​មកពី​ប្រទេស​នេ​ប៉ាល់។ នេះ​បើតាម​សារព័ត៌មាន Xinhua ចុះផ្សាយ​កាលពី​ថ្ងៃទី9 ខែឧសភា ឆ្នាំ2021 ដោយ​ដកស្រង់​សម្ដី​របស់​ប្រធាន​មន្ទីរ​កីឡា​នៃ​តំបន់​ទី​បី។

Advertisement

ក្រុម​ខាងលើ​ដែលមាន​សមាជិក​ជា​ជន​ជាតិចិន​ចំនួន 21នាក់ កំពុងធ្វើដំណើរ​មកកាន់​កំពូលភ្នំ​អេ​វើ​រ៉េ​ស ដើម្បី​បំពេញបេសកកម្ម​នេះ។ ប៉ុន្តែ សារព័ត៌មាន​ចិន មិនបាន​អធិប្បាយ​អំពី​របៀប​ខណ្ឌ​ចែក ដែល​ក្រុម​នេះ​នឹងធ្វើ​នោះទេ។

ទីតាំង​បោះជំរំ​លើក​ពូ​ល​ភ្នំ​អេ​វើ​រ៉េ​ស នៅលើ​ទឹកដី​ប្រទេស​នេ​ប៉ាល់ ត្រូវ Covid-19 រាតត្បាត​ចាប់ពី​ចុងខែ​មេសា ឆ្នាំ2021 រហូតដល់​បច្ចុប្បន្ន។ រដ្ឋាភិបាល​នេ​ប៉ាល់ ដែលជា​ប្រទេស​ពឹងផ្អែក​ច្រើន​ទៅលើ​ចំណូល​ដែល​បានមកពី​វិស័យ​ទេសចរណ៍ នៅតែ​មិនទាន់​លុបចោល​រដូវ​ឡើង​ភ្នំ ដែល​ចាប់ផ្ដើម​ពី​ខែមេសា ដល់​ខែមិថុនា រៀងរាល់ឆ្នាំ មុនពេល​តំបន់​នេះ​ឈាន​ចូលដល់​រដូវ​វង្សា។

កំពូលភ្នំ​អេ​វើ​រ៉េ​ស ស្ថិតនៅ​កម្ពស់ 8,848ម៉ែត្រ គឺជា​តំបន់​ធ្លាក់​ព្រឹល​តូច​មួយ​ដែលមាន​ផ្ទៃដី អាចឱ្យ​អ្នក​ឡើង​ភ្នំ និង​អ្នក​នាំ​ផ្លូវ ឈរ​ក្នុងពេល​តែមួយ ត្រឹមតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។

ប្រទេស​ចិន បាន​ហាម​អ្នក​ឡើង​ភ្នំ​ទាំង​ដែលមាន​បំណង​ឡើងទៅ​កាន់​កំពូលភ្នំ​អេ​វើ​រ៉េ​ស ពី​ទឹកដី​នៃ​តំបន់​ទី​បេ របស់​ចិន ចាប់តាំងពី Covid-19 បាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន។ ទេសចរ​ដែល​មក​ទស្ស​នា​ទេសភាព​កំពូលភ្នំ​អេ​វើ​រ៉េ​ស ក៏ត្រូវ​បាន​ហាមឃាត់​ទៅកាន់​កន្លែង​បោះជំរំ​លើទឹក​ដី​ទី​បេ​ផងដែរ។

ប្រទេស​ចិន កាលពី​ថ្ងៃទី9 ខែឧសភា បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន 11ករណី នាំឱ្យ​តួលេខ​អ្នក​វិជ្ជមាន​សរុប​ឡើងដល់ 90,796នាក់ ក្នុងនោះ​មាន 4,637នាក់​បាន​ស្លាប់។ ចំណែក​ប្រទេស​នេ​ប៉ាល់ កាលពី​ថ្ងៃទី9 ខែឧសភា ក៏បាន​ប្រកាសថា រកឃើញ​អ្នក​វិជ្ជមាន​ថ្មី ចំនួន 8,777នាក់ ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ​កើនឡើង​ដល់​ជាង 394,000នាក់ ក្នុងនោះ​មាន 3,720នាក់​បាន​បាត់​បង់ជីវិត៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement