សហរដ្ឋអាមេរិក «មើលឃើញ​ពន្លឺ​នៅ​ខាងចុង​ផ្លូវ​រូង​របស់ Covid-19 រួចហើយ!

សហរដ្ឋអាមេរិក កំពុង​ឈរ​នៅ​ចំពោះមុខ​របត់​ថ្មី​មួយ​ដ៏​ធំ នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង Covid-19 នៅពេលដែល​ចំនួន​អ្នក​វិជ្ជមាន​ថ្មី និង​អ្នក​ចូល​ពេទ្យ បាន​ថយចុះ​យ៉ាងច្រើន ដែល​នេះ​ត្រូវបាន​គេ​ជឿថា​ជា ជោគជ័យ​បានមកពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង។

«យើង​កំពុង​កែប្រែ​ស្ថានការណ៍» Jeffrey Zients អ្នកសម្របសម្រួល​ចំពោះ​កិច្ចការ​ប្រឆាំងនឹង Covid-19 របស់​សេត​វិមាន បាន​និយាយ​ដូច្នេះ។

ដោយសារ​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ដល់​មនុស្សពេញវ័យ​បាន​ចំនួន 58% និង​ប្រហែល 113លាន​នាក់ (34%) បាន​ចាក់​រួចរាល់ សហរដ្ឋអាមេរិក កំពុងស្ថិត​ក្នុង​ផ្លូវ​ទៅរក​គោលដៅ ដែល​ប្រធានាធិបតី Joe Biden បានកំណត់ ក្នុង​នោះបាន​ចែងថា ពលរដ្ឋ​ចំនួន 70% នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ឱ្យបាន​មុន​ថ្ងៃទី4 ខែកក្កដា ឆ្នាំ2021។

«យើង​គិតថា គ្រប់គ្នា​សុទ្ធតែ​ហត់នឿយ ហើយ​ការពាក់​ម៉ាស អាចជា​ប្រការ​ដ៏​រំខាន។ ប៉ុន្តែ យើង​កំពុងធ្វើដំណើរ​ជិត​ដល់​គោលដៅ ហើយ​ពន្លឺ​នៅខាងមុខ ក៏​កាន់តែច្បាស់ឡើងៗហើយ​ដែរ» Zients ថ្លែង​ដូច្នេះ។

លោក​ Anthony Fauci អ្នកជំនាញលំដាប់កំពូលខាងរោគឆ្លងរបស់សហរដ្ឋអាមេរិក

Anthony Fauci ដែលជា​អ្នកជំនាញ​លំដាប់​កំពូល​ខាង​រោគ​ឆ្លង​របស់​សហរដ្ឋអាមេរិក ក៏បាន​លើកឡើង​ស្រដៀង​នេះដែរ។ លោក​និយាយថា ដល់​ពេលដែល​ត្រូវ​បន្ធូរបន្ថយ​វិធានការ​ទាក់​ស្កាត់ Covid-19 និង​អនុញ្ញាតឱ្យ​ជនជាតិ​អាមេរិកាំង ទទួល​បទពិសោធន៍​ល្អ​ដែល​បានមកពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង។

«យើង​ត្រូវការ​ចាប់ផ្ដើម​សេរីភាព​ច្រើនជាង​មុន នៅពេល​ដែលមាន​ពលរ​ដ្ឋ​កាន់តែច្រើន បានទទួល​ការចាក់​វ៉ាក់សាំង» លោក Anthony Fauci ថ្លែង​បែបនេះ។ ប៉ុន្តែ លោក​ក៏បាន​បញ្ជាក់ថា សង្គ្រាម​នេះ​នៅតែ​ត្រូវធ្វើ​បន្ត ដើម្បី​សម្រេចបាន​គោលដៅ ព្រោះថា ប្រការនេះ​មានន័យថា «វីរុស​នឹង​លែងមាន​កន្លែង​សម្រាប់​ជ្រោក​កោន»។

ក្រុមមន្ត្រី​រដ្ឋាភិបាល និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក មាន​មូលដ្ឋាន​ដែល​អាចឱ្យ​ពួកគេ​មាន​ក្ដីសង្ឃឹម​ក្នុងការ​រួចផុត​ពី​មហា​រោគរាតត្បាត ដោយសារ​ការចាក់​វ៉ាក់សាំង។ តួលេខ​នៃ​ករណី​វិជ្ជមាន​ថ្មី​ប្រចាំថ្ងៃ​នៅ​សហរដ្ឋអាមេរិក គិត​ជា​មធ្យម​ក្នុង​រយៈពេល 7ថ្ងៃ ដោយ​គិត​ត្រឹម​ថ្ងៃទី8 ខែឧសភា មាន​ចំនួន 42,000នាក់ ថយចុះ​ច្រើន​បើ​ធៀប​នឹង 260,000នាក់ កាលពី​ខែមករា។ អត្រា​នៃ​ករណី​ចូល​ពេទ្យ ជា​មធ្យម ក្នុង​រយៈពេល 7ថ្ងៃ គិតដល់​ថ្ងៃទី7 ខែឧសភា គឺ​ជាង 39,300នាក់ ថយចុះ​ជាង 70% បើ​ធៀប​នឹង 137,600 កាលពីដើម​ខែមករា។ ចំណេ​ក​អត្រា​នៃ​ការស្លាប់ ក៏បាន​ថយចុះ​ច្រើន ពោលគឺ ជា​មធ្យម ក្នុង​រយៈពេល 7ថ្ងៃ គិត​ត្រឹម​ថ្ងៃទី8 ខែឧសភា គឺមាន 675ករណី ថយចុះ​ជិត 80% បើ​ធៀប​នឹង​មធ្យមភាគ 3,352ករណី កាលពី​ពាក់កណ្ដាល​ខែមករា។

លើ​រថយន្ត​ក៏​អាច​ចាក់វ៉ាក់សាំង​បាន​ដែរ​

ក្រុម​អ្នកជំនាញ បាន​អះអាងថា លទ្ធផល​ដ៏​ល្អ​នេះ​គឺ​បានមកពី​ជោគជ័យ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ជូន​ពលរដ្ឋ​ជាង 257លាន​ដូ​ស ឈរ​លំដាប់​ទី​ពីរ បើ​ធៀប​នឹង 318លាន​ដូ​ស​របស់​ប្រទេស​ចិន (យោងតាម​ទិន្នន័យ​របស់ Our World in Data)។ សហរដ្ឋអាមេរិក ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន 5 ដែល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​យ៉ាងតិច1ដូ​ស បាន​ច្រើនជាងគេ​ផងដែរ រួមមាន ប្រទេស​ទាំង​ដែន​កោះ ស៊ី​សែ​ល (Seychelles), ប្រទេស​អ៊ីស្រាអែល, អង់គ្លេស, និង​ប្រទេស​បា​រ៉ែ​ន។ សហរដ្ឋ​អាមេរិក ជា​ប្រទេស​ឈរ​លំដាប់​ទី 4 ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​រួចរាល់​បាន​ច្រើនជាងគេ បន្ទាប់​ពី​ប្រទេស​​ស៊ី​សែ​ល (60.7%), ប្រទេស​អ៊ីស្រាអែល (58.6%) និង​ប្រទេស​ស៊ី​លី (37%)។

ក្រុម​អ្នកជំនាញ​ក៏បាន​បញ្ជាក់ថា ការអនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បាន​លឿន និង​ប្រសិទ្ធភាព ក៏​អាស្រ័យទៅលើ​ប្រសិទ្ធភាព​របស់​ប្រភេទ​វ៉ាក់សាំង​ផងដែរ។ វ៉ាក់សាំង​ចំនួន 3ប្រភេទ ដែល​ត្រូវបាន​សហរដ្ឋអាមេរិក​អនុម័ត​ឱ្យប្រើ​ប្រាស់ រួមមាន Pfizer, Moderna និង Johnson & Johnson។ យោងតាម​ទស្សនាវដ្ដី Yale Medicine វ៉ាក់សាំង​ទាំងនេះ មាន​ប្រសិទ្ធភាព​ខ្ពស់៕

ប្រភព​៖ Guardian, NYTimes, WSJ, AP
ប្រែសម្រួល​៖ បុត្រា

Advertisement