ត្រូវ​ចាក់​វ៉ាក់សាំង Covid-19 «ច្រឡំ» រហូតដល់ 6ដូ​ស នារី​ម្នា​ក់នៅ​អ៊ីតាលី ត្រូវ​ចូល​ពេទ្យ

នាង Claudia Alivernini គឺជាមនុស្សម្នាក់ក្នុងចំណោមពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំង Covid-19 របស់ Pfizer/BioNTech ដំបូងគេ នៅប្រទេសអ៊ីតាលី កាលពីខែធ្នូ ឆ្នាំ2020។

អ៊ីតាលី៖ នារី​វ័យ23ឆ្នាំ​ម្នាក់ ត្រូវ​ចូល​តាមដាន​សុខភាព​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់ Tuscany បន្ទាប់ពី​ត្រូវបាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់ Pfizer រហូតដល់ 6ដូ​ស ព្រោះតែ​ការច្រឡំ។

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅឯ​មន្ទីរពេទ្យ​មួយ​នៅក្នុង​តំបន់ Tuscany ភាគ​កណ្ដាល​នៃ​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី9 ខែឧសភា នៅពេលដែល​គិលានុបដ្ឋាក បាន​ចាក់​វ៉ាក់សាំង​អស់​មួយ​ម្ជុល ដែល​ស្មើនឹង 6ដូ​ស ទៅឱ្យ​នារី​ម្នាក់​ដែលមាន​អាយុ 23ឆ្នាំ។ បច្ចុប្បន្ន សុខភាព​អ្នកជំងឺ កំពុងស្ថិត​ក្នុងស្ថានភាព​ល្អ បន្ទាប់ពី​បាន​បញ្ចូល​សេរ៉ូម និង​លេបថ្នាំ paracetamol។

អត្តសញ្ញាណ​របស់​នារី​រងគ្រោះ រួម​នឹង​មន្ទីរពេទ្យ​ខាងលើ មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ ហេតុ​ការណ៍​​នេះ​ត្រូវបាន​រាយការណ៍​ដល់​ស្ថាប័ន​គ្រប់គ្រង​ឱសថ​របស់​ប្រទេស​អ៊ីតាលី រួចហើយ។

សារព័ត៌មាន​អ៊ីតាលី បានឱ្យដឹងថា ការពិសោធ​នានា​ទៅលើ​ការចាក់​វ៉ាក់សាំង Covid-19 លើស​ចំណុះ​កន្លងមក ត្រូវបាន​គេ​ធ្វើឡើង​ត្រឹមតែ 4ដូ​ស​ប៉ុណ្ណោះ ក្នុង​នោះបាន​បង្ហាញថា ពុំមាន​ផលវិបាក​ប្រកបដោយ​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ដល់​អ្នក​ត្រូវបាន​ចាក់​នោះទេ។ គិត​មកដល់​បច្ចុប្បន្ន ករណី​ចាក់​លើស​ចំណុះ បានកើត​ឡើង​នៅក្នុង​ប្រទេស​មួយចំនួន ក្នុងនោះ​មាន សហរដ្ឋអាមេរិក, អូស្ត្រាលី, អាល្លឺម៉ង់ និង​អ៊ីស្រាអែល​ផងដែរ៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement