ក្រុមហ៊ុន NOVAVAX អភិវឌ្ឍ​វ៉ាក់សាំង​មួយ​ប្រភេទ ដែល​អាច​ទប់ស្កាត់​ទាំង​វីរុស​COVID-19 ទាំង​វីរុស​គ្រុន​​ផ្ដាសាយ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Novavax របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី10 ខែឧសភា បានឱ្យដឹងថា ការពិសោធ​វ៉ាក់សាំង​បង្ការ​ទាំង​វីរុស​Covid-19 ទាំង​វីរុស​ផ្ដាសាយ នៅលើ​សត្វ បានទទួល​លទ្ធផល​ល្អ។

យោងតាម​ក្រុមហ៊ុន Novavax ការស្រាវជ្រាវ​ខាងលើ​បង្ហាញថា វ៉ាក់សាំង​ប្រភេទ​រួមផ្សំ​នេះ បង្កើត​អង្គ​ប​ដិ​ប្រាណ​ខ្លាំងក្លា អាច​ទប់ស្កាត់​ការឆ្លង​វីរុស​ទាំងពីរ​ប្រភេទ​ដែល​បាន​និយាយ​ខាងដើម នៅពេល​អ្នកវិទ្យាសាស្ត្រ​ពិសោធ​នៅលើ​កណ្ដុរ និង​កញ្ជ្រោង។

មន្ត្រីជាន់ខ្ពស់​ម្នាក់​រប​ស់ Novavax យល់ថា ក្នុង​វិបត្តិ Covid-19 បើទោះជា​អត្រា​នៃ​ការឆ្លង​វីរុស​ផ្ដាសាយ​មាន​កម្រិត​ទាប ប៉ុន្តែ​នេះ​នៅតែ​ជា​ហានិភ័យ​គួរឱ្យ​បារម្ភ សម្រាប់​ប្រព័ន្ធ​សុខាភិបាល​ពិភពលោក និង​តម្រូវការ​ស្ដីពី​វ៉ាក់សាំង​ដែល​មាន​​ប្រសិទ្ធ​ភាព​​ខ្ពស់​ជាង ​អាច​បង្ការ​វីរុស​ច្រើន​ប្រភេទ ក្នុងនោះ​មាន​វីរុស​ផ្ដាសាយ​ផងដែរ គឺជា​ប្រការ​សំខាន់​ជាងពេលណាៗទាំងអស់។

វ៉ាក់សាំង​ដែល​កំពុង​ត្រូវបាន​ក្រុម​ហ៊ុន​ Novavax អភិវឌ្ឍ​នេះ​គឺជា​ប្រភេទ​វ៉ាក់សាំង​ដែល​រួមផ្សំ​រវាង​វ៉ាក់សាំង​បង្ការ​វីរុស​ផ្ដាសាយ NanoFlu និង​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19។ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ចាក់​វ៉ាក់សាំង​នេះ​ទៅលើ​សត្វ​កណ្ដុរ ហើយ​​ក្រោយ​មក​ ឱ្យ​ពួកវា​ប៉ះពាល់ Covid-19។ លទ្ធផល​បាន​បង្ហាញថា កណ្ដុរ​ទាំងនេះ​នៅតែ​រក្សាបាន​នូវ​ទម្ងន់​ដើម​របស់​ពួកវា បើ​ធៀប​នឹង​កណ្ដុរ​ដែល​ត្រូវបាន​ចាក់​ថ្នាំ placebo (ថ្នាំ​ដែល​មិនមាន​សារធាតុ​សកម្ម)។ ពេល​ពិនិត្យ​សំណាក​សួត​របស់​សត្វ​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ពួកវា​មិនបាន​ឆ្លង Covid-19 ឡើយ។

Novavax អះអាងថា វ៉ាក់សាំង​ទប់ស្កាត់ Covid-19 ឈ្មោះ NVX-CoV2373 របស់​ពួកគេ មាន​ប្រសិទ្ធភាព 100% ក្នុងការ​ទប់ស្កាត់​មិនឱ្យ​មាន​ករណី​ឈឺ​ធ្ងន់ ក្នុងដំណាក់កាល​ទី​បី​នៃ​ការពិសោធ​លើ​មនុស្ស​នៅ​អង់គ្លេស និង​មាន​ប្រសិទ្ធភាព​ទូទៅ​ក្នុង​កម្រិត 89.7%។ ចំណែក NanoFlu វិញ​គឺជា​វ៉ាក់សាំង​បង្ការ​វីរុស​ផ្ដាសាយ ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Novavax ដូចគ្នា។ វ៉ាក់សាំង​ទាំងពីរ​នេះ សុទ្ធតែ​កំពុង​ត្រូវបាន​ពិសោធ​ដាច់ដោយឡែក នៅលើ​មនុស្ស ក្នុងដំណាក់កាល​ចុងក្រោយ និង​មិនទាន់​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​នៅឡើយ៕

ប្រភព​៖ AFP, France24
ប្រែសម្រួល​៖ បុត្រា

Advertisement