(វីដេអូ)-សាសនិក​អ៊ីស្លាម​រាប់ពាន់នាក់ ប្រជ្រៀត​គ្នា ដង្ហែ​សព​អាចារ្យ​​ដ៏​ល្បី​ឈ្មោះ​​មួយ​រូប នៅ​​ឥណ្ឌា ដោយ​មិន​ខ្ចី​អើពើ​ដល់ COVID-19!

បើទោះជា Covid-19 កំពុងតែ​រាតត្បាត​យ៉ាងខ្លាំង​ក្លា និង​យ៉ាង​ស្មុគស្មាញ​ក៏ដោយ ក៏​ក្រុម​ពលរដ្ឋ​នៅ​ប្រទេស​ឥណ្ឌា ចំនួន​រាប់ពាន់នាក់ នៅតែ​ទៅ​ចូលរួម​ពិធី​បុណ្យសព​របស់​អាចា​រ្យ​មួយរូប​នៃ​ប្រទេស​នេះ។

ប៉ូលិស​ស្រុក Budaun នៃ​រដ្ឋ Uttar Pradesh បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ​ដើម្បី​ស៊ើបអង្កេត​ករណី​មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្ដុំ​គ្នា​នៅលើ​ដងផ្លូវ កាលពី​ថ្ងៃអាទិត្យ (9/ឧសភា) ដើម្បី​ធ្វើ​ពិធី​បុណ្យសព​ជូន​អាចារ្យ Abdul Hamid Mohammad Salimul Qadri ដែល​នេះ បាន​រំលោភ​លើ​វិធានការ​ទប់ស្កាត់ Covid-19 របស់​ប្រទេស​ឥណ្ឌា។

វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម បានបង្ហាញ​ឱ្យឃើញថា អ្នកចូលរួម​ពិធីបុណ្យ​សព​នេះ ភាគច្រើន​មិនបាន​ពាក់​ម៉ាស​នោះទេ។ នៅពេល​មើល​ពីលើ​អាកាស ហ្វូងមនុស្ស​ប្រជ្រៀត​គ្នា ហើយ​ហាក់​មិនមាន​បរិយាកាស​ដែល​អាច​ដកដង្ហើម​បាន​ស្រួល។

មន្ត្រីនគរបាល​មួយរូប ដែល​ស្ថិតក្នុង​ក្រុម​ស៊ើបអង្កេត បាន​និយាយថា៖ «ហ្វូងមនុស្ស​រាប់ពាន់នាក់ បាន​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ក្នុង​តំបន់ Budaun។ មនុស្ស​ជាច្រើន មិនបាន​ពាក់​ម៉ាស»។

ពលរដ្ឋ​ម្នាក់​នៅក្នុង​តំបន់​ខាងលើ បាន​និយាយថា៖ «សមត្ថកិច្ច​ក្នុង​តំបន់ មិនបាន​ដាក់​របង​រាំងខ្ទប់​នោះទេ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ បើសិនជា​មានការ​គ្រប់គ្រង​បានល្អ និង​ទាន់ពេល នោះ​ហេតុការណ៍​នេះ​នឹង​មិនអាច​កើតឡើង​បានឡើយ»។

យោងតាម​សារព័ត៌មាន The Print (ឥណ្ឌា) Qadri ដែលជា​អាចារ្យ​មួយរូប​ដ៏​ល្បីឈ្មោះ​ប្រចាំ​តំបន់ Budaun បានទទួល​មរណភាព​កាលពី​ព្រឹក​ថ្ងៃទី6 ខែឧសភា បន្ទាប់ពី​បាន​ព្យាបាល​ជំងឺ​អស់​មួយ​រយៈពេល​យូរ។ មុនពេល​ពិធី​បុណ្យសព​ត្រូវបាន​ធ្វើឡើង សាកសព​របស់លោក​ត្រូវបាន​តម្កល់​នៅក្នុង​វិហារ​អ៊ីស្លាម​មួយកន្លែង។ ក្រោយពី​មាន​ដំណឹង​ស្ដីពី​មរណភាព​នេះ អ៊ីស្លាម​សាសនិក​ពី​តំបន់​ជាច្រើន​របស់ Budaun និង​តំបន់​ក្បែរ​ខាង បាននាំគ្នា​មក​ចូលរួម​ជូន​ដំណើរ​ជា​លើកចុងក្រោយ។

មន្ត្រី​ស៊ើបអង្កេត​នៃ​ក្រុម​ស្រាវជ្រាវ​របស់​ប៉ូលិស​ឥណ្ឌា បានឱ្យដឹងថា បច្ចុប្បន្ន ក្រុម​ស្រាវជ្រាវ «កំពុង​ពិនិត្យមើល​វីដេអូ​បង្ហាញ​ពី​ពិធី​បុណ្យសព ដើម្បី​កំណត់​អត្តសញ្ញាណ​ក្រុមមនុស្ស​ដែល​បាន​ចូលរួម»។

តួលេខ​អ្នក​វិជ្ជមាន​នឹង Covid-19 នៅក្នុង​រដ្ឋ Uttar Pradesh បាន​ថយចុះ​ក្នុងអំឡុង​ច្រើន​ថ្ងៃ​ចុង​ក្រោយនេះ ប៉ុន្តែ នៅតែមាន​កម្រិត​ខ្ពស់ ពោលគឺ​ជាង 20,000នាក់ ក្នុង​មួយថ្ងៃ។ ទូទាំងប្រទេស​ឥណ្ឌា បច្ចុប្បន្ន មាន​អ្នក​វិជ្ជមាន​នឹង​វីរុស​នេះ សរុប​ចំនួន 23,340,426នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 254,225នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល មាន​ចំនួន 3,709,551នាក់៕

ប្រភព​៖ The Print
ប្រែសម្រួល​៖ បុត្រា

Advertisement