វិធី​ញ៉ាំ​អាហារ​យ៉ាង​ឆ្លាត​វៃ ទទួលបាន​គុណប្រយោជន៍ និង​មិន​ឆ្អែត​ជ្រុល

ការចង់​មាន​រូបរាង​ស្អាត ធ្វើឱ្យ​មនុស្ស​ជាច្រើន​ប្រយ័ត្នប្រយែង​ជាពិសេស​ក្នុងការ​ទទួលទាន​អាហារ តែបើ​សិន​នៅក្នុង​រាត្រី​ជប់លៀង ដែល​អាច​ភ្លេចខ្លួន​ញ៉ាំ​ច្រើន រហូត​លើស​កំណត់​នោះ សូមកុំ​បាច់​បារម្ភ​អី យើង​មាន​អាហារ​ណែនាំ ទាំង​ទទួលបាន​គុណប្រយោជន៍ ទាំង​ឆ្អែត​ពោះ​ជាមួយគ្នា​ផង មក​ជម្រាបជូន។

ញ៉ាំ​ទឹកក្រូច​ស្រស់​ច្របាច់ មាន​វិ​តា​មីន ដែល​ជួយ​ក្នុងការ​បឺត​ជញ្ជក់​សារធាតុ​អាហារសំខាន់ៗ បើ​ទទួលទាន​បែប​ផ្លែស្រស់ៗវិញ នឹងមាន​កាក​សរសៃ​អាហារ​ធម្មជាតិ ជួយ​គ្រប់គ្រង​ទម្ងន់​ខ្លួន ព្រោះ​នឹងធ្វើ​ឱ្យមាន​អារម្មណ៍​ថា ឆាប់​ឆ្អែត។

ទទួលទាន​អាហារ ពពួក​ធញ្ញជាតិ អាច​ទទួលទាន​នៅពេល​ព្រឹក(បើ​គ្មាន​ពេល​ញ៉ាំ​បាយ) ធញ្ញជាតិ​ទាំងអស់នេះ​សម្បូរ​ទៅដោយ​កាក​សរសៃ វីតាមីន និង​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរីផ្សេងៗ ប្រព័ន្ធ​រំលាយ​អាហារ នឹង​រំលាយយឺតៗចូលទៅក្នុង​រាងកាយ ធ្វើឱ្យមាន​អារម្មណ៍​ថា​ឆ្អែត​ពោះ​បានយូរ។

ទំពា​អាហារយឺតៗ  ព្រោះ​ការទទួល​ទាន​អាហារលឿនៗ នឹងធ្វើ​ឱ្យ​យើង​ញ៉ាំ​អាហារ​លើស​កំណត់ដោយ​មិនដឹង​ខ្លួន​បាន ក្រៅពីនេះ គួរ​ចៀសវាង​ការទទួល​ទាន​អាហារ​ក្រោយ​ម៉ោង 6ល្ងាច ឬ​ពេល​កណ្តាលយប់។

ញ៉ាំ​បន្លែ-ផ្លែឈើ  ព្រោះ​បន្លែ​នឹង​ផ្តល់នូវ​ថាមពល​តិច តែ​ផ្តល់នូវ​សារធាតុ​អាហារ​ច្រើន ចំណែក​ផ្លែឈើ ចូរ​ជ្រើសរើស​ញ៉ាំ​ផ្លែឈើ​ណា ដែល​ផ្តល់​ថាមពល​ទាប ដូចជា ផ្លែ​ត្របែក ស្វាយ ជម្ពូ ឪឡឹក ឃែ​នតា​ឡូ​ប និង​ចៀសវាង​ផ្លែឈើ​ណា​ដែល​ផ្អែម​ខ្លាំង។

ធ្វើ​ចលនា​រាងកាយ ក្រោយពេល​ឈប់​ធ្វើការ លោកអ្នក​អាច​បញ្ចេញ​ញើស ដោយ​ការ​ដើរលេង ឬ​រត់ បើសិន​ជាមាន​ពេល អាច​លេង​កីឡា​ណា ដែល​ចូលចិត្ត ប្រមាណ​ជា​កន្លះ​ម៉ោង ទៅ 1ម៉ោង​ក៏បាន។

ហើយ​បើសិន​ថ្ងៃ​ណា ភ្លេចខ្លួន​ញ៉ាំ​ច្រើន​ជ្រុល​នោះ អាច​កាត់បន្ថយ​មកវិញ ដោយ​បរិមាណ​អាហារ​ឱ្យ​តិចជាង​សព្វដង​នៅ​ថ្ងៃ​បន្ទាប់  តែ​កុំ​អត់​អាហារ ព្រោះ​វា​អាចធ្វើឱ្យ​ញ៉ាំ​ច្រើន​លើស​ដើម​នៅពេល​ក្រោយ។ កំណត់​បរិមាណ និង​កាល់​ឡូរី រួមទាំង​ការហាត់​ប្រាណ​ផង ព្រោះ​ទាំងអស់នេះ សុទ្ធតែ​ជួយ​ឱ្យ​មិន​ធាត់​បាន​ទាំងអស់៕

Advertisement