COVID-19! បុគ្គលិក​សុខាភិបាល​ជាង 115,000នាក់​បាន​ស្លាប់ ខណៈ WHO ចង់ឱ្យ​ពិភពលោក​ចាក់​វ៉ាក់សាំង​បាន 10% ត្រឹម​ខែកញ្ញា ឆ្នាំ​2021

ប្រធានអង្គការសុខភាពពិភពលោក (WHO) Tedros Adhanom Ghebreyesus

បុគ្គលិក​សុខាភិបាល និង​គិលានុបដ្ឋាក​គឺជា «ក្រុម​ប្រយុទ្ធ​ជួរមុខ» នៅក្នុង​សង្គ្រាម​ប្រឆាំង Covid-19 ហើយ​នៅ​ទូទាំង​ពិភពលោក ក្នុងចំណោម​ពួកគេ គឺ មាន​យ៉ាងតិច 115,000នាក់​បាន​ស្លាប់​ដោយសារ Covid-19។

គិត​មកដល់​បច្ចុប្បន្ន ពិភពលោក មាន​មនុស្ស​ចំនួន 167,974,466នាក់ បាន​ឆ្លង Covid-19 ក្នុងនោះ​មាន 3,486,863នាក់ បាន​ស្លាប់ និង149,289,439នាក់ បានជា​សះស្បើយ ខណៈ 15,198,164នាក់ កំពុង​ទទួល​ការព្យាបាល។ នេះ​បើតាម​គេហទំព័រ Worldometers។

«ជិត18ខែ​កន្លងទៅ ក្រុម​បុគ្គលិក​សុខាភិបាល និង​គិលានុបដ្ឋាក នៅ​ទូទាំង​ពិភពលោក បាន​ឈរ​នៅ​ចំពោះមុខ​ព្រំដែន​រវាង​ការស្លាប់ និង​រស់។ ពួកគេ​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់មិនអស់ និង​ប្រយុទ្ធ​ដើម្បី​អ្នកដទៃ។ បើទោះជា​បាន​ខំប្រឹង​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត ពួកគេ​មួយចំនួន ក៏បាន​ដួល» ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) Tedros Adhanom Ghebreyesus ថ្លែង​នៅក្នុង​ការបើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​សុខាភិបាល​ពិភពលោក (WHA) កាលពី​ថ្ងៃទី24 ខែឧសភា។

លោក​បន្តថា៖ «ជាច្រើន​នាក់​បាន​ឆ្លង​វីរុស​Covid-19។ របាយការណ៍​នៅមាន​តិចតួច ប៉ុន្តែ យើង​គណនា​ឃើញថា បុគ្គលិក​សុខាភិបាល និង​គិលានុបដ្ឋាក​យ៉ាងតិច 115,000នាក់ បាន​បាត់​បង់ជីវិត នៅពេល​ព្យាបាល​ជូន​អ្នកដទៃ»។

បុគ្គលិក​សុខាភិបាល និង​គិលានុបដ្ឋាក​យ៉ាងតិច 115,000នាក់ បាន​បាត់​បង់ជីវិត

យោងតាម​ប្រធាន​អង្គការ WHO ចាប់តាំងពី​វិបត្តិ​សុខភាព​កើតឡើង បុគ្គលិក​សុខាភិបាល​ជាច្រើន មាន​អារម្មណ៍​ថា «អស់សង្ឃឹម អសមត្ថភាព និង​មិន​ត្រូវបាន​ការពារ ដោយសារ​ខ្វះ​ឧបករណ៍ ឬ​សម្ភារ​ការពារ​ខ្លួន និង​ខ្វះ​វ៉ាក់សាំង»។ លោក Tedros ក៏បាន​អធិប្បាយ​អំពី​វិសមភាព​ជារួម​នៅក្នុង​ការប្រើប្រាស់​វ៉ាក់សាំង និង​ព្រមាន​ថា បញ្ហា​នេះ​កំពុង «អូសបន្លាយ​មហា​រោគរាតត្បាត»។ វ៉ាក់សាំង​ប្រឆាំង Covid-19 ជាង 75% កំពុងស្ថិត​នៅក្នុង​ប្រទេស​ចំនួន 10 តែប៉ុណ្ណោះ។

លោក Tedros ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ដែល​កំពុង​រក្សាទុក​វ៉ាក់សាំង​ដ៏​ច្រើន ចូលរួម​ចែករំលែក និង​សហការ​បន្ថែមទៀត ដើម្បី​បង្កើន​ការផលិត ក៏ដូចជា​បែងចែក​វ៉ាក់សាំង​ឱ្យបាន​ស្មើភាព​គ្នា។

«ថ្ងៃនេះ ខ្ញុំ​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក គាំទ្រ​ដល់​ការជំរុញ​ដ៏​ធំ​មួយ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ឱ្យបាន​យ៉ាងតិច 10% នៅ​គ្រប់​ប្រទេស ត្រឹម​ខែកញ្ញា​ខាងមុខ» ប្រធាន WHO ថ្លែង​ដូច្នេះ៕

ប្រភព៖ AFP, Worldometers
ប្រែ​សម្រួល៖ បុត្រា

Advertisement