COVID-19! ជិត 200នាក់​លោត​ចូល​ទន្លេ​ដើម្បី​គេច​ពី​វ៉ាក់សាំង៖ ឥណ្ឌា​ព​ន្លឿ​ន​ការយល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស

ពលរដ្ឋ​ជិត 200នាក់ នៅក្នុង​រដ្ឋ Uttar Pradesh នៃ​ប្រទេស​​ ឥណ្ឌា បាននាំគ្នា​រត់​ពួន ក្នុងនោះ​មាន​អ្នកខ្លះ​លោត​ចូល​ទឹកទន្លេ នៅពេល​ក្រុមមន្ត្រី​សុខាភិបាល​មកចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19។

ដើម្បី​អាច​គ្រប់គ្រង​បញ្ហា​ឆ្លង Covid-19 អាជ្ញាធរ​រដ្ឋ​ឥណ្ឌា បាន​អំពាវនាវ​ជា​បន្តបន្ទាប់ ឱ្យ​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ចាប់ពី​ថ្ងៃទី1 ខែឧសភា ឆ្នាំ2021។

Advertisement

ប៉ុន្តែ យោងតាម​សារព័ត៌មាន Sputnik កាលពី​ចុង​សប្ដាហ៍​កន្លង នៅក្នុង​ភូមិ Sisaunda (រដ្ឋ Uttar Pradesh) មាន​ហេតុការណ៍​ដ៏​ធំ​មួយ​បាន​កើតឡើង នៅពេល​ប្រជាជន​ជិត 200នាក់ បាន​រត់​ចេញពី​ផ្ទះសម្បែង ហើយ​មាន​អ្នកខ្លះ​ថែមទាំង​លោត​ចូល​ទឹកទន្លេ​ទៀតផង នៅពេល​ក្រុម​បុគ្គលិក​សុខាភិបាល​មកចាក់​វ៉ាក់សាំង។ មូលហេតុ​ដែល​ត្រូវបាន​ពលរដ្ឋ​ទាំងនោះ​លើកឡើង នោះ​គឺថា ពួកគេ​មិន​ចង់​ត្រូវគេ​ចាក់ «សារធាតុពុល» ចូលក្នុង​ខ្លួន ដែល​នេះ​គឺ​សំដៅលើ​វ៉ាក់សាំង​បង្ការ Covid-19។

ក្រុម​ប្រជាពលរដ្ឋនៅក្នុង​ភូមិ Sisaunda បានស្នើ​ឱ្យ​ក្រុម​បុគ្គលិក​សុខាភិបាល ចាក​ចេញពី​ភូមិ​របស់​ពួកគេ។ ក្រុម​បុគ្គលិក​សុខាភិបាល បាននាំគ្នា​ពន្យល់ ណែនាំ និង​បញ្ចុះបញ្ចូល ប៉ុន្តែ​ប្រការនេះ​បានធ្វើ​ឱ្យមាន​បញ្ហា​ច្របូកច្របល់។ ពលរដ្ឋ​ជាច្រើន​នាំគ្នា​រត់គេច និង​លោត​ចូល​ទន្លេ Sarayu ដែល​នៅក្បែរ​ភូមិ ក្នុង​បំណង​គេច​ពី​ការចាក់​វ៉ាក់សាំង។

ភូមិ Sisaunda នៃ​ទីរួមស្រុក Ramngar ក្នុងស្រុក Sisaunda បច្ចុប្បន្ន​មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ 1,700នាក់ ដែល​ភាគច្រើន​មិនចេះ​អក្សរ។ ពួកគេ​មានការ​សង្ស័យ​លើ​ការចាក់​វ៉ាក់សាំង។ មន្ត្រី​មួយរូប​ប្រចាំ​តំបន់ Ramnagar បាន​ប្រាប់​ទី​ភ្នាក់​ងារ​​សារព័ត៌មាន Sputnik កាលពី​ថ្ងៃទី24 ខែឧសភា​ថា៖ «យើង​មិនអាច​ចាប់ខ្លួន ឬ​ឃុំខ្លួន​ពួកគេ ព្រោះតែ​ការខ្លាច​វ៉ាក់សាំង។ យើង​នឹង​បង្កើន​ការអប់រំ ដើម្បីឱ្យ​មានការ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង»។

បច្ចុប្បន្ន ឥណ្ឌា​ មាន​អ្នក​ស្លាប់​​ជាង​ 307,240​នាក់​ ដោយ​សារ​ Covid-19

Gulshan Kumar ដែលជា​និស្សិត​មួយរូប​កំពុង​សិក្សា​ផ្នែក​ចក្ខុវិញ្ញាណ​នៅ Ramnagar និយាយថា ក្នុងភូមិ​ខាងលើ មិនទាន់មាន​ករណី​ឆ្លង Covid-19 ណាមួយ​នៅឡើយ។ «ពលរដ្ឋ​យល់ថា មានតែ​អ្នក​បាន​ឆ្លង​វីរុស​ប៉ុណ្ណោះ ទើប​គួរ​ត្រូវ​ចាក់​វ៉ាក់សាំង។ អ្នកភូមិ​មិន​យល់​សោះ​ថា ហេតុអ្វី​បុគ្គល​មិន​ឆ្លង​ក៏ត្រូវ​ចាក់​វ៉ាក់សាំង»។

ទន្ទឹមនឹងនេះ ព័ត៌មាន​ដែល​និយាយ​ពី​មាត់​មួយ ទៅ​មាត់​មួយ នៅក្នុង​ភូមិ​គឺ​វា «លឿន​ជាង​ល្បឿន​ពន្លឺ​ទៅទៀត»។ និស្សិត​វ័យ 22ឆ្នាំ​រូបនេះ​ពន្យល់ថា៖ «នៅក្នុង​ភូមិ និង​ទីរួមស្រុក​ដែល​នៅក្បែរ​ខាង មាន​ករណី​ឆ្លង​វីរុស​ក្រោយពេល​បាន​ចាក់​វ៉ាក់សាំង ហើយ​ជាង​នេះ​ក៏មាន​ករណី​ស្លាប់​ជា​ហូរហែ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង Covid-19។ ពលរដ្ឋ​បាន​យក​ដំណឹង​នេះ និយាយប្រាប់តៗគ្នា ធ្វើឱ្យ​កើតមាន​បញ្ហា «ក្បែ​កមួយ​ជា​ក្អែ​កដប់» ដែល​នេះ​គឺជា​មូលហេតុ​នាំឱ្យ​ប្រជាជន​ក្នុងភូមិ​ខ្លាច​វ៉ាក់សាំង​ដល់​ថ្នាក់​នេះ»។

នៅពេល​ឃើញ​ប្រជាជន​នាំគ្នា​លោត​ចូល​ទឹកទន្លេ ដោយសារតែ​ខ្លាច​វ៉ាក់សាំង Rajiv Kumar Shukla ដែលជា​មន្ត្រី​មួយរូប​នៅ​តំបន់ Ramnagar ក៏បាន​ទៅដល់​មាត់ទន្លេ និង​ពន្យល់ លើកទឹកចិត្ត។ ក្រោយមក ក៏មាន​ពលរដ្ឋ​ចំនួន 18នាក់ បាន​ស្ម័គ្រចិត្ត​ចុះឈ្មោះ​ទទួលយក​ការចាក់​វ៉ាក់សាំង។

យោងតាម​ក្រសួងសុខាភិបាល​ឥណ្ឌា ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី24 ខែឧសភា ប្រទេស​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​​Covid-19 ជាង 222,000នាក់​ទៀត នាំឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប មកដល់​ថ្ងៃទី25 ខែឧសភា​នេះ ​បាន​កើនឡើង​ដល់​ជាង 26.9លាន​នាក់ ក្នុងនោះ​មាន 307,249នាក់​បាន​ស្លាប់, 24,054,861 នាក់ បានជា​សះស្បើយ និង 2,586,764នាក់ កំពុង​ទទួល​ការព្យាបាល៕

ប្រភព៖ Sputnik
ប្រែ​សម្រួល៖ បុត្រា

Advertisement