វ៉ាក់សាំង COVID-19! ពលរដ្ឋ​​ពេញ​វ័យ​​ចំនួន​​ពាក់កណ្ដាល​នៅ​​សហរដ្ឋ​អាមេរិក​ បាន​ចាក់​វ៉ាក់សាំង​រួចរាល់

សេត​វិមាន​បានប្រកាសថា ប្រជាជន​ពេញវ័យ​នៅ​សហរដ្ឋអាមេរិក​ចំនួន​ពាក់កណ្ដាល បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 រួចរាល់​ហើយ ដែល​នេះ​គឺជា​របត់​សំខាន់​ថ្មី​នៅក្នុង​ការប្រយុទ្ធប្រឆាំង Covid-19 របស់​ប្រទេស​នេះ។

ព័ត៌មាន​ខាងលើនេះ ត្រូវបាន​លើកឡើង​កាលពី​ថ្ងៃទី25 ខែឧសភា ឆ្នាំ2021 នៅលើ Twitter របស់ Cyrus Shahpar នាយក​ផ្នែក​ទិន្នន័យ Covid-19 របស់​សេត​វិមាន។ ដូច្នេះ ពលរដ្ឋ​ពេញវ័យ​ចំនួន 50% នៅ​សហរដ្ឋ អាមេរិក បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ដូ​ស​ទី​ពីរ​របស់ Moderna និង Pfizer-BioNTech ឬ មួយ​ដូ​សរ​បស់ Johnson & Johnson (វ៉ាក់សាំង Johnson & Johnson តម្រូវឱ្យ​ចាក់​តែមួយ​ដូ​សគឺ​រួចរាល់)។

សហរដ្ឋអាមេរិក បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 33,947,189នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន 605,208នាក់, អ្នកជា​សះស្បើយ​ចំនួន 27,606,442នាក់ ខណៈ​អ្នកជំងឺ​កំពុង​ព្យាបាល មាន​ចំនួន 5,735,539នាក់។

បើ​ទោះ​បាន​ក្លាយជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ប៉ុន្តែ បច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុង​នាំមុខគេ​នៅក្នុង​ការចាក់​វ៉ាក់សាំង ជាមួយនឹង​ពលរដ្ឋ ចំនួន 50% ក្នុងចំណោម​ពលរដ្ឋ​សរុប​ជាង 332 លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស។

ប្រធានាធិបតី Joe Biden បានកំណត់​គោលដៅ ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស ជូន​ពលរដ្ឋ​ពេញវ័យ​ឱ្យបាន 70% ត្រឹម​ថ្ងៃទី4 ខែកក្កដា ឆ្នាំ2021។ បច្ចុប្បន្ន តួលេខ​នេះ បាន​កើន​ដល់​ជិត 62% ទៅហើយ។ ក៏ប៉ុន្តែ យុទ្ធនា​ការចាក់​វ៉ាក់សាំង កំពុង​ជួប​ឧបសគ្គ ដោយសារតែ​ពលរដ្ឋ​ខ្លះ មានការ​រារែក​ក្នុងការ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង។

«ស្ថានភាព​សុខភាព​របស់​សហគម​ន៍​នានា ត្រូវបាន​កែលម្អ ដែល​នេះ បានផ្ដល់​ថាមពល​ដល់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ឱ្យ​ងើបក្បាលឡើង​បាន 90% បើ​ធៀប​នឹង​ដំណាក់កាល​មុន​វិបត្តិ Covid-19» នេះ​បើតាម​ក្រុមហ៊ុន Moody’s Analytics។ ស្ថាន​ភាពខ្វះ​កម្លាំង​ពលកម្ម​នៅ​តំបន់​មួយចំនួន​គឺជា​ភស្ដុតាង​បង្ហាញ​ពី​ល្បឿន​នៃ​ការរីកចម្រើន​របស់​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក ហើយក៏​ជាស​ញ្ញា​មួយ​បង្ហាញថា អត្រា​ខ្វះ​ការងារ​ធ្វើ​នឹងត្រូវ​ថយចុះ​ក្នុងពេលឆាប់ៗនេះ។

ខណៈ​នេះដែរ នៅ​ទូទាំង​ពិភពលោក គិត​មកដល់ពេលនេះ មាន​អ្នក​ឆ្លង​វីរុស​​Covid-19 សរុប​ចំ​នួន​ 168,535,322​​​នាក់ ក្នុងនោះ​មាន 3,500,047នាក់​បាន​ស្លាប់, 150,077,015នាក់​បានជា​សះស្បើយ និង 14,958,260នាក់ កំពុង​ទទួល​ការព្យាបាល៕

ប្រភព៖ Worldometers, AFP, Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement