រដ្ឋ​នៅ​ឥណ្ឌា ផ្ដល់​ឱសថ​បុរាណ​របស់​អាចារ្យ​សាសនា ដល់​អ្នកជំងឺ​COVID-19

ក្រុមប្រឹក្សាភិបាល​នៃ​រដ្ឋ Haryana សម្រេច​ផ្ដល់​ឱសថ​បុរាណ​របស់លោក​អាចារ្យ​ម្នាក់ ជូន​ដល់​អ្នកជំងឺ​Covid-19 ប៉ុន្តែ ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិត ប្រតិកម្ម​ជំទាស់​យ៉ាងខ្លាំង​ក្លា។

រដ្ឋ Haryana នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​គណៈបក្ស Bharatiya Janata របស់​នាយករដ្ឋមន្ត្រី Narendra Modi ក្នុង​សប្ដាហ៍​នេះ បានប្រកាសថា នឹង​ចែក​ឱសថ​បុរាណ Coronil ដល់​អ្នកជំងឺ​Covid-19។ ឱសថ​នេះ ត្រូវបាន​ក្រុមហ៊ុន Patanjali Ayurved របស់​អាចារ្យ Baba Ramdev ឧទ្ទេសនាម​កាលពី​ឆ្នាំទៅ និង​ត្រូវបាន​ឃោសនា​យ៉ាង​គគ្រឹកគគ្រេង​ថា​ជា «ឱសថ​ព្យាបាល​ជំងឺ​Covid-19»។

ក្រោយមក អាជ្ញាធរ​បានប្រកាសថា Ramdev ដែលជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ខាងលើ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ឃោសនា​ថា​ជា ថ្នាំ​ព្យាបាល​ជំងឺ​នោះទេ តែ​អាច​ឃោសនា​ថា​ជា ថ្នាំ​បង្កើន​កម្លាំង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ប៉ុណ្ណោះ។

សេចក្ដីសម្រេច​ចែក​ថ្នាំ Coronil របស់​រដ្ឋ Haryana នេះ បាន​ជួបនឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​សហគមន៍​អ្នក​វេជ្ជសាស្ត្រ​ឥណ្ឌា។ ពួកគេ​ក៏បាន​រិះគន់ Ramdev ផងដែរ ព្រោះតែ​អាចារ្យ​រូបនេះ ធ្លាប់បាន​ប្រកាសថា វេជ្ជសាស្ត្រ​ទំនើប បណ្ដាលឱ្យ​ជនជាតិ​ឥណ្ឌា​ជាច្រើន​ត្រូវស្លាប់​ដោយសារ Covid-19។

«បើសិនជា​អាជ្ញាធរ Haryana សម្រេច​ចែក​ថ្នាំ​នេះ​ពិតមែន នោះ​នឹង​ជា​បរាជ័យ​របស់​ពួកគេ» នេះ​បើតាម​សម្ដី​របស់ Ajay Khanna ប្រធាន​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌា (IMA) ប្រចាំ​រដ្ឋ Uttarakhand ដែល​បាន​ព្រមាន​កាលពី​ថ្ងៃទី26 ខែឧសភា។

Uttarakhand គឺជា​ទី​ដែល​ក្រុមហ៊ុន Patanjali របស់​អាចារ្យ Ramdev តាំងនៅ។ Khanna យល់ថា ពុំមាន​មូលដ្ឋាន​ផ្នែក​វិទ្យាសាស្ត្រ​ណាមួយ​បញ្ជាក់​អំពី​ការប្រើប្រាស់​ថ្នាំ Coronil នៅក្នុង​ការព្យាបាល​ជំងឺ​Covid-19 នោះឡើយ។ IMA ក៏បាន​ដាក់ពាក្យ​បណ្ដឹង ប្រឆាំងនឹង​អាចារ្យ Ramdev ផងដែរ ព្រោះតែ​បុគ្គល​នេះ​បានប្រកាសថា ការព្យាបាល Covid-19 ដោយ​ផ្អែកលើ​វិទ្យាសាស្ត្រ បាន​បណ្ដាលឱ្យ​អ្នកជំងឺ​Covid-19 រាប់ពាន់នាក់​ត្រូវស្លាប់។

គិត​មកដល់​ថ្ងៃទី27 ខែឧសភា​នេះ ប្រទេស​ឥណ្ឌា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 169,097,775នាក់ ក្នុងនោះ​មាន 3,512,593នាក់​បាន​ស្លាប់, 7150,734,575 បានជា​សះស្បើយ និង 14,850,607នាក់ កំពុង​ទទួល​ការព្យាបាល៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement