អង្គភាព​ស៊ើបការណ៍​សម្ងាត់​អាមេរិក៖ COVID-19 អាច​បណ្ដាលមកពី​គ្រោះថ្នាក់​ក្នុង​បន្ទប់ពិសោធន៍

អ្នក​វិទ្យា​សាស្ត្រ​កំពុង​ធ្វើ​ការ​ក្នុង​បន្ទប់​ពិសោធន៍​​របស់​វិទ្យា​ស្ថាន​វីរូស​សាស្ត្រ​ Wuhan ស្ថិត​ក្នុង​ទីក្រុង​ Wuhan ខេត្ត​ Hubei ប្រទេស​ចិន​ កាល​ពី​ថ្ងៃទី​23 ខែ​កុម្ភៈ​ ឆ្នាំ​2017 (រូប​ថត​ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​16 ខែ​មេសា​ ឆ្នាំ​2020)

ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់ សហរដ្ឋអាមេរិក បានឱ្យដឹងថា មាន​សម្មតិកម្ម​ចំនួន​ពីរ ស្ដីពី​ប្រភព​របស់​វីរុស​Covid-19 រួមមាន ទីមួយ​ទាក់ទិន​នឹង​ការប៉ះពាល់​រវាង​មនុស្ស​និង​សត្វ​ដែលមាន​ផ្ទុក​វីរុស និង​ទី​ពីរ​គឺ គ្រោះថ្នាក់​នៅក្នុង​បន្ទប់ពិសោធន៍។

«ក្រុម​ភ្នាក់ងារ​សម្ងាត់​អាមេរិក មិន​បានដឹង​ច្បាស់​ថា ទីណា ពេលណា ឬ​តាមរបៀប​ណា ទើប​វីរុស​Covid-19 ចាប់ផ្ដើម​ឆ្លង​រាលដាល​នោះទេ ប៉ុន្តែ ពួកគេ​បាន​ប្រមូលផ្ដុំ​ជា​សេណារីយោ​ចំនួន​ពីរ ដែល​អាច​កើតឡើង» នេះ​បើតាម​ការិយាល័យ​នៃ​ប្រធាន​អង្គភាព​ស៊ើបការណ៍​សម្ងាត់​ជាតិ (ODNI) របស់​សហរដ្ឋអាមេរិក​បានឱ្យដឹង​កាលពី​ថ្ងៃទី27 ខែឧសភា។

ODNI បាន​ប្រាប់ថា ចំពោះ​សម្មតិកម្ម​ទាំងពីរ​ខាងលើ ក្រុម​អ្នកជំនាញ​បាន​យោងទៅលើ​ការបកស្រាយ​មួយចំនួន ជាមួយនឹង «ភាពជឿជាក់​ក្នុង​កម្រិត​ទាប ឬ​មធ្យម» ដែល​នេះ បើតាម​ពាក្យ​បច្ចេកទេសផ្នែក​ស៊ើបការណ៍​សម្ងាត់​គឺ មានន័យថា ពួកគេ​ជឿថា ភ័ស្ដុតាង​ដែល​គាំទ្រ​ដល់​ការយល់ឃើញ​ខាងលើ នឹង​ស៊ី​ពេលវេលា​ជាច្រើន​ទៀត ទើប​អាច​បញ្ជាក់បាន។

ប្រភពព័ត៌មាន​ពី​ក្រុម​ជំនាញ​ផ្នែក​វិភាគ​នៅក្នុង​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់ ឱ្យដឹងថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក (CIA) និង​អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់​ស្ថាប័ន​ការពារជាតិ បច្ចុប្បន្ន សុទ្ធតែ​មិន​គាំទ្រ​ដល់​ការបកស្រាយ​ចំពោះ​សម្មតិកម្ម​ទាំងពីរ​ខាងលើ​នោះទេ និង​បាន​បង្ហើប​ឱ្យដឹងថា ព្រោះថា​ពួកគេ​ស្ថិតក្នុង​ចំណោម​អង្គភាព​ភាគច្រើន​របស់​អាមេរិក ដែល​មិនទាន់មាន​ភ័ស្ដុតាង​គ្រប់គ្រាន់​ដើម្បី​កំណត់​ឱ្យបាន​ច្បាស់​ថា តើ​សេណារីយោ​មួយណា​ដែល​គួរ​ជឿជាក់​ជាង​នៅឡើយ។

ប្រធានាធិបតី Joe Biden បាន​ថ្លែងថា លោក​នឹង​អាច​ប្រកាស​របាយការណ៍​លម្អិត​មួយ ស្ដីពី​ការរកឃើញ​របស់​ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក អំពី​ប្រភព​របស់​វីរុស​Covid-19 បន្ទាប់ពី​លោក​បានចេញ​បញ្ជា​ឱ្យ​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់ «ប្រឹងប្រែង​ជាមុន​ទ្វេដង» ដើម្បី ស្រាវជ្រាវ​រក​ប្រភព​នៃ​មហា​រោគរាតត្បាត​នេះ និង​បន្ត​ជំ​រុញឱ្យ​រដ្ឋាភិបាល​ចិន ចូលរួម​ការស្រាវជ្រាវ​ដ៏​ពេញលេញ។

ប្រភព​៖ AFP, Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement