ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក និយាយថា “មាន​ភ័ស្ដុតាង​ស្ដីពី​ប្រភព​របស់ COVID-19”

មន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់ សហរដ្ឋអាមេរិក បាន​រាយការណ៍​ប្រាប់ សេត​វិមាន ថា ពួកគេ​មាន​ភ័ស្ដុតាង​ជាច្រើន​ដែល​មិនទាន់​ត្រូវបាន​ត្រួតពិនិត្យ ទាក់ទិន​នឹង​ប្រភព​របស់​វីរុស​Covid-19 ហើយ​ថា នឹង​វិភាគ​ឱ្យបាន​ច្បាស់លាស់។

សារព័ត៌មាន New York Times កាលពី​ថ្ងៃទី27 ខែឧសភា បាន​រាយការណ៍​ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក គ្រោង​នឹងធ្វើ​ការវិភាគ​លើ​កុំព្យូទ័រ ដើម្បី​ស្វែងយល់​ឱ្យដឹងថា តើ​វីរុស​Covid-19 ពិតជា​ត្រូវបាន​គេ​ធ្វើឱ្យ​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​នៅ Wuhan ដោយ​អ​ចេតនា ឬ​យ៉ាងណា និង​ដើម្បី​តាមដាន​សកម្មភាព​រប​ស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​មន្ទីរពិសោធន៍ រួម​នឹង​ការពិនិត្យ​លើ​របៀប​ដែល​វីរុស​នេះ ផ្ទុះ​ឆ្លង​រាលដាល។ យ៉ាងនេះ​ក្ដី ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក មិនបាន​បញ្ជាក់​សម្អិត​ពី​ភ័ស្ដុតាង ឬ​ប្រភេទ​នៃ​ការវិភាគ​លើ​កុំព្យូទ័រ​ដែល​ពួកគេ​នឹង​ប្រើប្រាស់។

មន្ត្រីជាន់ខ្ពស់​ម្នាក់ បាន​និយាយថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​ពិនិត្យ​លើ​បន្ទប់ពិសោធន៍​នានា​នៅ​ថ្នាក់ជាតិ និង​ប្រភពធនធាន​វិទ្យាសាស្ត្រ​ដែល​មុននេះ​មិនទាន់បាន​ចូលរួម​ស្វែងរក​ប្រភព​របស់​វីរុស​Covid-19។

សេត​វិមាន និង​ការិយាល័យ​ប្រធាន​ស្ថាប័ន​ស៊ើបការណ៍​ជាតិ (ODNI) មិនទាន់មាន​អធិប្បាយ​អ្វី​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

មន្ទីរ​ពិសោធន៍​វីរុស​សាស្ត្រ​ Whuan នៃ​ប្រទេស​ចិន​

ODNI កាលពី​ថ្ងៃទី27 ខែឧសភា បានឱ្យដឹងថា ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់ សហរដ្ឋអាមេរិក បាន​និយាយថា មាន​សម្មតិកម្ម​ចំនួន​ពីរ ស្ដីពី​ប្រភព​របស់​វីរុស​Covid-19 រួមមាន ទីមួយ​ទាក់ទិន​នឹង​ការប៉ះពាល់​រវាង​មនុស្ស​និង​សត្វ​ដែលមាន​ផ្ទុក​វីរុស និង​ទី​ពីរ​គឺ គ្រោះថ្នាក់​នៅក្នុង​បន្ទប់ពិសោធន៍។

ប៉ុន្តែ ODNI បាន​បញ្ជាក់ថា «ក្រុម​ភ្នាក់ងារ​សម្ងាត់​អាមេរិក មិន​បានដឹង​ច្បាស់​ថា ទីណា ពេលណា ឬ​តាមរបៀប​ណា ទើប​វីរុស​Covid-19 ចាប់ផ្ដើម​ឆ្លង​រាលដាល​នោះទេ ប៉ុន្តែ ពួកគេ​បាន​ប្រមូលផ្ដុំ​ជា​សេណារីយោ​ចំនួន​ពីរ ដែល​អាច​កើតឡើង»។

សេណារីយោ «វីរុស​រួច​ចេញពី​បន្ទប់ពិសោធន៍» បានធ្វើ​ឱ្យមាន​ចំណាប់អារម្មណ៍​ឡើងវិញ ក្រោយពី​សារព័ត៌មាន Wall Street Journal កាលពី​ថ្ងៃទី23 ខែឧសភា បាន​ដកស្រង់​របាយការណ៍​មិនទាន់​ត្រូវបាន​ប្រកាស របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក និយាយថា «អ្នកជំនាញ​ចំនួន 3រូប នៃ​មន្ទីរពិសោធន៍​វីរុស​សាស្ត្រ Wuhan បាន​ចូល​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ កាលពី​ខែវិច្ឆិកា ឆ្នាំ2019 ដោយមាន​ជំងឺ​ដែលមាន​រោគសញ្ញា​ដូច Covid-19 និង​ជំងឺ​ផ្ដាសាយ​តាម​រដូវ នៅមុន​ពេល Covid-19 ផ្ទុះ​ឆ្លង​រាលដាល​នៅ​ទីក្រុង Wuhan។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ចិន បាន​ច្រានចោល​ព័ត៌មាន​នេះ ដោយ​អះអាងថា «ពុំមាន​អ្នកជំនាញ​ណា​ម្នាក់ ត្រូវ​ចូល​ពេទ្យ​សោះឡើយ»៕

ប្រភព៖ NY Times
ប្រែ​សម្រួល៖ បុត្រា

Advertisement