ពលរដ្ឋ​ឥណ្ឌា គោរពបូជា អាទិទេព CORONA ដើម្បី​ការ​ពារ​មនុស្ស​ពី​ COVID-19

ឥណ្ឌា៖ សាសនិក​ហិណ្ឌូ​ជាច្រើន បាននាំគ្នា​មក​បួងសួង​ជា​រៀងរាល់ថ្ងៃ នៅ​វិហារ​មួយ​ដែល​ស្ថិតក្នុង​រដ្ឋ Tamil Nadu ជា​កន្លែង​ដែលមាន​រូបសំណាក​អាទិទេព​ថ្មី​មួយទៀត​របស់​ពួកគេ នោះ​គឺ Corona។

ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP បានឱ្យដឹងថា រូបសំណាក​អាទិទេព​ Corona មួយ​អង្គ​ បានបង្ហាញ​ខ្លួន​នៅក្នុង​ទីក្រុង Coimbatore ក្នុង​គ្រា​ប្រទេស​ឥណ្ឌា​ជួប​បញ្ហាលំបាក​ខ្លាំង ដោយសារតែ​រលក​នៃ​ការវាយប្រហារ​លើក​ទី​ពីរ​របស់​វីរុស​Covid-19។

វិហារ Kamatchipuri Adhinam ត្រូវបាន​បិទទ្វារ​ក្នុងពេល Covid-19 ឆ្លង​រាលដាល​ខ្លាំង​នៅ​ទីក្រុង Coimbatore ប៉ុន្តែ អ្នក​កាន់សាសនា​ហិណ្ឌូ​ជាច្រើន នៅតែ​មកកាន់​ទីនេះ​ដើម្បី​បួងសួង​នៅ​ចំពោះមុខ​រូបសំណាក​អាទិទេព Corona។ នៅ​ខាង​មុខ​រូបសំណាក​អាទិទេព​ Corona ក៏​មាន​រូបសំណាក​វីរុស​Corona ចំនួន​ពីរ​ផងដែរ​ ក្នុង​នោះ​មាន​ មួយ​​ធ្វើ​អំពី​ថ្ម និង​មួយ​​ទៀត​ធ្វើ​អំពី​ឈើ​ក្រអូប។

អាទិទេព​ Corona

មូលហេតុ​ដែលនាំឱ្យ​សាសនិក​ហិណ្ឌូ គោរព​អាទិទេព Corona នេះ ត្រូវបាន​គេ​ជឿថា ដើម្បី​បួងសួង​សុំ​បញ្ចប់​មហា​រោគរាតត្បាត Covid-19 ឱ្យបាន​ឆាប់រហ័ស។

គិត​មកដល់​ព្រឹក​ថ្ងៃទី29 ខែឧសភា ឥណ្ឌា បាន​រកឃើញ​អ្នក​ឆ្លង​វី​រូស​Covid-19 សរុប​ចំនួន 27,719,431នាក់ ក្នុងនោះ​មាន 322,384នាក់​បាន​ស្លាប់, 25,170,952នាក់ បានជា និង 2,226,095នាក់ កំពុង​ទទួល​ការព្យាបាល៕

ប្រភព​៖ AFP,
ប្រែសម្រួល​៖ បុត្រា

Advertisement