វ៉ាក់សាំង COVID-19 របស់​ចិន មាន​ផលប៉ះពាល់​តិច និង​មិនទាន់មាន​ករណី​ស្លាប់

ក្រុម​ហ៊ុន​ Sinopharm ប្រកាស​លទ្ធផល​នៃ​ការសាកល្បង​ប្រើប្រាស់​ដំណាក់កាល​ទី​បី ក្រោយពី​វ៉ាក់សាំង Covid-19 ចំនួន 200លាន​ដូ​ស របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ ត្រូវបាន​ចាក់​នៅ​ជុំវិញ​ពិភពលោក។

យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី26 ខែឧសភា នៅលើ​ទស្សនាវដ្ដី​សមាគម​វេជ្ជសាស្ត្រ​អាមេរិក វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Sinopharm ដែល​ផលិត​នៅ​ទីក្រុង​ប៉េកាំង មាន​ប្រសិទ្ធភាព 78.1%។ វ៉ាក់សាំង Covid-19 របស់ Sinopharm មុន​នោះ ក៏​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) អនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​រួចហើយ​ដែរ។

ចំណែក​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត​របស់ Sinopharm ផលិត​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​ ​មាន​ប្រសិទ្ធភាព 72.8%។ វ៉ាក់សាំង​នេះ កំពុងស្ថិត​ក្នុងដំណាក់កាល​ស្នើ WHO ផ្ដល់​សិទ្ធ​ឱ្យធ្វើ​ចរាចរណ៍​បន្ទាន់ និង​ត្រូវ​បានអនុម័ត​ដោយមាន​លក្ខខណ្ឌ​អម​នៅ​ប្រទេស​ចិន។

លទ្ធផល​ដែល​ទទួលបាន​ពី​ការសាកល្បង​ប្រើប្រាស់​លើក​ទី​បី​របស់ Sinopharm ត្រូវបាន​ធ្វើឡើង​ដោយយោង​ទៅលើ​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​អ្នកស្ម័គ្រចិត្ត​ចំនួន 40,411នាក់ នៅ UAE និង​បា​រ៉ែ​ន ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​នេះ កាលពី​ឆ្នាំ2020។ អ្នកស្ម័គ្រចិត្ត ភាគច្រើន​មាន​សុខភាព​ល្អ និង​មាន​វ័យ​ចាប់ពី 18-59ឆ្នាំ ប៉ុន្តែ​ក៏មាន​ប្រហែល 600នាក់ មាន​អាយុ​លើសពី 60ឆ្នាំ​ផងដែរ។

លទ្ធផល​ខាងលើ បាន​បង្ហាញថា អ្នក​ដែល​បាន​​ជួប​ផលប៉ះពាល់​មាន​ចំនួន 201ករណី ក្នុងនោះ​មាន 2ករណី​មាន​សភាព​ធ្ងន់ធ្ងរ​បំផុត ទាក់ទិន​នឹង​វ៉ាក់សាំង​របស់​ Sinopharm ​ដែល​ផលិត​នៅ​ទីក្រុង​ប៉េកាំង។ នោះ​គឺ​បុរស​វ័យ 30ឆ្នាំ ដែល​ត្រូវបាន​ពិនិត្យឃើញថា អាច​ប៉ះពាល់​ដល់​សរសៃវិញ្ញាណ និង​ស្ត្រី​វ័យ 35ឆ្នាំ មាន​អាការ​ក្អួតចង្អោរ​ខ្លាំង និង​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

ទស្សនាវដ្ដី សមាគម​វេជ្ជសាស្ត្រ​អាមេរិក ក៏បាន​បញ្ជាក់ថា ការពិសោធ​ដំណាក់កាល​ទី​បី​របស់ Sinopharm ត្រូវបាន​ធ្វើឡើង​ភាគច្រើន​ទៅលើ​ក្រុមមនុស្ស​ដែលមាន​វ័យ​នៅ​ក្មេង មិនអាច​បញ្ជាក់​អំពី​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ ស្ត្រី និង​មនុ​ស្សវ័យ​ចំណាស់។

យោងតាម​ទិន្នន័យ​កាលពី​ដើមខែ​នេះ វ៉ាក់សាំង Sinopharm ប្រមាណ 200លាន​ដូ​ស ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស និង​ដែនដី​ចំនួន 42 លើ​ពិភពលោក ឈរ​ពីក្រោយ AstraZeneca, Pfizer-BioNTech និង Moderna។

វ៉ាក់សាំង Sinopharm កន្លងមក ធ្លាប់​ធ្វើឱ្យមាន​ការសង្ស័យ​ច្រើន​ពី​សំណាក់​ក្រុម​អ្នកវិទ្យាសាស្ត្រ ដោយសារ​តែមាន​ទិន្នន័យ​តិចតួច​ស្ដីពី​ការពិសោធន៍​លើ​មនុស្ស​ដំណាក់​កាល​ចុងក្រោយ ដែល​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋាភិបាល​ចិន ក៏ដូចជា​ការ​បង្ហើប​ពី​ក្រុមហ៊ុន​នេះ៕

ប្រភព​៖ SCMP
ប្រែសម្រួល​៖ បុត្រា

Advertisement