បរិភោគផ្លែឈើនៅពេលណាទើបល្អ?

នៅក្នុងផ្លែឈើ មានទាំងសារធាតុ Fiber(កាកសរសៃ) ប៉ូតាស្យូម វីតាមីនC និងហ្វូលេត ជាច្រើន តែការបរិភោគ ដែលមិនត្រូវក្បួន ក៏អាចធ្វើឱ្យប្រព័ន្ធការរំលាយអាហារ មានបញ្ហាដែរ ដូច្នេះដើម្បីឱ្យទទួលបានប្រយោជន៏ ពីផ្លែឈើយ៉ាងពេញទំហឹងនោះ យើងគួរដឹងពីការបរិភោគ​ផ្លែឈើយ៉ាងត្រូវតាមក្បួន ទើបជាការប្រសើរ។

ទោះជាការញ៉ាំផ្លែឈើតែ 1ប្រភេទ ឬញ៉ាំបែបរួមគ្នាច្រើនយ៉ាង គួរញ៉ាំនៅពេលពោះទំនេរ៖

ព្រោះពេលបរិភោគចូលទៅហើយ កម្មវិធីរំលាយអាហារ នឹងធ្វើការយ៉ាងឆាប់រហ័ស ដោយរាងកាយនឹងផលិតអេន​ហ្សៃម៍ពិសេសម៉្យាង ចេញមកសម្រាប់ការកិនរំលាយផ្លែឈើ ធ្វើឱ្យរាងកាយអាចបឺតជ្រាបយកជាតិស្ករ និងសារធាតុអាហារបាន​យ៉ាងពេញទំហឹង។

បរិភោគនៅចន្លោះពេលបាយចម្បងៗ៖

ជាប្រក្រតីមនុស្សយើងតែងបរិភោគអាហារ 3ពេលក្នុង 1ថ្ងៃ​ ឯអំឡុងពេលចន្លោះពេលបាយនីមួយៗវិញ គឺជាពេល​របស់​​​ផ្លែឈើ ដោយជាប្រក្រតី គឺបន្ទាប់ពីពេលបាយ ប្រមាណជា 1–2​ម៉ោង តែបើសិនជាអាហារ ដែលត្រូវការប្រើពេល​​រំលាយ​​យូរ ដូចជា នំបឺហ្គ៊ើរ ឬដុំសាច់ ជាដើម គួរទុកចន្លោះពេលប្រមាណ 3–4ម៉ោង សឹមបរិភោគផ្លែឈើ។

ល្អបំផុត គឺការបរិភោគផ្លែឈើ ជាអាហារដំបូងនៃថ្ងៃនីមួយៗ(ពេលព្រឹក) ពេលពោះនៅទំនេរ ឬចន្លោះរវាងពេលបាយ​ព្រឹក និងពេលបាយថ្ងៃ​​៖

បើអាចជ្រើសរើសអាហារពេលព្រឹកបាន អ្នកគួរជ្រើសរើសបរិភោគមុខម្ហូប ធ្វើពីផ្លែឈើ រួមជាមួយគ្នាតែម្តង ដូចជា ហ្វ្រ៊ុតសាលាដ ផ្លែប៉ោម ឬក៏ទឹកផ្លែឈើកិន ហើយគួរចៀសវាងការញ៉ាំផ្លែឈើមុនពេលចូលគេង ព្រោះជាតិស្ករដែលបានពីផ្លែឈើ មានថាមពលខ្លាំង ធ្វើឱ្យរាងកាយស្វាហាប់រហូតអាចធ្វើឱ្យអ្នកគេងមិនលក់។

បរិភោគក្នុងរូបភាពជាទឹកផ្លែឈើកិន៖

ទឹកសណ្តែកលឿង ណាត់មៀលគ៍ ទឹកដូង ឬយ៉ាអួ គឺជាជម្រើសដ៏ល្អ សម្រាប់កិនលាយជាមួយផ្លែឈើ ព្រោះមិនធ្វើឱ្យលំបាកដល់ប្រព័ន្ធកិនរំលាយអាហារ ក្រៅពីនោះ អ្នកគួរជ្រើសរើសទទួលទានផ្លែឈើ ដែលមានជាតិស្ករតិច ដូចជាផ្លែប៉ោម​ពណ៌បៃតង ជាដើម វានឹងល្អចំពោះសុខភាពយើងខ្លាំងជាង។

ឬបរិភោគក្នុងរូបភាពជាផ្លែឈើក្រៀម៖

តែមិនគួរបរិភោគផ្លែឈើក្រៀមណា ដែលមានជាតិផ្អែមខ្លាំង និងក្នុងបរិមាណច្រើនជ្រុលពេកឡើយ គួរ​កំណត់​បរិមាណក្នុងការបរិភោគ ឬជ្រើសរើសទទួលទានតែក្នុងឱកាសណាពិសេសៗបានហើយ៕

Advertisement