WHO ដាក់ឈ្មោះ​បែប​ថ្មី ឱ្យ​បណ្ដា​វីរុស​COVID-19 ដែល​បាន​​ក្លាយ​ពូជ​ថ្មី

អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ដាក់ឈ្មោះ​ឱ្យ​បណ្ដា​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី ទៅតាម​អក្ខរក្រម​ភាសា​ក្រិ​ក ជំនួស​ឱ្យ​ការហៅ​ឈ្មោះ​ទៅតាម​ទីកន្លែង​ដែល​ពួកវា​បង្ហាញ​វត្តមាន​ជា​លើកដំបូង។

ពិភពលោក​ទាំងមូល គិត​មកដល់​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន​ 171,464,349​នាក់​ ក្នុងនោះ​មាន​អ្នកស្លាប់​ 3,564,976​នាក់​, អ្នកជា​សះស្បើយ​ចំនួន ​153,743,106​នាក់​ និង​​អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន​ 14,156,267​នាក់​។ នេះ​បើតាម​ទំព័​រ័​រ Worldometers។

អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី31 ខែឧសភា បានប្រកាស​អំពី​វិធី​ដាក់ឈ្មោះ​ថ្មី សម្រាប់​បណ្ដា​វីរុស​Covid-19 ដែល​បាន​បំប្លែង​ខ្លួន ដោយ​ការប្រើប្រាស់​អក្ខរក្រម​របស់​ភាសា​ក្រិ​ក ជំនួស​ឱ្យ​ការហៅ​ទៅតាម​ទីតាំង​ដែល​ពួកវា​បានបង្ហាញ​វត្តមាន​ដំបូង។ «មិនមាន​ប្រទេស​ណាមួយ ដែល​ត្រូវ​រង​ការរើសអើង ដោយសារតែ​បាន​រកឃើញ និង​រាយការណ៍​អំពី​វីរុស​ក្លាយ​ពូជ​ថ្មី​នោះឡើយ» Maria Van Kerkhove ប្រធាន​ក្រុម​អ្នកបច្ចេកទេស​របស់ WHO ទទួលបន្ទុក Covid-19 បាន​បង្ហោះ​សារ​ដូច្នេះ​នៅលើ​ទំព័រ Twitters។

យោង​តាមរបៀប​ដាក់ឈ្មោះ​ថ្មី វីរុស​ក្លាយ​ពូជ​ថ្មី ឬ​បំប្លែង​ខ្លួន ដែល​កើត​មាននៅ​ប្រទេស​អង់គ្លេស (B.1.1.7) ត្រូវបាន​ហៅថា «Alpha», Covid-19 បំប្លែង​ខ្លួន​ថ្មី​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង (B.1.351) ត្រូវ​ហៅថា «Beta», Covid-19 ក្លាយ​ពូជ​ថ្មី​នៅ ប្រេ​ស៊ី​វីរុស (P1) ត្រូវ​ហៅថា «Gamma»,

B.1.617.2 នៅ ឥណ្ឌា ហៅថា «Delta»។ ចំណែក​បណ្ដា​វីរុស​Covid-19 ក្លាយ​ពូជ​ថ្មី​ដែល​គួរឱ្យ​យកចិត្តទុកដាក់​ផ្សេងទៀត នឹងត្រូវ​បានដាក់​ឈ្មោះ​ចាប់ពី «Epsilon» រហូតដល់ «Kappa»។

ក្រុមប្រឹក្សា​ជំនាញ​របស់ WHO បានឱ្យដឹងថា វី​ធី​សាស្ត្រ​ដាក់ឈ្មោះ​តាមបែប​ថ្មី​នេះ មាន​ភាពងាយស្រួល​ក្នុង​ការ​ហៅ និង​ជាក់ស្ដែង​ជាង សម្រាប់​អ្នក​ដែល​មិន​ធ្វើការ​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ។ WHO បាន​បញ្ជាក់ថា វិធី​ដាក់ឈ្មោះ​​បែប​ថ្មី​នេះ ក៏​មិន​ជំនួស​ឱ្យឈ្មោះ​ដែល​ដាក់​តាមបែប​វិទ្យាសាស្ត្រ​នោះឡើយ និង​បានឱ្យដឹងថា ឈ្មោះ​តាមបែប​វិទ្យាសាស្ត្រ «នឹង​នៅតែ​បន្ត​ប្រើប្រាស់​នៅក្នុង​កិច្ចការ​សិក្សា​ស្រាវជ្រាវ​ដដែល»។

នៅក្នុង​ពិធី​បិទ​សន្និបាត​នៃ​ក្រុមប្រឹក្សា​សុខភាព​ពិភពលោក លើក​ទី74 កាលពី​ថ្ងៃទី31 ខែឧសភា ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ ដើម្បី​បញ្ចប់​មហា​រោគរាតត្បាត Covid-19 ព្រមទាំង​បាន​ព្រមាន​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ។

«យើង​មាន​អារម្មណ៍​ថា ត្រូវបាន​លើកទឹកចិត្ត នៅពេលដែល​ករណី​ឆ្លង និង​ស្លាប់​ថ្មី លើ​ពិភពលោក បន្ត​ថយចុះ ប៉ុន្តែ នឹង​ជា​រឿង​ខុសឆ្គង​ធំ បើសិន​ប្រទេស​ណាមួយ គិតថា គ្រោះអាសន្ន​បាន​កន្លងផុត​ទៅហើយ» លោក Tedros បាន​ថ្លែង​ដូច្នេះ៕

ប្រភព​៖ CNN, Worldometers
ប្រែសម្រួល​៖ បុត្រា

Advertisement