បែកធ្លាយ​ព័ត៌មាន​ស្ដីពី «អ្នកជំងឺ​ទី 0» ដែល​ឆ្លង COVID-19 ដំបូង​គេ​ក្នុង​ពិភពលោក

មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​ប្រទេស​ចិន ប្រហែលជា​បាន​បង្ហើប​ឱ្យដឹង​អំពី​ឈ្មោះ អាសយដ្ឋាន និង​ព័ត៌មាន​លម្អិត ទាក់ទង​នឹង​មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្សដំបូងៗ ដែល​បាន​ឆ្លង​វីរុស​Covid-19 នៅ​ទីក្រុង Wuhan រយៈពេល 3ខែ មុនពេល​អាជ្ញាធរ​ប្រទេស​នេះ ប្រកាស​អំពី​ករណី​ឆ្លង​វីរុស​Covid-19 ដំបូង​គេ​បង្អស់។

យោងតាម​សារព័ត៌មាន Daily Mail (អង់គ្លេស) កំហុសឆ្គង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ បាន​បង្ហើប​ឱ្យដឹង​នៅក្នុង​រូបភាព​ថត​អេក្រង់ ដែល​ត្រូវបាន​ផ្ញើ​ទៅកាន់​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ​ចិន។ រូបភាព​នេះ បានបង្ហាញ​អំពី​ស្ត្រី​ម្នាក់ មាន​វ័យ 61ឆ្នាំ ដែល​ត្រូវបាន​គេ​ហៅថា «អ្នកជំងឺ Su» មាន​ទីលំនៅ​ដែលមាន​ចម្ងាយ​ប្រមាណ ប្រមាណ 1.6គីឡូម៉ែត្រ ពី​ទីតាំង​ស្រាវជ្រាវ​វីរុស​សំខាន់​មួយ​របស់​ទីក្រុង Wuhan។

ស្ត្រី​នេះ​ក៏​រស់នៅ​ក្បែរ​ចំណត​រថភ្លើង តាម​បណ្ដោយ​ផ្លូវដែក​ល្បឿន​លឿន ដែលជា​ផ្លូវ​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​ចម្លង​វីរុស​ដល់ទី​ក្រុង​ដែលមាន​ប្រជាជន​ជាង 11លាន​នាក់​នេះ​ផងដែរ។

ការរកឃើញ​ថ្មី​បំផុត​នេះ ត្រូវបាន​បង្ហើប​ឱ្យដឹង តាមរយៈ​កិច្ច​សម្ភាស​មួយ​របស់​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ ជាមួយនឹង​អ្នកវិទ្យា​សាស្ត្រ​ដែល​ទទួលខុសត្រូវ​ក្នុងការ​ប្រមូល​ទិន្នន័យ​ផ្លូវការ​របស់​ប្រទេស​ចិន ទាក់ទង​នឹង​អ្នកជំងឺ។

នៅក្នុង​កិច្ច​សម្ភាស​ជាមួយនឹង Health Times លោក Yu Chuanhua សាស្ត្រាចារ្យ​ផ្នែក​ស្ថិតិ​ជីវសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ Wuhan ឱ្យដឹងថា មាន 47,000ករណី នៅក្នុង​ទិន្នន័យ​ជាតិ ត្រូវបាន​បញ្ជាក់ និង​សង្ស័យថា បាន​ឆ្លង Covid-19 គិត​ត្រឹម​ចុងខែ​កុម្ភៈ ឆ្នាំ2020។ ក្នុងចំណោម​នោះ មាន​ករណី​ស្លាប់ 1នាក់ កាលពី​ចុងខែ​កញ្ញា ឆ្នាំ2019។

លោក Yu Chuanhua និយាយថា៖ «មាន​ទិន្នន័យ​ស្ដីពី​អ្នកជំងឺ​ម្នាក់ ដែល​បាន​ឈឺ​កាលពី​ថ្ងៃទី29 ខែកញ្ញា (2019)។ ទិន្នន័យ​បង្ហាញថា អ្នកជំងឺ​នេះ​មិនត្រូវ​បាន​គេ​ធ្វើតេស្ត nucleic និង​ធ្វើ​រោគវិនិច្ឆ័យ។ នេះ ទំនងជា​ករណី​ឆ្លង Covid-19។ អ្នកជំងឺ​នេះ បាន​បាត់​បង់ជីវិត។ ទិន្នន័យ​នេះ​ក៏​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់​នៅឡើយ»។

ទិន្នន័យ​ក៏​បង្ហាញ​អំពី​ករណី​សង្ស័យ​ឆ្លង Covid-19 ចំនួន 2នាក់ ផ្សេងទៀត ដែល​ត្រូវបាន​រាយការណ៍​ដល់​ក្រុម​វេជ្ជបណ្ឌិត នៅ Wuhan កាលពី​ថ្ងៃទី14 និង 21 ខែវិច្ឆិកា ឆ្នាំ2019 រួមជាមួយ​នឹង​ករណី​មួយចំនួនទៀត មុន​ថ្ងៃទី8 ខែធ្នូ 2019 ជា​ពេលដែល​ចិន រាយការណ៍​ទៅកាន់​អង្គការ​សុខភាព​ពិភពលោក អំពី​ពី​ករណី​ឆ្លង​ជំងឺ​Covid-19 ដំបូង។

អត្ថបទ​របស់ Health Times ដែល​បានបង្ហាញ​អំពី​រូបភាព​ថត​អេក្រង់​ព័ត៌មាន​របស់​អ្នកជំងឺ Covid-19 2ករណី​ដំបូង នៅក្នុង​ខែវិច្ឆិកា ឆ្នាំ2019 ដែល​បានមកពី​មូលដ្ឋាន​ទិន្នន័យ​របស់​សាស្ត្រាចារ្យ Yu Chuanhua បើ​ទោះ​ត្រូវបាន​ធ្វើឱ្យ​ស្រអាប់ ប៉ុន្តែ នៅតែ​មើលឃើញ​ព័ត៌មានខ្លះៗ រួមទាំង​ឈ្មោះ​មន្ទីរពេទ្យ និង​អាសយដ្ឋាន​របស់​អ្នកជំងឺ​ផងដែរ។

ព័ត៌មាន​បង្ហាញថា អ្នកជំងឺ Su បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ Rongjun នាទី​ក្រុង Wuhan។ ចំណែក​អាសយដ្ឋាន​ទីលំនៅ និង​មន្ទីរពេទ្យ​របស់​អ្នកជំងឺ​នេះ​គឺ សុទ្ធតែ​ស្ថិតក្នុង​ខណ្ឌ Hongshan នៃ​ទីក្រុង Wuhan ជា​កន្លែង​ដែលមាន​បន្ទប់ពិសោធន៍​ជាច្រើន ដែល​ស្រាវជ្រាវ​អំពី​វីរុស SARS-CoV-2 ទាក់ទង​នឹង​សត្វ​ប្រចៀវ។

តំបន់​មន្ទីរពិសោធន៍​ផ្នែក​វីរុសសាស្ត្រ​ នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​

តំបន់​ដែល​អ្នកជំងឺ Su រស់នៅ និង​ព្យាបាល មាន​ចម្ងាយ​ជាង 20គីឡូម៉ែត្រ ពី​ផ្សា​របោះ​ដុំ​គ្រឿង​សមុទ្រ Huanan (Huanan Seafood Wholesale Market) ជា​កន្លែង​ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុកថា​ជា ប្រភព​ចម្លង Covid-19 ដំបូង​គេ។ អ្នកជំងឺ​ទី​ពីរ ដែល​ត្រូវបាន​រកឃើញ​ឆ្លង​វីរុស​ក្នុង​ខែវិច្ឆិកា ឆ្នាំ2019 គឺជា​បុរស​វ័យ 62ឆ្នាំ ឈ្មោះ Wang ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ Hanyang។

យ៉ាងនេះ​ក្ដី សាស្ត្រាចារ្យ Yu Chuanhua បានស្នើ​ឱ្យ​ដក​អត្ថបទ​ដែល​បាន​ចុះផ្សាយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី ដោយ​បញ្ជាក់ថា ពេលវេលា​ដែល​បាន​សរសេរ​ក្នុង​អត្ថបទ មាន​កំហុសឆ្គង ហើយ​ករណី​សង្ស័យ​ផ្សេងទៀត នៅមុន​ថ្ងៃទី8 ខែធ្នូ ឆ្នាំ2019 ត្រូវការ​ផ្ទៀងផ្ទាត់​បន្ថែ​ម។

សេចក្ដីលម្អិត ត្រូវបាន​រកឃើញ​ដោយ Gilles Demaneuf សមាជិក​ម្នាក់​របស់​ក្រុម​សកម្មជន​ឌីជីថល Drastic ដែល​បាន​រកឃើញ​ការពិតជា​ច្រើន​ដែល​ត្រូវបាន​ចាត់ទុកថា ផ្ទុយទៅនឹង​សម្មតិកម្ម​របស់​រដ្ឋាភិបាល​ចិន ដែលថា Covid-19 ជា​ជំងឺឆ្លង​ពីស​ត្វ។

ក៏ប៉ុន្តែ ចិន បាន​ទាត់ចោល​ព័ត៌មាន​ខាងលើ​ទាំងស្រុង ដោយ​អះអាង​ទៅតាម​ក្រុម​ស្រាវជ្រាវ​របស់ WHO ដែល​បាន​សន្និដ្ឋានថា លទ្ធភាព​ដែល​វីរុស លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍ គឺ​ពិតជា «ពិបាក​កើតឡើង»៕

ប្រភព៖ Daily Mail
ប្រែសម្រួល​៖ បុត្រា

Advertisement