COVID-19 បំប្លែង​ខ្លួន​ថ្មី ដែល កម្ពុជា ទើប​រកឃើញ តើ “កាច​សាហាវ​ដល់​កម្រិតណា?”

វីរុស SARS-CoV-2 (Covid-19) នៅតែ​បន្ត​បំប្លែង​ខ្លួន ឬ​ក្លាយ​ពូជ​ថ្មី​ជា​ហូរហែ។ អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​តាមដាន​វីរុស​បំប្លែង​ខ្លួន​ដែល​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​មនុស្ស ក្នុងនោះ វីរុស​Covid-19 បំប្លែង​ខ្លួន​ថ្មី ប្រភេទ B.1.617 ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​នៅ​ពីក្រោយ​មហា​វិបត្តិ​សុខភាព​នៅ ឥណ្ឌា កំពុង​ឆ្លង​រាលដាល​ខ្លាំង បង្កឱ្យមាន​ការព្រួយបារម្ភ​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​មាន កម្ពុជា ផងដែរ។

កាលពី​យប់​ថ្ងៃទី5 ខែមិថុនា ឆ្នាំ2021 ក្រសួងសុខាភិបាល បានប្រកាស​ព័ត៌មាន​សំខាន់​មួយ ស្តីពី ការរកឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី ប្រភេទ B.1.617 លើ​អ្នកជំងឺ​ចំនួន 3រូប ដែលជា​ពលករ កម្ពុជា ត្រលប់​មកពី​ប្រទេស​ថៃ។ ក្រសួង​បាន​ណែ​នាំឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ យកចិត្តទុកដាក់​បន្ថែ​ម ទៅលើ​វិធានការ​ទប់ស្កាត់​នានា ឱ្យបាន​ត្រឹមត្រូវ។

WHO បាន​ចាត់​វីរុស​បំប្លែង​ខ្លួន​ប្រភេទ B.1.617 នេះ ទៅក្នុង​ក្រុម «បំប្លែង​ខ្លួន ដែល​គួរ​យកចិត្តទុកដាក់» ព្រោះថា ពួកវា​បង្កឱ្យមាន​ការ​ឆ្លង​រាលដាល​លឿន ឬ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​អ្នក​ដែល​បាន​ឆ្លង​វីរុស​ប្រភេទ​នេះ។

Covid-19 បំប្លែង​ខ្លួន​ប្រភេទ B.1.617 ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស ឥណ្ឌា គឺជា​វីរុស​ក្លាយ​ពូជ​ថ្មី ដែល​បំប្លែង​ខ្លួន​ចេញពី Covid-19 ប្រភេទ B.1.1.7 របស់ អង់គ្លេស ជាមួយនឹង​ប្រភេទ​ក្លាយ​ពូជ​ថ្មី​រង ឬ​វ៉ា​រ្យ៉​ង់​រង (sub-variant) ចំនួន 3ទៀត រួមមាន B.1.617.1, B.1.617.2 និង B.1.617.3។

Covid-19 បំប្លែង​ខ្លួន​ថ្មី ប្រភេទ B.1.617 របស់ ឥណ្ឌា នេះ បាន​ឆ្លង​ចូលដល់​ប្រទេស​ជាង 50 ក្នុង​ពិភពលោក។

វីរុស​Covid-19 ប្រភេទ​ក្លាយ​ពូជ​ថ្មី B.1.617 មាន​ប្រភេទ​បំប្លែង​ខ្លួនផ្សេងៗចំនួន 13ទៀត ក្នុងនោះ​មាន 2ប្រភេទ​ដែល​គួរ​យកចិត្តទុកដាក់​ជាង​គេ នោះ​គឺ L452R និង E484Q។

E484Q ស្រដៀង​ខ្លាំង​ទៅនឹង​វីរុស​បំប្លែង​ខ្លួន​ប្រភេទ E484K ដែល​ត្រូវបាន​រកឃើញ​នៅលើ​វីរុស​Covid-19 ក្លាយ​ពូជ​ថ្មី​មួយចំនួន នៅ អាហ្វ្រិក​ខាងត្បូង និង​ប្រេ​ស៊ី​ល ដែល​ត្រូវគេ​ហៅថា «វ៉ា​រ្យ៉​ង់​លាកខ្លួន» ព្រោះថា វា​មាន​សមត្ថភាព​គេចខ្លួន​ពី​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នកជំងឺ។ ដូច្នេះហើយ ទើប​វា​មាន​សញ្ញា​បង្ហាញថា អ្នក​ដែល​ធ្លាប់បាន​ឆ្លង Covid-19 នៅតែ​អាច​ឆ្លង​ម្ដងទៀត ចំពោះ​ប្រភេទ​ក្លាយ​ពូជ​ថ្មី​នេះ ពិសេស​គឺ​នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​ម​នុស្ស មាន​ភាពទន់ខ្សោយ។

B.1.617 បង្កភាព​សោក​សៅ​ នៅ​ប្រទេស​ ឥណ្ឌា

ចំណែក​ប្រភេទ L452R ជាប់ទាក់ទង​នឹង​ការឆ្លង​រាលដាល​ខ្លាំង​នៅក្នុង​រដ្ឋ California សហរដ្ឋអាមេរិក និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​ឆ្លង​រាលដាល​លឿន​ជាង 20% បើ​ធៀប​នឹង​រលក​នៃ​ការឆ្លង​រាលដាលមុន។

ប្រការ​ពិសេស​ផ្សេងទៀត​ដែលនាំឱ្យ B.1.617 ដែល​ទើប​ត្រូវបាន​រកឃើញ​នៅ កម្ពុជា ប្រែជា​កាច​សាហាវ​ជាងគេ នោះ​គឺថា វា​មិន​ត្រឹមតែ​អាចបង្កើត​កូនចៅ​តាមរបៀប «ថត-ចម្លង» (copy-past) នៅក្នុង​សួត​នោះទេ ប៉ុន្តែ B.1.617 ថែមទាំង​អាច «ស្នាក់នៅ» ក្នុង​ទីកន្លែង​ណា​ក៏បាន ដូចជា​នៅក្នុង​បំពង់ក​ជាដើម។ បញ្ហា​នេះហើយ ដែល​ធ្វើឱ្យ​ល្បឿន​នៃ​ការឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ លឿន​ជាង​ឆ្ងាយ បើ​ធៀប​នឹង​បណ្ដា​វ៉ា​រ្យ៉ា​ង​ដទៃ៕

ប្រភព៖ Newscientist, WHO, ក្រសួង​សុខាភិបាល
ដកស្រង់​ និង​ប្រែ​សម្រួល៖ បុត្រា

Advertisement