វីរុស​COVID-19 បំប្លែង​ខ្លួន​ឥណ្ឌា (B.1.617) ឆ្លង​រាលដាល​ខ្ពស់ជាង 40% ធៀប​នឹង​វីរុស​បំប្លែង​ខ្លួន​នៅ អង់គ្លេស

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អង់គ្លេស បាន​ព្រមាន​ថា គួរតែ​ចាក់​វ៉ាក់សាំង Covid-19 ឱ្យបាន​ពីរ​ម្ជុល ព្រោះថា វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​ត្រូវបាន​រកឃើញ​នៅ ឥណ្ឌា (B.1.617) មានលទ្ធភាព​ឆ្លង​រាលដាល​ខ្ពស់ជាង​វីរុស​បំប្លែង​ខ្លួន​ដែល​ត្រូវបាន​រកឃើញ​នៅ​ប្រទេស អង់គ្លេស។

«តួលេខ 40% ស្ដីពី​លទ្ធភាព​នៃ​ការឆ្លង​រាលដាល គឺជា ការព្រមាន​ផ្នែក​វិទ្យាសាស្ត្រ​ថ្មី​បំផុត ដែល​ខ្ញុំ​បានទទួល» រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អង់គ្លេស Matt Hancock ប្រកាស​កាលពី​ថ្ងៃទី6 ខែមិថុនា។ នេះ​គឺជា​ទិន្នន័យ​របស់ SAGE ដែលជា​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​អង់គ្លេស។

វីរុស​Covid-19 បំប្លែង​ខ្លួន​ថ្មី​ឈ្មោះ Dalta ដែល​ហៅថា វីរុស​ក្លាយ​ពូជ​ឥណ្ឌា ឬ B.1.617 (B.1.617 ជា​វីរុស​ក្លាយ​ពូជ​ថ្មី ដែល​បំប្លែង​ខ្លួន​ចេញពី Covid-19 ប្រភេទ B.1.1.7 របស់ អង់គ្លេស។ B.1.617 ត្រូវបាន​ចែកជា 3ប្រភេទ​ទៀត (sub-variant) រួមមាន B.1.617.1, B.1.617.2 និង B.1.617.3) បច្ចុប្បន្ន​គឺជា​ប្រភេទ Covid-19 ដែល​ឆ្លង​រាលដាល​ខ្លាំង​នៅ​ប្រទេស​អង់គ្លេស។ មុន​នោះ វីរុស Alpha ឬ​ហៅថា វីរុស​បំប្លែង​ខ្លួន​អង់គ្លេស ត្រូវបាន​រកឃើញ​នៅ​តំបន់ Kent ធ្លាប់បាន​ធ្វើឱ្យ​អង់គ្លេស ត្រូវដាក់​បម្រាម​គោចរ​កាលពី​ខែមករា។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អង់គ្លេស Matt Hancock

លោក Hancock ទទួលស្គាល់ថា វីរុស Covid-19 ប្រភេទ Delta «កំពុង​ធ្វើឱ្យ​ការ​គណនា ត្រូវ​ជួប​ឧបសគ្គ​ច្រើន» ទាក់ទង​នឹង​ការដក​បទបញ្ជា​រឹតបន្តឹង​ការធ្វើដំណើរ​របស់​រដ្ឋា​ភិ​បាល ដែល​តាម​គម្រោង​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី21 ខែមិថុនា​ខាងមុខ។

រដ្ឋមន្ត្រី​ខាងលើ និយាយថា៖ «យើង​នឹង​ពិនិត្យ​លើ​ទិន្នន័យ ថែម​មួយ​សប្ដាហ៍​ទៀត ទើប​ធ្វើការ​សម្រេច​ចិត្តជា​ក្រោយ»។

«ការណែនាំ​ផ្នែក​វិទ្យាសាស្ត្រ​ល្អ​បំផុត ដែល​ខ្ញុំ​ទទួលបាន​ក្នុង​គ្រានេះ នោះ​គឺ​ការចាក់​វ៉ាក់សាំង​មួយ​ម្ជុល នឹងមិន​អាចមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​សុវត្ថិភាព​នៅ​ចំពោះមុខ​វីរុស​បំប្លែង​ខ្លួន Dalta លើកលែងតែ​ចាក់​គ្រប់​ពីរ​ម្ជុល» លោក Hancock បញ្ជាក់​ដូច្នេះ។

ផ្ទាំង​ព័ត៌មាន​ ព្រមាន​អំពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​ នៅ​អង់គ្លេស​

អង់គ្លេស បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 គ្រប់​ពីរ​ម្ជុល ដល់​ពលរដ្ឋ​ពេញវ័យ​ជាង 50% ស្មើនឹង 27លាន​នាក់ ខណៈ​ជាង 40លាន​នាក់ បាន​ចាក់​ម្ជុល​ទីមួយ។ ប្រទេស​នេះ​គឺជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​លំដាប់​ទី7 ក្នុង​ពិភពលោក ដោយមាន​អ្នក​វិជ្ជមាន​ជាង 4.5លាន​នាក់ និង​ស្លាប់​ជាង 472,000នាក់៕

ប្រភព​៖ ABC
ប្រែសម្រួល​៖ បុត្រា

Advertisement