គេង…បំបាត់​រោគា

ការ​គេង​សម្រាក​ឱ្យ​លង់លក់ ក្រៅពី​ជាការ​សម្រាក​ដ៏​ល្អ​បំផុត​មួយ​ហើយ  ឥរិយាបថ​ដំណេក ដែល​ស័ក្តិសម នៅ​អាច​បំបាត់អា​ការឈឺ​ថ្កាត់​របស់​យើង​បាន​ទៀតផង។

ឥរិយាបថ​គេង​ផ្ងារ

គឺជា​ឥរិយាបថ​ដំណេក​ដ៏​ត្រឹមត្រូវ តែ​នឹងមិន​ស័ក្តិសម​ជាមួយនឹង​អ្នក ដែលមាន​ជំងឺ​បេះដូង និង​សួត​ឡើយ  ព្រោះថានៅពេលដែល​យើង​គេង​ផ្ងារ សាច់ដុំ​ក្បាំង​ខ្យល់ ដែល​ឃាំង​រវាង​ប្រអប់​ទ្រូង និង​ប្រហោង​ពោះ នឹង​សង្កត់​លើ​សួត ធ្វើឱ្យ​ពិបាកដកដង្ហើម។

ចំណែក​បេះដូង​វិញ ក៏​មិនអាច​បឺត-បាញ់​ឈាម ចេញពី​បេះដូង​បាន​ស្រួល​ដែរ ធ្វើឱ្យ​ដង្ហក់ និង​ដកដង្ហើម​រាងស្ទះៗ តែ​បើសិនជា​នៅតែ​ចង់ ឬ​ចាំបាច់​ត្រូវតែ​គេង​ក្នុង​ឥរិយាបថ​នេះ ចូរ​គេង​ក្នុង​ឥរិយាបថ ស្ទើរ​គេង ស្ទើរ​អង្គុយ ដោយ​​ឱ្យ​ផ្នែក​ខាងលើ​នៃ​រាងកាយ(ត្រឹម​ចង្កេះ​ឡើង) ខ្ពស់​ឡើង​បន្តិច។

ឥរិយាបថ​គេង​ផ្អៀង

ក្រៅពី​ជួយ​កាត់បន្ថយ​សំឡេង​ស្រមុក​ហើយ ឥរិយាបថ​នេះ នៅ​ស័ក្តិសម សម្រាប់​អ្នក​ដែលមាន​អាការ​ឈឺ​ខ្នង​ទៀត​ផង ព្រោះ​បើ​អ្នក​ដែល​ឈឺ​ខ្នង គេង​ផ្ងារ​វិញ​នោះ ច្បាស់​ជា​បាន​ឈឺ​ឥតឈប់ឈរ ពេញ​មួយ​យប់​មិន​ខាន។

តែបើ​ចូលចិត្ត​គេង​ផ្អៀង​ខាងឆ្វេង​វិញ គួរ​ឱប​ខ្នើយឱប និង​យក​ជើង​គង​ពីលើ​ផង នឹង​រឹតតែ​ប្រសើរ  ព្រោះ​ចំណុច​មិនល្អរបស់​ឥរិយាបថ​នេះ គឺ​ធ្វើឱ្យ​បេះដូង ដែល​ស្ថិតនៅក្នុង​ប្រអប់​ទ្រូង​ប៉ែក​ខាងឆ្វេង ពិបាក​ធ្វើការ ហើយ​អាហារ ដែល​នៅ​មិនទាន់​រំលាយ​អស់ នឹង​សេសសល់​នៅក្នុង​ក្រពះ ធ្វើឱ្យ​កើត​អាការ​ចុក​ឆ្អល់​ឡើងមក​ចុងដង្ហើម​បាន ។ ចំណែក​អ្នក​ដែល​ចូលចិត្ត​គេង​ផ្អៀង​ខាងស្តាំ​វិញអាច​និយាយបានថា សំណាងល្អ​ណាស់ ព្រោះ​ជា​ឥរិយាបថ​ដំណេក​ដែល​ល្អ​បំផុត ព្រោះ​បេះដូង​នឹងធ្វើ​ការ​បាន​ស្រួល ហើយ​អាហារ​ក្នុង​ក្រពះ ក៏​នឹងត្រូវ​ច្របាច់​ចុះទៅ​ក្នុង​ពោះវៀនតូច បាន​យ៉ាង​ល្អ​ដែរ និង​ថែមទាំង​ជា​ឥរិយាបថ ដែល​ជួយ​កាត់បន្ថយ​អាការ​ឈឺ​ខ្នង​បាន​ទៀតផង។

ឥរិយាបថ​គេង​ផ្កាប់

មនុស្សភាគច្រើនៗប្រើ​ឥរិយាបថ​នេះ ពេល​គេង​អាន​សៀវភៅ។ ចំណុច​មិនល្អ​របស់​ឥរិយាបថ​នេះ​គឺ នឹងធ្វើ​ឱ្យ​ឈឺ​គល់ក តែបើ​ចាំបាច់ ត្រូវតែ​គេង​ក្នុង​ឥរិយាបថ​នេះ​មែនទែន​នោះ សូម​ណែនាំ​ឱ្យ​រក​ខ្នើយ​មក​ទ្រាប់​ក្រោម​ដើមទ្រូង ដើម្បី​កុំឱ្យ​ចុក​រួយ និង​ដកដង្ហើម​បាន​ស្រួល​ផង៕

Advertisement