ឥណ្ឌា៖ អ្នកជំងឺ​Covid-19 ជាច្រើន​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​ដើមឈើ ដូច​ក្នុង​រឿង Tarzan

ដោយសារតែ​ផ្ទះ​ចង្អៀត​ពេក ទើប​ពលរដ្ឋ​ជាច្រើន​នៅ​ប្រទេស ឥណ្ឌា ត្រូវ​នឹក​រក​វិធីសាស្ត្រ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចម្លែក​ជាងគេ ដើម្បី​បង្ការ​ការឆ្លង​រាលដាល​នៃ Covid-19។

ថ្មីៗនេះ សារព័ត៌មាន ឥណ្ឌា បាន​រាយការណ៍​ថា កំលោះ​វ័យ 18ឆ្នាំ​ម្នាក់ មាន​ឈ្មោះថា Shiva រស់នៅ​ក្នុងភូមិ Telangana បាន​ឆ្លងកាត់​ការរស់នៅ​រយៈពេល 11ថ្ងៃ នៅលើ​ដើមឈើ ដើម្បី​ចៀសវាង​ការចម្លង​វីរុស​Covid-19 ដល់​គ្រួសារ បន្ទាប់ពី​ខ្លួន​វិជ្ជមាន​នឹង​វីរុស​នេះ។

នៅពេល​ប្រទេស​ឥណ្ឌា ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​កាល​ពី​ឆ្នាំទៅ ពលករ​ចំណាកស្រុក​ជាច្រើន បាន​ត្រលប់​ទៅ​ស្រុកកំណើត ព្រោះតែ​កន្លែងធ្វើការ​ត្រូវគេ​បិទទ្វារ។ ពេលនោះ មាន​មនុស្ស​ជាច្រើន​ត្រូវ​បង្ខំចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធីផ្សេងៗ ដែល​អាចធ្វើ​ទៅបាន។

Shiva គឹជា​និស្សិត​ម្នាក់ កំពុង​សិក្សា​នៅ​ទីក្រុង Hyderabad នៃ​រដ្ឋ Telangana។ នៅពេល Covid-19 ឆ្លង​រាលដាល​ខ្លាំង​នៅ​ទីក្រុង កំលោះ Shiva ក៏​ត្រលប់មក​ស្រុក​វិញ។ Shiva ត្រូវបាន​គេ​ធ្វើតេស្ត​ឃើញថា វិជ្ជមាន​នឹង Covid-19 កាលពី​ថ្ងៃទី04 ខែឧសភា ឆ្នាំ2021 ហើយក៏​ត្រូវ​ក្រុមគ្រូពេទ្យ​ស្នើ​ឱ្យនៅ​ដាច់ដោយឡែក​ពី​គ្រួសារ។

ក៏ប៉ុន្តែ ដោយសារ​ផ្ទះ​ចង្អៀត​ពេក Shiva ក៏​នឹកឃើញ​វិធី​ចម្លែក​មួយ៖ Shiva យក​ដើម​ឫស្សី ចងភ្ជាប់​នឹង​មែកឈើ ដើម្បី​បង្កើតជា​កន្លែង​ស្នាក់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន។ កំលោះ​នេះ​ក៏​បង្កើត​ប្រព័ន្ធ​ខ្សែរូត និង​ឧបករណ៍​ចាំបាច់​សម្រាប់​ប្រើប្រាស់ ក៏ដូចជា​សម្រាប់​ទទួល​អាហារ​ពី​គ្រួសារ។

Shiva និយាយថា៖ «ពុំមាន​អ្នកណាម្នាក់​នៅក្នុង​ភូមិ ហ៊ាន​មកជួប​ខ្ញុំ​ទេ ព្រោះ​ខ្លាច Covid-19។ ប៉ុន្តែ ខ្ញុំ​គិតថា មិនចាំបាច់​ភ័យខ្លាច​ពេក​ទេ អ្នក​អាច​យកឈ្នះ​លើ​វា ដោយ​ការគិត​ប្រកបដោយ​វិជ្ជមាន»។ Shiva ឱ្យដឹងថា ក្នុងពេល​សម្រាក​លើ​ដើមឈើ គាត់​អាន​សៀវភៅ ស្ដាប់​ចម្រៀង និង​និយាយ​គ្នា​លេង​ជាមួយ​មិត្ត​ភ័ក្ដិ។

រហូត​ដល់ពេល​អ្នកយក​ព័ត៌មាន​បានដឹង​អំពី​ហេតុការណ៍​នេះ Shiva ពេលនោះ​ក៏​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន 11ថ្ងៃ​រួចហើយ។ ភូមិ​ដែល Shiva រស់នៅ មានគ្រួសារ​ប្រមាណ 350គ្រួ ប៉ុន្តែ មណ្ឌល​សុខភាព​នៅ​ឆ្ងាយ​ពី​នោះ 5គម ខណៈ​មន្ទីរពេទ្យ​ដែល​នៅក្បែរ​បំផុត ក៏មាន​ចម្ងាយ​រហូតដល់ 30គម។

បើទោះជា​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ថ្មី ត្រូវបាន​បង្កើតឡើង​នៅក្នុង​ទីរួមស្រុក កាលពី​ថ្ងៃទី13 ខែឧសភា ប៉ុន្តែ មនុស្ស​តិចតួច​ណាស់ដែ​ល​បានដឹង ដូច្នេះ ពួកគេ​ត្រូវ​រក​វិធី​ធ្វើ​ច​ត្តា​ឡី​ស័ក​ផ្ទាល់ខ្លួន។ ក្រៅពី Shiva ពលរដ្ឋ​ជាច្រើន​ក្នុងភូមិ ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយឡែក​នៅក្នុង​បន្ទប់ទឹក ខ្ទម ឬ​តង់។ល។

ប្រភព៖ Indiatoday
ប្រែសម្រួល​៖ បុត្រា

Advertisement