តើ​ប្រទេសនីមួយៗនៅ G7 បាន​​សន្យា​​ផ្ដល់​​វ៉ាក់សាំង COVID-19 ប៉ុន្មាន​ដូ​ស និង​តាម​យន្តការ​អ្វីខ្លះ ដល់​ពិភពលោក?

ដោយសារតែ​បាត់បង់​តុល្យភាព​ក្នុងការ​បែងចែក​វ៉ាក់សាំង យុទ្ធនាការ​ទប់ទល់​នឹង Covid-19 ជាស​កល បាន និង​កំពុង​ជួប​ឧបសគ្គ ដូច្នេះ គំនិត​ផ្ដួចផ្ដើម​ដែលមាន​ឈ្មោះថា COVAX ដែលជា​កម្មវិធី​ចែករំលែក​វ៉ាក់សាំង​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ បានកំណត់​គោលដៅ ផ្ដល់​វ៉ាក់សាំង​ចំនួន 2ពាន់​លាន​ដុល្លារ ដល់​បណ្ដា​ប្រទេស​ក្រីក្រ នៅក្នុង​ឆ្នាំ2021នេះ។ ក្នុងនោះ មេដឹកនាំ​បណ្ដា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ទាំង 7 (G7) ថ្មីៗនេះ ក៏បាន​សន្យា​ផ្ដល់​វ៉ាក់សាំង​បង្ការ Covid-19 រាប់រយ​លាន​ដូ​ស ដល់​បណ្ដា​ប្រទេស​ក្រីក្រ។

មុនពេល សហរដ្ឋអាមេរិក និង​អង់គ្លេស ប្រកាស​ឱ្យដឹង​អំពី​កញ្ចប់​ជំនួយ​ជា​វ៉ាក់សាំង​ថ្មី​បំផុត​របស់ខ្លួន កម្មវិធី COVAX ទើបតែ​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស ប្រហែល 150លាន​ដូ​ស​ប៉ុណ្ណោះ ដែល​នេះ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​តម្រូវការ 250លាន​ដូ​ស នៅ​ចុងខែ​កញ្ញា។ ខាងក្រោម​នេះ​គឺជា​ការសន្យា​របស់​បណ្ដា​ប្រទេស​ក្នុង​សម្ព័ន្ធ G7។

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃទី10 ខែមិថុនា បានប្រកាស​អំពី​គម្រោង​ទិញ​វ៉ាក់សាំង Pfizer ចំនួន 500លាន​ដូ​ស ដើម្បី​ផ្ដល់ឱ្យ​ប្រទេស​ចំនួន 92 ដែលមាន​ចំណូល​ទាប និង​សហភាព​អាហ្វ្រិក (African Union)។ យន្តការ​ផ្ដល់ជំនួយ​នេះ នឹងត្រូវ​ធ្វើឡើង​តាម​កម្មវិធី COVAX ដោយ 200លាន​ដូ​ស​សម្រាប់​ឆ្នាំ2021 និង 300លាន​ដូ​ស​សម្រាប់​ឆ្នាំ2022។

អង់គ្លេស ៖ នាយករដ្ឋមន្ត្រី Boris Johnson អះអាងថា G7 សន្យា​ផ្ដល់​វ៉ាក់សាំង​ប្រហែល 1ពាន់​លាន​ដូ​ស​ដល់​ពិភពលោក នៅ​ចុងឆ្នាំ2022។ អង់គ្លេស​ក៏​សន្យាថា នឹង​រួមចំណែក​យ៉ាងតិច 100លាន​ដូ​ស ដោយ​ចាប់ផ្ដើម​ពី​ពេលនេះ ដល់​ឆ្នាំ2022។

សហភាព​អឺរ៉ុប (EU) ៖ ប្រធាន​គណៈ​កម្មករ​អឺរ៉ុប Ursula von der Leyen បានប្រកាសថា EU រួមចំណែក ផ្ដល់​វ៉ាក់សាំង​យ៉ាងតិច 100លាន​ដូ​ស ដល់​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​មធ្យម និង​ទាប គិត​ត្រឹម​ចុង​ឆ្នាំនេះ។ ក្នុងនោះ បារាំង នឹង​ផ្ដល់ 30លាន​ដូ​ស, អាល្លឺម៉ង់ 30លាន​ដូ​ស និង អ៊ីតាលី 15លាន​ដូ​ស។ បារាំង មុននេះ បានផ្ដល់​វ៉ាក់សាំង AstraZeneca ចំនួន 184,000ដូ​ស ដល់​ប្រ​ទស សេ​ណេ​ហ្គា​ល តាមរយៈ COVAX។

ជប៉ុន ៖ រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី Yoshihide Suga អះអាងថា នឹង​រួមចំណែក ផ្ដល់​វ៉ាក់សាំង ដល់​កម្មវិធី COVAX ចំនួន 30លាន​ដូ​ស។ កាលពី​សប្ដាហ៍​មុន ជប៉ុន បានប្រគល់​វ៉ាក់សាំង AstraZeneca ចំនួន 1.24លាន​ដូ​ស ដល់​កោះ​តៃវ៉ាន់។

កាណាដា ៖ កាណាដា កំពុង​ពិភាក្សា​ជាមួយនឹង​ដៃគូ​សហការ ដើម្បី​ចែករំលែក​វ៉ាក់សាំង​ដែល​នៅសល់​របស់ខ្លួន ដល់​បណ្ដា​ប្រទេស តាមរយៈ​កម្មវិធី COVAX។ ប៉ុន្តែ កាណាដា មិនទាន់​ប្រកាស​អំពី​គម្រោង​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​ណាមួយ​នៅឡើយ៕

ប្រភព៖ Al Jazeera
ប្រែ​សម្រួល៖ បុត្រា

Advertisement