ថ្នាំ​ព្យាបាល​ជំងឺ COVID-19 របស់ កូរ៉េខាងត្បូង មាន​ប្រសិទ្ធភាព នៅក្នុង​ការពិសោធ​លើ​មនុស្ស ដំណាក់កាល​ទី​បី

ប្រភពព័ត៌មាន​ពី​រដ្ឋធានី សេ​អ៊ូ​ល បានឱ្យដឹងថា Celltrion Inc. ដែលជា​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​មួយ​របស់ កូរ៉េខាងត្បូង នា​ថ្ងៃទី14 ខែមិថុនា​នេះ បានប្រកាស​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស ដំណាក់កាល​ទី​បី​នៅ​ទូទាំង​ពិភពលោក ចំពោះ Rekirona ដែលជា​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ដោយ​ប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​នេះ​ផ្ទាល់។

ការពិសោធ​នេះ គឺជា ផ្នែក​ដ៏​សំខាន់​មួយ នៅក្នុង​ការស្រាវជ្រាវ​ដើម្បី​បញ្ជាក់​អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ទាំងស្រុង​របស់​ថ្នាំ Rekirona។ លទ្ធផល​នៃ​ការពិសោធ បាន​បង្ហាញថា ថ្នាំ Rekirona នេះ បាន​កាត់បន្ថយ​ពេលវេលា​នៃ​ការព្យាបាល និង​ហានិភ័យ​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ របស់​អ្នកជំងឺ Covid-19។

ជាក់ស្ដែង ថ្នាំ Rekirona កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូតដល់ 54% បើ​ធៀប​អ្នកជំងឺ​ដែល​មិនបាន​ប្រើ​ថ្នាំ​នេះ។ ចំណែក​រយៈពេល​នៃ​ការព្យាបាល​ជាសះស្បើយ ក៏​ត្រូវបាន​កាត់បន្ថយ​ជា​មធ្យម 4.9ថ្ងៃ ចំពោះ​អ្នកជំងឺ Covid-19 ទាំងអស់ និង 4.7 ចំពោះ​អ្នកជំងឺ Covid-19 ធ្ងន់ធ្ងរ។

ក្រុម​ហ៊ុន​ Celltrion

ថ្នាំ​ Rekirona ត្រូវបាន​នាយកដ្ឋាន​គ្រប់គ្រង​ឱសថ​របស់ កូរ៉េខាងត្បូង ផ្ដល់​ការអនុញ្ញាតឱ្យ​ធ្វើចរាច​រណ៍ កាលពី​ខែកុម្ភៈ​ ឆ្នាំ​2021។ ប្រការនេះ នាំឱ្យ Rekirona ក្លាយជា​ថ្នាំ​ព្យាបាល​ជំងឺ Covid-19 ដំបូង ដែល​ត្រូវបាន​ផលិត​នៅ​ប្រទេស កូរ៉េខាងត្បូង។

Rekirona គឺជា​អង្គ​ប​ដិ​ប្រាណ​ម៉ូ​ណូ​ក្លូន (monoclonal antibodies) ដែលមាន​សារធាតុ​ប្រឆាំងនឹង​វីរុស Covid-19។ អង្គ​ប​ដិ​ប្រាណ​ម៉ូ​ណូ​ក្លូន គឺជា ប្រូតេអ៊ីន មួយ​ប្រភេទ ដែល​ត្រូវបាន​រាងកាយ​ផលិតឡើង ដើម្បី​ជ្រៀតចូល​កោសិកា​ដែល​បាន​ឆ្លង​វីរុស។ ថ្នាំ​នេះ កន្លងមក ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​បន្ទាន់​រួចហើយ នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។

ក្រុមហ៊ុន Celltrion មាន​គម្រោង​ដាក់ពាក្យ​សុំច្បាប់​ធ្វើ​ចរាចរណ៍​ថ្នាំ​នេះ ទៅកាន់​ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ សហរដ្ឋ​អាមេរិក (FDA) និង​ស្ថាប័ន​គ្រប់គ្រង​ឱសថ អឺរ៉ុប (EMA) នៅក្នុង​ឆ្នាំនេះ៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement