រដ្ឋធានី​របស់ រុស្ស៊ី ត្រៀម​រង្វាន់ធំៗជាច្រើន ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ទៅ​ចាក់​វ៉ាក់សាំង​Covid-19 

អភិបាលក្រុង មូ​ស្គូ លោក Sergei Sobyanin កាលពី​ថ្ងៃទី13 ខែមិថុនា បានប្រកាសថា ពលរដ្ឋ​នៃ​រដ្ឋធានី ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ម្ជុល​ទីមួយ នឹងមាន​ឱកាស​ត្រូវ​ឆ្នោត​ដែលមាន​រង្វាន់ធំៗជាច្រើន ក្នុងនោះ​ក៏មាន​រថយន្ត​ច្រើន​គ្រឿង​ផងដែរ។

សារព័ត៌​មានបារាំង AFP បានចេញ​ផ្សាយ​ថា ប្រកាស​ខាងលើ​ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​អាជ្ញាធរ មានបំណង​បង្កើនល្បឿន​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 ខណៈដែល​ករណី​ឆ្លង​វីរុស​នៅ​រដ្ឋធានី​មូ​ស្គូ និង​ទូទាំងប្រទេស កំពុង​កើនឡើង។

«ចាប់ពី​ថ្ងៃទី14 ខែមិថុនា ដល់​ថ្ងៃទី11 ខែកក្កដា ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទីមួយ នឹង​បាន​ចូលរួម​កម្មវិធី​ចាប់ឆ្នោត​ឈ្នះ​រង្វាន់​រថយន្ត» លោក Sergei Sobyanin ប្រកាស​នៅលើ​គេហទំព័រ​របស់ខ្លួន​ដូច្នេះ។

លោក Sergei Sobyanin បញ្ជាក់ថា អ្នក​ទាំងឡាយ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង មានឱកាស​ឈ្នះ​រង្វាន់​រថយន្ត រហូតដល់ 5គ្រឿង ជា​រៀងរាល់​សប្ដាហ៍ ហើយ​ក្នុង 1គ្រឿងៗ មានតម្លៃ 1លាន​រូប​រុស្ស៊ី (ស្មើនឹង 13,884 ដុល្លារ​អាមេរិក)។

«ក៏ប៉ុន្តែ ពិតណាស់ ផលប្រយោជន៍​ចម្បង​ដែល​ពលរដ្ឋ​ទទួលបាន​ពី​ការចាក់​វ៉ាក់សាំង គឺ​មិនអាច​ប្រៀបប្រដូច​ជាមួយនឹងរ​ថយ​ន្ត​ទាំងនេះ​បានឡើយ នោះ​គឺ​សុខភាព និង​ទំនុកចិត្ត​របស់​ពួកគេ» អភិបាលក្រុង​មូ​ស្គូ រៀបរាប់។

លោក Sobyanin ឱ្យដឹងថា លោក​បានទទួល​ការចាក់​វ៉ាក់សាំង Sputnik V របស់ រុស្ស៊ី កាលពី​ឆ្នាំទៅ និង​បាន​ចាក់​រំលឹក​ឡើងវិញ កាលពី 2ថ្ងៃមុន។ លោក Sobyanin បន្ថែមថា លោក​មាន​មាន​អារម្មណ៍​ថា មាន​សុខ​ភាពល្អ​ណាស់។

កាលពី​ថ្ងៃទី13 ខែមិថុនា អាជ្ញាធរ​ក្រុង​មូ​ស្គូ ក៏បាន​ប្រកាសថា នឹង​ចាប់ឆ្នោត​ដែលមាន​រង្វាន់​ជា​ផ្ទះ 1ខ្នង មាន​បន្ទប់​គេង​ចំនួន3 សម្រាប់​ក្រុម​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ម្ជុល​ដំបូង ចាប់ពី​ថ្ងៃទី15 ខែមិថុនា ដល់​ថ្ងៃទី25 ខែមិថុនា។

ប្រទេស​រុស្ស៊ី មកដល់​បច្ចុប្បន្ន ចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ជូន​ពលរដ្ឋ​បាន​ប្រមាណ 12% នៃ​ប្រជាជន​សរុប ខណៈដែល​ការស្ទង់មតិ​នានា បាន​បង្ហាញថា ពលរដ្ឋ​ភាគច្រើន មិនមាន​បំណង​ចាក់​វ៉ាក់សាំង។

នៅ​ទូទាំងប្រទេស​រុស្ស៊ី គិត​មកដល់​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 នេះ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 5,208,687នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 126,430នាក់, អ្នកជា​ចំនួន 4,801,335នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 280,922នាក់៕

ប្រភព​៖ Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement