គន្លឹះ 9យ៉ាង ដើម្បី​សុខភាព​ល្អ

បញ្ហា​សុខ​ភាពជា​រឿង​មួយ ដែល​មនុស្ស​យើង​គិតគូរ​ខ្លាំងណាស់​នាពេល​បច្ចុប្បន្ន​នេះ យើង​អាច​សង្កេតឃើញ​បាន តាមរយៈ​ពេលធ្វើ​បុណ្យ​សុំ​ពរ ឬក៏​ជូនពរ​គ្នា​ទៅវិញទៅមក​ជាដើម ពាក្យ​ថា “សូមឱ្យ​មាន​សុខភាព​រឹងមាំ” តែង​បានឮ​ជាប់​ជានិច្ច។ ថ្មីៗនេះ ទស្សនា​វ​ដ្តី​សុខភាព H to H Magazine របស់​សហរដ្ឋ អាមេរិក បាន​សរសេ​អត្ថបទ​សុខភាព​មួយ ដែលមាន​ចំណងជើង​ថា “គន្លឹះ 9យ៉ាង​ដើម្បី​សុខភាព​ល្អ” ដែល​យើង​សូម​នាំមក​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ជា​បន្ត ដើម្បី​សាកល្បង​អនុវត្តតាម ព្រោះ​មិនមែនជា​រឿង​ពិបាក​ឡើយ ដើម្បី​មាន​សុខភាព​ល្អ។

1. ផ្លែ​ប៉ោម 1ថ្ងៃ 1ផ្លែ

ពាក្យស្លោក​ដែលថា An apple a day , keeps doctor away គឺជា​រឿង​ត្រឹមត្រូវ​ជានិច្ច។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​មហាវិទ្យាល័យ​ឡុ​ន​ដុន បាន​រកឃើញថា ការទទួល​ទាន​ផ្លែ​ប៉ោម 1ថ្ងៃ 1ផ្លែ នឹងធ្វើ​ឱ្យ​ការធ្វើការងារ​របស់​សួត កាន់តែ​ល្អប្រសើរ​ឡើង។ ដោយសារ អ៊ែន​ទី​អុក​ស៊ី​ឌែ​ន​ត៍ និង​សារធាតុ​ដែលមាន​នៅក្នុង​ផ្លែ​ប៉ោម ហៅថា Quercetin នឹង​ជួយ​ធ្វើឱ្យ​សួត​យើង​រឹងប៉ឹង និង​ធ្វើការ​បាន​យ៉ាង​ត្រឹមត្រូវ។

2. ដកដង្ហើមវែងៗ

យើង​គួរ​ដកដង្ហើម​ឱ្យបានវែងៗ ដើម្បី​ពង្រីក​ការធ្វើការងារ​របស់​សួត និង​ធ្វើឱ្យ​រាងកាយ​បានទទួល​អុក​ស៊ី​ហ្ស៊ែ​ន​យ៉ាង​គ្រប់គ្រាន់​ផង តែ​រៀងរាល់​ថ្ងៃនេះ យើង​ច្រើនតែ​ដកដង្ហើមខ្លីៗ ដោយសារតែ​ធ្វើការ​នៅក្នុង​កន្លែង​តូច ហប់ ឬ​អាចមកពី​មិនបាន​ដឹង ក៏​អាច​ថា​បានដែរ ដូច្នេះហើយ ក្នុង 1ថ្ងៃៗចូរ​សាកល្បង​ដកដង្ហើមវែងៗ ឱ្យបាន​យ៉ាងតិចណាស់ ក្នុង 1ថ្ងៃ 10ដង ដោយ​ត្រូវ​ដកដង្ហើម​ចូល​ឱ្យ​ពោះ​ឡើង​ប៉ោង និង​ដក​ដង្ហើមចេញ​វិញ ឱ្យ​ពោះ​ផត​ទៅវិញ ទើប​ត្រឹមត្រូវ​តាម​វិធី។

3. ចៀសវាង​ការយក​បន្លែ ចូលទៅ​ដាក់​ចម្អិន​ក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ

តាមរយៈ​ការស្រាវជ្រាវ​វិភាគ​របស់​ប្រទេស​អេ​ស្ប៉ា​ញ បាន​រកឃើញថា ការ​ចម្អិន​បន្លែ​ឱ្យ​ឆ្អិន​នៅក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ នឹង​ធ្វើឱ្យ​សារជាតិ​អាហារ​បាត់​បង់អស់ ដល់​ទៅ 97%  ដូច្នេះហើយ ពេលខ្លះ យើង​គួរ​ជ្រើសរើស​ទទួលទាន​បន្លែស្រស់​ខ្លះ ទើប​ជាការ​ប្រសើរ។

4. កម្រើកខ្លួន​ជានិច្ច

អ្នក​ដែល​កម្រើកខ្លួន ឬ​ធ្វើ​ចលនា​ជាប់​ជានិច្ច នឹងមាន​ប្រព័ន្ធ​រំលាយ​អាហារ​ល្អ​ជាង​អ្នក ដែល​គិតតែ​អង្គុយ​នៅ​មួយកន្លែង។ វិធី​នេះ​ជួយ​ការពារ​អាការ​ចុក​ឆ្អល់ពោះ រួមទាំង​រោគ​ពុក​ឆ្អឹង​ទៀតផង។

5. ប្រយោជន៍​របស់​ទឹកដូង

ទឹកដូង គឺជា​ទឹក​ផ្លែឈើ ដែល​ល្អ​បំផុត 1ប្រភេទ មាន​សារធាតុ​រ៉ែ ដែល​រាងកាយ​ត្រូវការ គ្រប់​ទាំងអស់ ដូចជា ប៉ូ​តា​ស្យូ​ម ដែក សូ​ដ្យូ​ម  កាល់ស្យូម ផូស្វ័រ អាស៊ីត​អា​មី​ណូ និង​វិ​តា​មីន​B ហើយ​ថែមទាំង​មាន​ជាតិ​ស្ករ​គ្លុយ​ខូ​ស ដែល​រាងកាយ​អាច​បឺត យកទៅ​ប្រើ​ជា​ថាមពល បាន​ភ្លាម​តែម្តង  មាន​សារធាតុ​ខ្លាញ់ ដែលមាន​ប្រយោជន៍​ដល់​រាងកាយ និង​មាន​ប្រយោជន៍​ក្នុងការ​បណ្តេញ​សារជាតិ​ពុល ចេញពី​រាងកាយ​ទៀតផង។

6. ពេល​គ្រុន​ក្តៅខ្លួន មិនគួរ​ញ៉ាំ​ផ្លែ​ត្របែក​ទេ

នៅក្នុង​ផ្លែ​ត្របែក​មាន រ៉ែ​ប៉ូ​តា​ស្យូ​ម​ខ្ពស់…នៅពេល​គ្រុន រាងកាយ​នឹងមាន​សីតុណ្ហភាព​ឡើង​ខ្ពស់ ការទទួល​ទាន​អាហារ​ដែលមាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ អាច​នឹង​ហុច​ផល​ឱ្យ​កើត​អាការ​ប្រកាច់​បាន។

7. ញ៉ាំ​ផ្លែក្រូច ជួយ​បំបាត់​អាការ​ធុញទ្រាន់ នឿយណាយ​ក្នុង​ចិត្តបាន

ការ​ញ៉ាំ​ផ្លែក្រូច ដោយ​បកសម្បក​ខ្លួនឯង នឹង​បាន​ធុំក្លិន​ក្រូច ដែល​នឹង​ជួយ​ឱ្យមាន​អារម្មណ៍​ធូរស្រាល ហើយ​វិ​តា​មីន​C ដែល​រាងកាយ បានទទួល​ពី​ផ្លែក្រូច ក្នុង​បរិមាណ​ដែល​ច្រើន​គ្រប់គ្រាន់ នឹង​ជួយ​ជំ​រុញឱ្យ​ខួរក្បាល បញ្ចេញ​អ័រម៉ូន​ដែល​ធ្វើឱ្យ​បាត់​ភាព​ធុញថប់​តឹងតែង​ក្នុង​ចិត្ត​បានល្អ​ទៀតផង ។

៨. ការ​ញ៉ាំ​អាហារ​ពេលព្រឹក ជួយ​ការពារ​រោគ​ភ្លេចភ្លាំង

អាហារ​ពេលព្រឹក ជួយ​ប្រឆាំង​ការ​បង្កក​ខ្លួន​របស់​ឈាម ព្រោះ​ឈាម​នៅពេល​ព្រឹក នឹង​ងាយ​បង្កក​ខ្លួន​ជាងពេល​ផ្សេងទៀត ដូច្នេះ​គួរ​ទទួលទាន​អាហារ​ពេលព្រឹក​ឱ្យបាន​ទៀងទាត់ ដើម្បីឱ្យ​ខួរក្បាល ត្រូវបាន​ឈាម​ហូរ​ទៅ​ចិញ្ចឹម​បាន​យ៉ាង​គ្រប់គ្រាន់ ខួរក្បាល​នឹង​បាន​ភ្លឺ​ថ្លា។

9. សូកូឡា​ខ្មៅ ប្រឆាំង​សារធាតុ​រ៉ាឌីកាល់​សេរី

តើ​មិត្ត​អ្នកអាន​ដឹង​ទេ​ថា សូកូឡា​ប្រភេទផ្សេងៗនោះ ស្ទើរតែ​គ្មាន​ចំណែក​ផ្សំ​របស់​កូ​កូ​ឡើយ មានតែ​សូកូឡា​ខ្មៅ​មួយ​ប៉ុណ្ណោះ ដែលជា​សូកូឡា​សុទ្ធ​ពិតប្រាកដ និង​ថែមទាំង​មាន​ប្រយោជន៍​ដល់​រាងកាយ​ទៀតផង ព្រោះ​មាន​សារធាតុ Flavonoid ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ឈាម​រត់​ឱ្យ​កាន់តែ​ល្អ​ឡើង។ គួរ​ញ៉ាំ​សូកូឡា​ខ្មៅ ក្នុង 1ថ្ងៃ ប្រមាណ កន្លះ​អន​ស៍៕

Advertisement