ចិន ចាក់​វ៉ាក់សាំង Covid-19 បាន​ជាង 1ពាន់​លាន​ដូ​ស​រួចហើយ

យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​ Covid-19 នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​ កាល​ពី​ថ្ងៃទី​28 ខែ​មេសា ឆ្នាំ​2021

ប្រទេស​ចិន បាន​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ម្ជុល​ទី 1ពាន់​លាន កាលពី​ថ្ងៃទី19 ខែមិថុនា ដែល​នេះ​គឺជា​របត់​សំខាន់​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ធំ​បំផុត​ក្នុង​ពិភពលោក។

ព័ត៌មាន​ខាងលើនេះ ត្រូវបាន​គណៈកម្មការ​ជាតិ​សុខាភិបាល​របស់​ចិន (NHC) ប្រកាស​ឱ្យដឹង​កាលពី​ថ្ងៃទី20 ខែមិថុនា ឆ្នាំ2021។ NHC ឱ្យដឹងថា វ៉ាក់សាំង​ជាង 20លាន​ដូ​ស ត្រូវបាន​ចិន ចាក់​ជូន​ពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ កាលពី​ថ្ងៃទី18 ខែមិថុនា ចិន ចាក់​ជូន​ប្រជាជន បាន​ជាង 23លាន​ដូ​ស នៅក្នុង​មួយថ្ងៃ។

«នេះ​ពិតជា​ទ្រង់ទ្រាយ​ដ៏​ធំ​មួយ ទាំង​យុទ្ធនាការ​ចែកចាយ និង​ការផលិត​វ៉ាកសាំង» Zoltan Kis អ្នកជំនាញ​ប្រចាំ​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង​អនាគត នៃ​សាកលវិទ្យាល័យ Imperial College London របស់​ប្រទេស​អង់គ្លេស បញ្ចេញមតិ​ដូច្នេះ។

យោងតាម Bloomberg ក្នុងចំណោម​វ៉ាក់សាំង Covid-19 ចំនួន 3ដូ​ស ដែល​ពិភពលោក​បាន​ប្រើប្រាស់ គឺមាន​ជាង 1ដូ​ស ត្រូវបាន​ចាក់​នៅ​ប្រទេស​ចិន។ NHC ឱ្យដឹងថា គិត​មកដល់​សប្ដាហ៍​ក​ន្ល​ង វ៉ាក់សាំង​សរុប ដែល​ពិភពលោក​បាន​ប្រើប្រាស់ បាន​កើន​ឡើងដល់ 2.5ពាន់​លាន​ដូ​ស ជាមួយនឹង​ល្បឿន​ជា​មធ្យម 37លាន​ដូ​ស/ថ្ងៃ ដោយ​គិត​ត្រឹម​ថ្ងៃទី18 ខែមិថុនា។

ប្រទេស​ចិន បានកំណត់​គោលដៅ ចាក់​វ៉ាក់សាំង​រួចរាល់​ជូន​ពលរដ្ឋ​ចំនួន 40% នៅក្នុង​ចំណោម​ប្រជាជន​សរុប 1.4ពាន់​លាន​នាក់ ឱ្យបាន​មុន​ខែកក្កដា ឆ្នាំ2021 និង​ត្រូវ​ចាក់​ឱ្យបាន​យ៉ាងតិច 70% នៃ​ក្រុមមនុស្ស​ដែល​ត្រូវ​ការចាក់​វ៉ាក់សាំង នៅ​ចុងឆ្នាំ2021។

សារព័ត៌មាន Xinhua កាលពី​ខែមេសា ឆ្នាំ2021 បាន​រាយការណ៍​ថា ប្រទេស​ចិន គ្រោង​នឹង​ផលិត​វ៉ាក់សាំង​បង្ការ Covid-19 ឱ្យបាន​ជាង 3ពាន់​លាន​ដូ​ស នៅក្នុង​ឆ្នាំនេះ៕

ប្រភព៖ SCMP, AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement