ម៉ាស៊ីន​បង្កើត​ចង្វាក់បេះដូង​ដំបូង​គេ ដែល​អាចរំលាយ​ខ្លួនឯងក្នុង​រាងកាយ​មនុស្ស ដោយ​ប្រើពេល​ខ្លី​បំផុត

ក្រុម​អ្នកវិទ្យាសាស្ត្រ អភិវឌ្ឍ​ម៉ាស៊ីន​បង្កើត​ចង្វាក់បេះដូង​មួយ​ប្រភេទ សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី ដោយ​វា​អាចរំលាយ​ខ្លួនឯង ក្រោយ​រយៈពេល​ចាប់ពី 5 ដល់ 7 សប្ដាហ៍។

ម៉ាស៊ីន​ខាងលើនេះ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុម​អ្នកឯកទេស ប្រចាំ​សាកលវិទ្យាល័យ Northwestern និង សាកលវិទ្យាល័យ George Washington នៃ សហរដ្ឋអាមេរិក។

ការសិក្សា​ស្រាវជ្រាវ​ថ្មី​នេះ ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Nature Biotechnology កាលពី​ថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2021។

ក្រុម​អ្នកស្រាវជ្រាវ ឱ្យដឹងថា នេះ​គឺជា​ម៉ាស៊ីន​បង្កើត​ចង្វាក់បេះដូង​ប្រើប្រាស់​បណ្ដោះអាសន្ន​រយៈពេល​ខ្លី និង​រលាយ​ដោយ​ឯកឯង​ដំបូង​គេ​ក្នុង​ពិភពលោក។ ម៉ាស៊ីន​នេះ ប្រើ​សម្រាប់​អ្នកជំងឺ​ដែល​ត្រូវការ​ចង្វាក់បេះដូង​សិប្បនិម្មិត ក្នុង​រយៈពេល​ខ្លី។

ឧបករណ៍​នេះ មាន​រូបរាង​ស្ដើង​ខ្លាំង ស្រាល​ខ្លាំង និង​មិនមាន​ខ្សែ​ត​ភ្ជាប់ ឬ​ថ្ម។ គ្រឿង​ម៉ាស៊ីន​របស់​វា អាច​រលាយ​ដោយ​ឯកឯង ក្នុង​រយៈពេល​ពី 5-7 សប្ដាហ៍។

ម៉ាស៊ីន​នេះ ដំណើរការ​ដោយ​ថាមពល​ដែល​បញ្ជូន​ពី​អង់​តែ​ន​មួយ​ដែល​នៅ​ឆ្ងាយ និង​ប្រើ​បច្ចេកវិទ្យា​ដូច​ទៅនឹង​ការទូទាត់​ប្រាក់ តាមរយៈ​ទូរស័ព្ទ​ឆ្លាត​វៃ។ ប្រការនេះ​មានន័យថា ម៉ាស៊ីន​នេះ​មិនត្រូវ​ការ​ថ្ម និង​ផ្នែក​រឹង ដូចជា​ខ្សែ​កាប ឬ​សំណ​ជាដើម។ ដូច្នេះ វា​មិន​បង្ក​ហានិភ័យ​ដល់​រាងកាយ ឬ​សុខភាព​របស់​អ្នកជំងឺ៕

ប្រភព៖ Mashable
ប្រែ​សម្រួល៖ បុត្រា

Advertisement