វ៉ាក់សាំង COVID-19 ៖ WHO ព្រមាន​ចំពោះ​ការចាក់​វ៉ាក់សាំង​លាយឡំ​គ្នា

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ដល់​បណ្ដា​ប្រទេស​ថា មិនគួរ​ប្រញាប់​ចាក់​វ៉ាក់សាំង​លាយឡំ​គ្នា រវាង​វ៉ាក់សាំង​ប្រភេទ​ផ្សេងគ្នា ដោយសារតែ​មិនទាន់មាន​ទិន្នន័យ​វិទ្យាសាស្ត្រ​ជាក់លាក់​ដែល​បញ្ជាក់ថា មាន​ប្រសិទ្ធភាព។

ពិភពលោក បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 សរុប​ជាង 188 លាន​នាក់ ក្នុងនោះ​មាន​ជាង 4 លាន​នាក់​បាន​ស្លាប់, ជាង 171 លាន​នាក់​បានជា និង​ជាង 12 លាន​នាក់​កំពុង​ព្យាបាល។ នេះ​បើតាម​គេហទំព័រ Worldometers។

Soumya Swaminathan ដែលជា​ប្រធាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់ WHO មាន​យោបល់​ថា មិនគួរ​យក​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​មួយ មកចាក់​លា​ឡំ​ជាមួយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផ្សេង លើ​មនុស្ស​ម្នាក់​នៅឡើយ។ លោកស្រី Soumya Swaminathan ថ្លែងថា នេះ​គឺជា «ប្រការ​គ្រោះថ្នាក់» ព្រោះថា មិនទាន់​ដឹង​ច្បាស់​អំពី​ផលប៉ះពាល់​ដល់​សុខភាព។

លោក​ស្រី Soumya Swaminathan

ប្រធាន WHO លោក Tedros Adhanom Ghebreyesus ក៏បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ថា មិនគួរ​ប្រញាប់​បញ្ជា​ទិញ និង​ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ទៅលើ​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់ ក្នុង​គ្រា​ដែល​ប្រទេស​ជាច្រើន មិនទាន់មាន​វ៉ាក់សាំង។

«ប្រទេស និង​ដែនដី​មួយចំនួន កំពុង​បញ្ជា​ទិញ​វ៉ាក់សាំង​សម្រាប់​ចាក់​បន្ថែម (ដូ​ស​ទី​បី) ចំនួន​រាប់លាន​ដូ​ស ខណៈ​ប្រទេស​ដទៃ​ជាច្រើន ពុំទាន់​មាន​វ៉ាក់សាំង​ដើម្បី​ចាក់ឱ្យ​បុគ្គលិក​សុខាភិបាល និង​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ។ ជំនួស​ឱ្យ​ការប្រើប្រាស់ Moderna និង Pfizer ជា​ដូ​ស​បន្ថែម នៅក្នុង​ប្រទេស​ដែលមាន​អត្រា​ការចាក់​វ៉ាក់សាំង​កម្រិត​ខ្ពស់ យើង​ស្នើឱ្យ​ពួកគេ​បង្វែរ​កម្លាំង​ទាំងស្រុង​មកឱ្យ COVAX ដែលជា​កម្មវិធី​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ក្រីក្រ ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ទាប» លោក Tedros ថ្លែង​ដូច្នេះ។

COVAX បានឱ្យដឹងថា បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ-លក់​វ៉ាក់សាំង​ចំនួន 550 លាន​ដូ​ស ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់ ចិន ចំនួន 2 គឺ Sinopharm និង Sinovac ដើម្បី​ផ្ដល់ឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ៕

ប្រភព៖  Reuters, CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement