តួលេខ​អ្នក​ឆ្លង COVID-19 នៅ វៀតណាម កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស

នា​ព្រឹក​ថ្ងៃទី 17 កក្កដា នេះ ក្រសួងសុខាភិបាល វៀតណាម បានឱ្យដឹងថា អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន 2,106 នាក់ ក្នុងនោះ​មាន 2,105 នាក់ ជា​ករណី​ឆ្លង​ក្នុងស្រុក ត្រូវបាន​រកឃើញ កាលពី​ម្សិលមិញ។

តួលេខ​អ្នក​វិជ្ជមាន​ថ្មី​ដែល​ត្រូវ​បានប្រកាស​នៅព្រឹក​​នេះ ច្រើនជាង​ជិត​ទ្វេដង ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ដែល​មានតែ​ជាង 1,438 នាក់។

ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ខាងលើ មាន 1,769 នាក់ នៅ​ទីក្រុង ហូជីមិញ, 124 នាក់ នៅ​ខេត្ត ប៊ិ​ញ​ហ្សឿ​ង ខណៈ 2 ករណី​នៅ​រដ្ឋធានី ហាណូយ។ល។

ករណី​ឆ្លង​ថ្មី​នេះ ធ្វើឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន នៅ​ទីក្រុង ហូជីមិញ កើនឡើង​ដល់ 25,682 នាក់ ខណៈ រដ្ឋធានី ហាណូយ កើន​ដល់ 572 នាក់។

មកដល់​ព្រឹក​នេះ វៀតណាម បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 សរុប ចំនួន​ជាង 42,600 នាក់។ ខេត្ត​ចំនួន 58 ក្នុងចំណោម​ខេត្ត​ទាំង 63 របស់​ប្រទេស​នេះ ត្រូវបាន​រកឃើញថា មាន​ករណី​ឆ្លង​វីរុស៕

ប្រភព​៖ ក្រសួង​សុខាភិបាល​វៀតណាម
ប្រែសម្រួល​៖ បុត្រា​

Advertisement