“អន្ទាក់” ទំហំ​លំដាប់ nano សម្រាប់​កម្ចាត់​វីរុស COVID-19

អន្ទាក់​ប្រភេទ​នេះ ត្រូវបាន​បញ្ចូល​ទៅក្នុង​រាងកាយ ដើម្បី «ចាប់» វីរុស​បង្ក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង​បណ្ដា​វីរុស​បង្ក​ជំងឺ​ផ្លូវដង្ហើម ឬ ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ដឹកជញ្ជូន​ថ្នាំ ចូលទៅ​កាន់​រាងកាយ។

ក្រុម​អ្នកស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​បច្ចេកទេស Munich នៃ​ប្រទេស អាល្លឺម៉ង់ ចាប់តាំងពី​ឆ្នាំ 2019 បាន និង​កំពុង​អភិវឌ្ឍ​អន្ទាក់​មួយ​ប្រភេទ​ដែលមាន​ទំហំ​លំដាប់ nano ដែលមាន​រូបរាង​ដូច​ទៅនឹង​រន្ធ​មហា​សែន​តូច ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើ​វិធីសាស្ត្រ DNA orgami (បត់​កំណាត់ DNA ទៅជា​រាង 2D, 3D ផ្សេងគ្នា)។

យោងតាម​ក្រុម​អ្នកស្រាវជ្រាវ ការជ្រើសរើស​ទីតាំង​បត់​ត្រឹមត្រូវ និង​ស្វែងរក​ទំហំ​អន្ទាក់​ដែល​អាច​ចាប់បាន​វីរុស​ដ៏​តូច គឺជា​កត្តា​សំខាន់។ នេះ​បើតាម Hendrik Dietz ប្រធាន​ក្រុម​ស្រាវជ្រាវ​ខាងលើ។

អន្ទាក់​នេះ ត្រូវបាន​រចនា​ទៅតាម​រូបរាង icosahedron ដែល​បង្កើតឡើង​ពី​ផ្ទៃ​នៃ​រាង​ត្រីកោណ​ចំនួន 20 ហើយ​នៅ​ខាងក្នុង គឺជា​ប្រហោង ដែល​អាច​ទាក់ទាញ​វីរុស។ Hendrik Dietz បានឱ្យដឹងថា តាមរយៈ​វិធី​នេះ ក្រុម​អ្នកស្រាវជ្រាវ អាច​ផ្លាស់ប្ដូរ​ផ្ទៃ​នៃ​រាង​ត្រីកោណ​នី​ម័យៗ ដើម្បី​សម្រប​ខ្លួន​ទៅតាម​ប្រភេទ​វីរុស។ វីរុស​ដែលមាន​ទំហំ​អតិបរមា ត្រឹម 180 អនុ​ឯក​តា​នៃ​ប្រូ​តេ​អ៊ី (protein subunit) គឺ​ងាយ​នឹង​ជាប់អន្ទាក់​នាក់។

ដើម្បី​ទប់ស្កាត់ មិនឱ្យ​អន្ទាក់​នេះ ត្រូវ​រលាយ​នៅក្នុង​រាងកាយ ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើ​ការពិសោធ ដោយ​ប្រើប្រាស់​កាំរស្មី UV ជះ​ទៅលើ​ម៉ូលេគុល​ប្រូតេអ៊ីន​នៅ​ខាងក្នុង និង​ប្រើ polyethylene glycol និង oligolysine ដើម្បី​ដោះស្រាយ​បញ្ហា​ពី​ខាងក្រៅ។ លទ្ធផល​បង្ហាញថា អន្ទាក់ nano នេះ នៅពេល​ត្រូវ​បានដាក់​ចូលក្នុង​សរសៃឈាម​របស់​សត្វ​កណ្ដុរ វា​អាច​ស្ថិតនៅក្នុង​ស្ថិរ​ភាពល្អ​រយៈពេល 24 ម៉ោង។

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់ថា វ៉ាក់សាំង​នាពេល​បច្ចុប្បន្ន ត្រូវបាន​ពេល​ច្រើន​ដើម្បី​អភិវឌ្ឍ ខណៈដែល​ល្បឿន​នៃ​ការឆ្លង​រាលដាល​របស់​វីរុស លឿន​ជាង​ឆ្ងាយ។

បច្ចុប្បន្ន ក្រុម​អ្នកស្រាវជ្រាវ កំពុង​បន្ត​ពិសោធ​លើស​ត្វ​កណ្ដុរ ដើម្បី​វាយតម្លៃ​លើ​លទ្ធភាព​នៃ​ការទទួលយក​របស់​វា​ង​កាយ។ ក្រៅពី​ប្រើ​សម្រាប់​កម្ចាត់​វីរុស​ចម្លងរោគ អន្ទាក់​នេះ​ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ដឹកជញ្ជូន​អង់​ទី​ហ្សែ​ន (antigens) និង​ថ្នាំ ចូលទៅក្នុង​រាងកាយ​ផងដែរ៕

ប្រភព៖ Science Daily
ប្រែ​សម្រួល៖ បុត្រា

Advertisement