វៀតណាម ផលិត​បាន​វ៉ាក់សាំង COVID-19 គំរូ Sputnik-V ដំបូង​រួចហើយ សម្រាប់​ការពិសោធន៍

ថ្ងៃទី 21 កក្កដា នេះ សារព័ត៌មាន​រដ្ឋ រុស្ស៊ី ដកស្រង់​សេចក្ដីប្រកាស​មួយ​របស់​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់ រុស្ស៊ី (Russian Direct Investment Fund / RDIF) ឱ្យដឹងថា វៀតណាម បាន​ផលិត​វ៉ាក់សាំង​ប្រឆាំង COVID-19 ប្រភេទ Sputnik-V គំរូ​សម្រាប់​ពិសោធន៍​ដំបូង ដែល​អភិវឌ្ឍ​ដោយ រុស្ស៊ី។ ក្រុមហ៊ុន​ជា​ដៃគូ VABIOTECH របស់​ភាគី វៀតណាម ក៏បាន​ទទួលស្គាល់​ព័ត៌មាន​នេះ។

ស្ថានីយ​វិទ្យុ Sputnik និង​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា គំរូ​របស់​វ៉ាក់សាំង​ពិសោធន៍​នេះ នឹង​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល Gamaleya នៅ​ប្រទេស រុស្ស៊ី ដើម្បី​ធ្វើការ​វាយតម្លៃ​គុណភាព។

នាយក​មូលនិធិ RDIF លោក Kirill Dmitriev បាន​និយាយថា «RDIF និង VABIOTECH កំពុង​សហការគ្នា​ក្នុង​ការផ្ទេរ​បច្ចេកវិទ្យា។ RDIF កំពុង​បង្កើន​កម្លាំង​ផលិត​វ៉ាក់សាំង Sputnik V ដើម្បី​បង្កើនល្បឿន​ក្នុង​ការចាក់​វ៉ាក់សាំង ដែល​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក»។

ប្រធាន​ក្រុមហ៊ុន VABIOTECH នៃ​ប្រទេស វៀតណាម លោក Do Tuan Dat ត្រូវបាន​ដកស្រង់​សំដី​ដែល​ថ្លែង​នៅលើ​ស្ថានីយ​វិទ្យុ Sputnik ឱ្យដឹង​ដែរ​ថា «យើង​សង្ឃឹមថា កិច្ចសហការ​រវាង RDIF និង VABIOTECH នឹង​ជួយ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង COVID-19 ប្រកបដោយ​គុណភាព និង​តម្លៃ​សមរម្យ ដល់ ប្រទេស វៀតណាម និង​បណ្ដា​ប្រទេស នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល»។

Sputnik-V គឺជា​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដែល​ត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ដំបូង​គេ​ក្នុង​ពិភពលោក។ យោងតាម RDIF មកដល់​បច្ចុប្បន្ន ប្រទេស និង​ដែនដី​ជាង 60 ដែលមាន​ប្រជាជន​សរុប ជាង 3.7 ពាន់​លាន​នាក់ បាន​ចុះឈ្មោះ​ប្រើប្រាស់​វ៉ាក់សាំង Sputnik-V ។

តារាង​វាយតម្លៃ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី ដែលជា​អ្នក​បាន​អភិវឌ្ឍ​វ៉ាក់សាំង Sputnik-V បញ្ជាក់ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព 97.6% ក្នុងការ​ទប់ស្កាត់ COVID-19។ វិទ្យាស្ថាន Gamaleya កាលពី​ថ្ងៃទី 29 មិថុនា បានឱ្យដឹងថា វ៉ាក់សាំង​របស់ រុស្ស៊ី នេះ ក៏មាន​ប្រសិទ្ធភាព​ប្រហែល 90% ក្នុងការ​ទប់ស្កាត់ COVID-19 ប្រភេទ Delta ផងដែរ។

បច្ចុប្បន្ន ឥណ្ឌា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ផលិត​វ៉ាក់សាំង Sputnik-V ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយ​ផលិត 300 លាន​ដូ​ស​ជា​រៀងរាល់ឆ្នាំ ទៅតាម​កិច្ចព្រមព្រៀង។ RDIF ក៏បាន​បន្ថែមថា ឈុត​វ៉ាក់សាំង Sputnik-V ដំបូង​ដែល​ផលិត​នៅ ឥណ្ឌា តាម​គម្រោង​នឹងត្រូវ​រួចរាល់​នៅក្នុង​ខែកញ្ញា ឆ្នាំ 2021៕

ប្រភព​៖ Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement