ដោយ​ទុកចិត្ត​វេជ្ជបណ្ឌិត ពលរដ្ឋ អ៊ូ​ហ្គ​ង់​ដា 800 នាក់ ត្រូវគេ​ចាក់​វ៉ាក់សាំង COVID-19 ក្លែងក្លាយ

យ៉ាងហោចណាស់ មាន​ពលរដ្ឋ​ចំនួន 800 នាក់ នៅ​ប្រទេស អ៊ូ​ហ្គ​ង់​ដា ត្រូវបាន​ចាក់​វ៉ាក់សាំង COVID-19 ក្លែង​ក្លាយ ក្នុងនោះ​មាន​អ្នកខ្លះ​ត្រូវ​ចាក់ទឹក​ទៀតផង។

មន្ត្រី​រដ្ឋាភិបាល អ៊ូ​ហ្គ​ង់​ដា កាលពី​ថ្ងៃទី 21 កក្កដា បានឱ្យដឹងថា នេះ​គឺជា​ល្បិចកល​ទាក់ទិន​នឹង​ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល មួយ​ក្ដាប់​តូច ដែលមាន​ចិត្ត​លោភលន់ និង​អមនុស្សធម៌។

យោងតាម​សារព័ត៌មាន SCMP ការចាក់​វ៉ាក់សាំង COVID-19 ក្លែងក្លាយ​ទាំងនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខែឧសភា និង​ខែមិថុនា ក្នុង​គ្រា​ដែល COVID-19 ឆ្លង​រាលដាល​ខ្លាំង​នៅ អ៊ូ​ហ្គ​ង់​ដា ដោយមាន​ពេលខ្លះ មាន​អ្នក​វិជ្ជមាន​រហូតដល់ 1,700 ករណី/ថ្ងៃ។

ក្រុម​ជន​ខិល​ខួច បាន​បោកប្រាស់​ពលរដ្ឋ​ទាំងឡាយណា​ដែល​ចង់​បង់ប្រាក់​ដើម្បី​បាន​ចាក់​វ៉ាក់សាំង​មុនគេ នៅក្នុង​អំឡុងពេល​ប្រទេស អ៊ូ​ហ្គ​ង់​ដា កំពុង​ខ្វះខាត​វ៉ាក់សាំង។

បណ្ឌិត Warren Naaamara ប្រធាន​អង្គភាព​តាមដាន​សេវា​សុខាភិបាល របស់​ប្រធានាធិបតី បានទទួល​ស្គាល់​ព័ត៌មាន​ខាងលើ និង​ឱ្យដឹង​បន្ថែមថា «យើង​បាន​ចាប់ខ្លួន​បុគ្គលិក​សុខាភិបាល​ចំនួន 2 នាក់ ទាក់ទង​នឹង​បញ្ហា​​បោកប្រាស់​នេះ ចំណែក​វេជ្ជបណ្ឌិត​ម្នាក់​ទៀត កំពុង​លាក់ខ្លួន»។

លោក Warren Naaamara បញ្ជាក់ថា អ្នក​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង​ក្លែងក្លាយ មិនចាំបាច់​ព្រួយបារម្ភ​ឡើយ ព្រោះ​ការពិសោធ​បង្ហាញថា វ៉ាក់សាំង​ក្លែងក្លាយ​នេះ មិនមាន​ផ្ទុក​សារធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ឡើយ។

រដ្ឋាភិបាល អ៊ូ​ហ្គ​ង់​ដា ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដោយ​មិន​គិតថ្លៃ ខណៈ​ក្រុម​ឆបោក យកប្រាក់​ចាប់ពី 25-120 ដុល្លារ ចំពោះ​ពលរដ្ឋម្នាក់។

ប្រទេស អ៊ូ​ហ្គ​ង់​ដា កាលពី​ថ្ងៃទី 21 កក្កដា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ត្រឹមតែ 252 នាក់​ប៉ុណ្ណោះ ក្រោយ​ការឆ្លង​ដល់​កម្រិត​កំពូល​កាលពី​ខែមិថុនា។ មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 សរុប​​ចំនួន 91,162 នាក់ ក្នុងនោះ​មាន 2,425 នាក់ បាន​បាត់​បង់ជីវិត៕

ប្រភព​៖ Bloomberg
ប្រែសម្រួល​៖ បុត្រា

Advertisement