សហភាព​អឺរ៉ុប អនុម័ត​ឱ្យប្រើ​វ៉ាក់សាំង Moderna សម្រាប់​ក្មេង​ជំទង់​ចាប់ពី​អាយុ 12 ឆ្នាំ

ស្ថាប័ន​គ្រប់គ្រង​ឱសថ​អឺរ៉ុប បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 Moderna សម្រាប់​ក្មេង​ជំទង់​ចាប់ពី​អាយុ 12-17 ឆ្នាំ ដូច្នេះ វា​បាន​ក្លាយជា​វ៉ាក់សាំង​ទី​ពីរ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​សម្រាប់​ក្មេង​ជំទង់​នៅលើ​ទ្វីប​នេះ។

«ការប្រើប្រាស់​វ៉ាក់សាំង Moderna សម្រាប់​ក្មេង​ចាប់ពី​អាយុ 12-17 ឆ្នាំ គឺ​ដូច​ទៅនឹង​មនុស្ស​ចាប់ពី​អាយុ 18 ឆ្នាំ​ឡើងទៅ» ស្ថាប័ន​គ្រប់គ្រង​ឱសថ​អឺរ៉ុប (EMA) បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី 23 កក្កដា។ វ៉ាក់សាំង​នេះ​នឹងត្រូវ​បាន​ចាក់​ពីរលើក ហើយ​ក្នុង​មួយលើកៗ មាន​គម្លាត​ពីគ្នា 4 សប្ដាហ៍។

EMA បានឱ្យដឹងថា ពួកគេ​បាន​ស្រាវជ្រាវ​លើ​ផលប៉ះពាល់​របស់​វ៉ាក់សាំង Moderna ចំពោះ​ក្មេង​ចាប់ពី​អាយុ 12-17 ឆ្នាំ។ ការស្រាវជ្រាវ​បង្ហាញថា ការបង្កើត​អង្គ​ប​ដិ​ប្រាណ Moderna នៅលើ​ក្មេង​ចាប់ពី 12-17 ឆ្នាំ គឺ ប្រហាក់ប្រហែល​នឹង​មនុស្សពេញវ័យ​ដែលមាន​អាយុ​ចាប់ពី 18-25 ឆ្នាំ។

កាលពី​ខែឧសភា Pfizer/BioNTech បាន​ក្លាយជា​វ៉ាក់សាំង​បង្ការ COVID-19 ដំបូង​គេ​បង្អស់ ដែល​ត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ចំពោះ​ក្មេង​ជំទង់​នៅ​អឺរ៉ុប។

EMA ឱ្យដឹងថា ផលប៉ះពាល់​របស់​វ៉ាក់សាំង​នៅលើ​ក្មេង ប្រហាក់ប្រហែល​នឹង​ផលប៉ះពាល់​នៅលើ​មនុស្សពេញវ័យ រួមមាន​ដូចជា ឈឺ និង​ហើម​ត្រង់​កន្លែង​ចាក់ អស់កម្លាំង ឈឺក្បាល ឈឺ​សាច់ដុំ និង​សន្លាក់ ហើម​កូនកណ្ដុរ (កូនកណ្ដុរ​ឈាមស) ព្រឺ​រងា រកកល​ក្អួត ក្អួតចង្អោរ និង​ក្ដៅខ្លួន។ «អាការ​ទាំងនេះ តែង​កើតឡើង​ក្នុង​សភាព​ស្រាល ឬ​មធ្យម ហើយ​បាត់​ទៅវិញ​បន្តិចម្ដង» នេះ​បើតាម EMA៕

ប្រភព​៖ Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement