ក្រុមហ៊ុន ជប៉ុន ពិសោធ​ថ្នាំ​ព្យាបាល COVID-19! ព្យាបាល 5 ថ្ងៃ ជា ៖ អ្នក​មិន​អាច​ចាក់​វ៉ាក់សាំងបាន​​ មាន​សង្ឃឹម​ហើយ!

ក្រុមហ៊ុន Shionogi នៅ Osaka ប្រទេស ជប៉ុន បានចាប់ផ្ដើម​ពិសោធ​លើ​មនុស្ស ចំពោះ​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 របស់​ពួកគេ ដោយ​ឱ្យ​លេប 1 ថ្ងៃ 1 ដង ហើយ​លទ្ធផល​ដែល​ទទួលបាន នោះ​គឺ​ការ​កម្ចាត់​វីរុស​ក្នុង​រយៈពេល មិន​ដល់ 1 សប្ដាហ៍។

ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal បានចេញ​ផ្សាយ​ថា Shionogi ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​ឱសថ​សម្រាប់​បញ្ចុះ​ខ្លាញ​អាក្រក់ Crestor បានប្រកាសថា ផលិត​បាន​ថ្នាំ​កម្ចាត់​វីរុស COVID-19។ ដោយ​ត្រូវ​លេប 1 ដង ក្នុង 1 ថ្ងៃ ថ្នាំ​ប្រភេទ​នេះ នឹងមាន​ភាពងាយស្រួល​ក្នុងការ​ព្យាបាល។ ក្រុមហ៊ុន Shionogi បានឱ្យដឹងថា ពួកគេ​កំពុង​ពិសោធ​លើ​ការប្រើប្រាស់​ថ្នាំ រួម​នឹង​ផលប៉ះពាល់​របស់​វា នៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត។ ការពិសោធ​នេះ​ទើបតែ​បានចាប់ផ្ដើម​ក្នុង​ខែកក្កដា ហើយ​វា​អាច​អូសបន្លាយ​ដល់​ឆ្នាំ 2022។

វិធី​ព្យាបាល COVID-19 ដែលមាន​ក្នុង​បច្ចុប្បន្ន មានដូចជា ថ្នាំ​ប្រឆាំង​វីរុស​ប្រភេទ​បញ្ចូល​ក្នុង​សរសៃឈាម remdesivir របស់ Gilead Sciences ប្រើ​នៅក្នុង​មន្ទីរពេទ្យ និង​មាន​ប្រសិទ្ធភាព​ដោយ​ករណី។ ថ្នាំ​មួយចំនួនទៀត​ដែល​ត្រូវបាន​ប្រើ​នាបច្ចុប្បន្ន មានដូចជា ថ្នាំ​អង្គ​ប​ដិ​ប្រាណ​ប្រភេទ monoclonal (mAb ឬ moAb) ថ្នាំ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Regeneron និង​ថ្នាំ​ប្រភេទ steroid dexamethasone។

«គោលដៅ​របស់​យើង នោះ​គឺ​ការបង្កើត​ថ្នាំ​ប្រភេទ​លេប ប្រកបដោយ​សុវត្ថិភាព ដូច​ទៅនឹង Tamiflu និង Xofluza» លោក Isao Teshi នាយក​ប្រតិបត្តិ​របស់ Shionogi បញ្ជាក់​ដូច្នេះ។ លោក​ថ្លែងថា ថ្នាំ​គ្រាប់​ព្យាបាល COVID-19 របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​កម្ចាត់​វីរុស ក្នុង​រយៈពេល 5 ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​បាន​លេប​គ្រាប់​ដំបូង។

លោក Isao Teshi នាយកប្រតិបត្តិរបស់ Shionogi

វេជ្ជបណ្ឌិត Teshirogi បាន​បញ្ជាក់ថា ក្រុមហ៊ុន​នឹង​ស្វែងរក​អ្នកស្ម័គ្រចិត្ត ចាប់ពី 50-100 នាក់ ដើម្បី​ចូលរួម​ការពិសោធ​នៅ ជប៉ុន។ ក្រោយមក ការពិសោធ​ធំ​ជាង​នេះ​មួយ​ផ្សេងទៀត ក៏​នឹង​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ 2020។

ក្រុមហ៊ុន ជប៉ុន នេះ បាន​ចូលរួម​ប្រជែង​ក្នុងការ​អភិវឌ្ឍ​ថ្នាំ​ព្យាបាល COVID-19 យឺត​ជាង បើ​ធៀប​នឹង​ក្រុមហ៊ុន Pfizer និង Merck ដែល​សុទ្ធតែជា​ក្រុមហ៊ុន​របស់ សហរដ្ឋអាមេរិក។ Pfizer បានប្រកាសថា ថ្នាំ​ប្រភេទ​លេប 2 ដង/ថ្ងៃ របស់​ពួកគេ នឹង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ដាក់លក់​ក្នុង​ទីផ្សារ លឿន​បំផុត​នៅ​ឆ្នាំនេះ។ Pfizer កំពុង​ត្រៀម​ស្វែងរក​អ្នកជំងឺ COVID-19 ចំនួន 2,000 នាក់ ដើម្បី​ចូលរួម​ការពិសោធ​ថ្នាំ​នេះ។

ការសិក្សា​ស្រាវជ្រាវ​នានា​បាន​បង្ហាញថា ការចាក់​វ៉ាក់សាំង មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ជំងឺ​ដែល​បង្កឡើង​ដោយ​វ៉ា​រ្យ៉​ង​មួយចំនួន​របស់ COVID-19 ប៉ុន្តែ ជាក់ស្ដែង នៅមាន​មនុស្ស​ជាច្រើន​មិន​ចង់​ចាក់​វ៉ាក់សាំង ឬ​មាន​ជំងឺ​ប្រចាំកាយ មិនអាច​ចាក់​វ៉ាក់សាំង​បាន ខណៈដែល​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ក៏​នៅមាន​ហានិភ័យ​វិជ្ជមាន​នឹង​វីរុស​នេះ។ ដូច្នេះ ការអភិវឌ្ឍ​ថ្នាំ​ព្យាបាល COVID-19 របស់​ក្រុមហ៊ុន​ទាំងនេះ គឺ​សំដៅលើ​ក្រុមមនុស្ស​ខាងលើ។

ក្រៅពី​ក្រុមហ៊ុន​ខាងលើ នៅមាន​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត កំពុង​យកចិត្តទុកដាក់​លើ​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ក្នុងនោះ នៅ​ប្រទេស អ៊ីស្រាអែល ក្រុម​អ្នកវិទ្យាសាស្ត្រ បានប្រកាសថា បាន​រកឃើញ​ថ្នាំ​ចំនួន 3 ប្រភេទ​ដែលមាន​ស្រាប់ មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​អ្នកជំងឺ COVID-19 រួមមាន ថ្នាំ​ព្យាបាល​បញ្ហា​ស្ទះ​សរសៃឈាម darapladib, ថ្នាំ​ព្យាបាល​មហារីក flumatinib និង​ថ្នាំ​ព្យាបាល​ជំងឺ HIV៕

ប្រភព​៖ WSJ
ប្រែសម្រួល​៖ បុត្រា

Advertisement