ក្រសួងសុខាភិបាល អនុញ្ញាតឱ្យ​វិស័យ​ឯកជន នាំចូល​វ៉ាក់សាំង COVID-19 សម្រាប់​ចែកចាយ​នៅ កម្ពុជា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បាន​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​រកស៊ី​ផ្នែក​ឱសថ អាច​នាំចូល​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) មក​ចែកចាយ​នៅ កម្ពុជា។

ក្នុង​លិខិត​ជម្រាប​ទៅ​ម្ចាស់​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ នា​ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 លោក​សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណ​ឱសថ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល អាចធ្វើ​ការស្នើសុំ​នាំចូល​វ៉ាក់សាំង COVID-19 ទាំងឡាយណា ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ចែកចាយ និង​ចាក់​តាម​ទីតាំង​ផ្តល់​សេវា​សុខាភិបាល​ឯកជន ស្របច្បាប់ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស។

ក្នុង​លិខិត​នេះ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណ​ឱសថ ត្រូវ​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​ក្នុងការ​ដឹកជញ្ជូន ការថែរក្សា និង​ការ​ស្តុក​វ៉ាក់សាំង នៅក្នុង​ឃ្លាំង ដើម្បី​ធានា​ឱ្យបាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់៕

Advertisement