ក្រោយ​ចាក់​វ៉ាក់សាំង AstraZeneca ម្ជុល​ទី​ពីរ ហានិភ័យ​កកឈាម បាន​ថយចុះ​ទាប​បំផុត

ហានិភ័យ​នៃ​បញ្ហា​កកឈាម​បន្ទាប់ពី​ត្រូវបាន​ចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ទី​ពីរ មានការ​ថយចុះ​ច្រើន បើ​ធៀប​នឹង​ក្រោយ​ការចាក់​ដូ​ស​ទីមួយ។

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ Lancet កាលពី​ថ្ងៃទី 28 កក្កដា ក្រោម​ការដឹកនាំ និង​ឧបត្ថម្ភ​ដោយ AstraZeneca បាន​បង្ហាញថា អត្រា​នៃ​ការកកើត​ដុំ​ឈាមកក ដោយ​បរិមាណ​ប្លា​កែ​ត​ថយចុះ (TTS/ Thrombosis with Thrombocytopenia Syndrome) ក្រោយពី​បាន​ចាក់​ម្ជុល​ទីមួយ ស្មើនឹង 8.1 នាក់/1 លាន​នាក់។

ការស្រាវជ្រាវ ផ្អែកទៅលើ​ទិន្នន័យ​សុវត្ថិភាព​សកល​របស់ AstraZeneca ដែល​បាន​វាយតម្លៃ​លើ​ករណី​ត្រូវបាន​រាយការណ៍​គិត​ត្រឹម​ថ្ងៃទី 30 មេសា ក៏​បង្ហាញថា បញ្ហា​កកឈាម កើតឡើង​ក្នុង​រង្វង់ 14 ថ្ងៃ បន្ទាប់ពី​បាន​ចាក់​ម្ជូ​ល​ទីមួយ ឬ​ម្ជុល​ទី​ពីរ។

ជាក់ស្ដែង មាន​បញ្ហា TTS ចំនួន 13 ករណី​ត្រូវបាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក បន្ទាប់ពី​បាន​ចាក់​ដូ​ស​ទី​ពីរ នៅលើ​មនុស្ស​ចាប់ពី​វ័យ 45-85 ឆ្នាំ ខណៈ 399 ករណី ត្រូវបាន​រកឃើញ ក្រោយពី​បាន​ចាក់​ម្ជុល​ដំបូង។

ស្ថាប័ន​គ្រប់គ្រង​ឱសថ​របស់​សហភាព​អឺរ៉ុប (EU) បាន​ពិនិត្យ​ទៅលើ​ករណី TTS ចាប់តាំងពី​ខែមីនា និង​បាន​រកឃើញ​ទំនាក់ទំនង​រវាង​បញ្ហា​កកឈាម​នេះ ជាមួយនឹង​វ៉ាក់សាំង AstraZeneca និង Johnson & Johnson។ ក៏ប៉ុន្តែ ពួកគេ​​សង្កត់​ធ្ងន់​ថា ផលប្រយោជន៍​ជារួម​របស់​វ៉ាក់សាំង​ទាំង 2 ប្រភេទ​នេះ នៅតែ​ធំធេង​ជាង​ហានិភ័យ​ណាៗទាំងអស់៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement