វ៉ាក់សាំង Pfizer 3 ដូ​ស គ្រប់​គ្រាន់​សម្រាប់​ការ​​ទប់ទល់​នឹង​ វ៉ា​រ្យ៉​ង់ Delta របស់ COVID-19

ទិន្នន័យ​ថ្មី​បាន​បង្ហាញថា ដូ​ស (ម្ជុល) ទី​បី នៃ វ៉ាក់សាំង Pfizer អាច​បង្កើន​បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​ប្រឆាំង​វីរុស COVID-19 ប្រភេទ Delta ចាប់ពី 5-11 ដង បើ​ធៀប​នឹង​ការចាក់​ម្ជុល​ទី​ពីរ។

ទិន្នន័យ​ដែល​ត្រូវ​ក្រុមហ៊ុន Pfizer បង្ហោះ​នៅលើ​អ៊ី​ន​ធើ​ណិ​ត កាលពី​ថ្ងៃទី 28 កក្កដា បង្ហាញថា បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​ប្រឆាំងនឹង វីរុស COVID-19 ប្រភេទ Delta នៅលើ​មនុស្ស​ដែលមាន​វ័យ​ចាប់ពី 18-55 ឆ្នាំ កើនឡើង 5 ដង ក្រោយពី​បាន​ចាក់​ដូ​ស​ទី​បី។ ចំណែក​នៅលើ​អ្នក​ដែលមាន​វ័យ​ចាប់ពី 65-85 ឆ្នាំ កំណើន​នៃ​អង្គ​ប​ដិ​ប្រាណ​នេះ ស្មើនឹង 11 ដង។

ក្រុម​អ្នកស្រាវជ្រាវ​របស់ Pfizer/BioNTech អះអាងថា ការចាក់​វ៉ាក់សាំង Pfizer ដូ​ស​ទី​បី ជួយ​បង្កើន​ភាពរឹងមាំ​នៃ​របង​ការពារ​មនុស្ស​ពី Delta ដែលជា​វ៉ា​រ្យ៉​ង់ (វី​រូស​បំប្លែង​ខ្លួន​ថ្មី) របស់ COVID-19 ដែល​កំពុង​រាតត្បាត​តំបន់​ជាច្រើន​ក្នុង​ពិភពលោក។ ក្រុម​ស្រាវជ្រាវ​បន្ថែមថា វ៉ាក់សាំង Pfizer ចំនួន 3 ដូ​ស អាចជួយ «បង្កើន​លទ្ធភាព​នៃ​ការបង្ក្រាប​លើ វ៉ា​រ្យ៉​ង់ Delta បាន​រហូតដល់ 100 ដង» ធៀប​នឹង​កាល​មិនទាន់បាន​ចាក់​វ៉ាក់សាំង។

ក្រៅពីនេះ ទិន្នន័យ​នៃ​ការពិសោធ​ស្រាវជ្រាវ​ខាងលើ ក៏បាន​បញ្ជាក់ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Pfizer ចំនួន 3 ដូ​ស មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​វីរុស​ប្រភេទ​ដំបូង​របស់ COVID-19 និង វ៉ា​រ្យ៉​ង់ Beta ដែល​បង្ហាញខ្លួន​ដំបូង​នៅ​ប្រទេស អាហ្វ្រិក​ខាងត្បូង ខ្ពស់ជាង​ច្រើន បើ​ធៀប​នឹង​អ្នក​ដែល​បាន​ចាក់​ពីរ​ដូ​ស។ បច្ចុប្បន្ន ទិន្នន័យ​នៃ​ការពិសោធ​នេះ មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់​ជា​ផ្លូវការ​នៅឡើយ។

នៅក្នុង​បញ្ជី​ស្ដីពី​វ៉ាក់សាំង​ប្រឆាំង COVID-19 ដែល​ត្រូវបាន WHO អនុម័ត គេ​ឃើញថា វ៉ាក់សាំង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា mRNA មាន​ប្រសិទ្ធភាព​ខ្ពស់​ជាងគេ នៅក្នុង​ការពិសោធ​លើ​មនុស្ស ក្នុងនោះ វ៉ាក់សាំង Moderna មាន​ប្រសិទ្ធភាព 94% និង Pfizer 95%។ បើទោះជា​មានការ​លំបាក​ក្នុងការ​រក្សាទុក និង​ការដឹកជញ្ជូន ប៉ុន្តែ វ៉ាក់សាំង​ទាំង 2 ប្រភេទ​នេះ ហាក់​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ជាក់ស្ដែង ប្រហាក់ប្រហែល​នឹង​លទ្ធផល​នៃ​ការពិសោធ។ ការស្រាវជ្រាវ​មួយ​របស់​រដ្ឋាភិបាល​អ​ង់​គ្លេ​ស កាលពី​ខែ​មុន បានបង្ហាញ​ដែរ​ថា វ៉ាក់សាំង Pfizer ចំនួន 2 ដូ​ស អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ​របស់​អ្នក​វិជ្ជមាន​នឹង វ៉ា​រ្យ៉​ង់ Delta បាន​រហូតដល់ 96% ឯណោះ៕

ប្រភព៖ CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement