វ៉ាក់សាំង COVID-19 ជាង 1.4 លាន​ដូ​ស ជា​ជំនួយ​របស់ អាមេរិក និង អង់គ្លេស នឹង​មកដល់ កម្ពុជា ក្នុង​សប្ដាហ៍​នេះ

វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ចំនួន​ពាក់កណ្ដាល ក្នុងចំណោម​ជាង 1 លាន​ដូ​ស ដែលជា​ជំនួយ​របស់ សហរដ្ឋអាមេរិក តាមរយៈ​យន្តការ COVAX នឹង​មកដល់ កម្ពុជា នៅ​ថ្ងៃស្អែក ខណៈ​ជំនួយ​ជា វ៉ាក់សាំង ចំនួន 415,000 របស់ ចក្រភព​អង់គ្លេស ក៏​នឹង​មកដល់ កម្ពុជា ក្នុង​សប្ដាហ៍​នេះដែរ។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​របស់ ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំ កម្ពុជា ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី 28 កក្កដា បាន​បញ្ជាក់ថា វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​ប្រទេស​នេះ គឺ​ប្រភេទ Johnson & Johnson។ វ៉ាក់សាំង​ទាំងនេះ នឹង​មកដល់ កម្ពុជា នៅ​ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021 វេលា​ម៉ោង 07:15 នាទី​ព្រឹក នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ស្ថានទូត​ក៏បាន​ឱ្យដឹងថា វ៉ាក់សាំង​ដែល​នៅសល់​ពីនេះ នឹង​មកដល់​នៅ​ថ្ងៃទី 02 ខែសីហា ឆ្នាំ 2021។

ដោយឡែក ស្ថានទូត​អង់គ្លេស ប្រចាំ កម្ពុជា ក៏បាន​ឱ្យដឹងថា វ៉ាក់សាំង AstraZeneca ចំនួន 415,000 ដូ​ស ដែល​ប្រទេស​នេះ បាន​សន្យា​ផ្ដល់​ជា​ជំនួយ​ដល់ កម្ពុជា ត្រូវ​បានរៀបចំ​រួចរាល់ ហើយនឹង​មកដល់ កម្ពុជា ក្នុង​សប្ដាហ៍​នេះដែរ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 75,917 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 68,380 នាក់ និង អ្នកស្លាប់ 1,350 នាក់៕

ដោយ​៖ បុត្រា

Advertisement