វិធីសាស្ត្រ​ដែល តៃវ៉ាន់ ប្រើ និង​ទទួលបាន​ជោគជ័យ នៅ​ក្នុងការ​ប្រែ​ត្រលប់​ស្ថានការណ៍ COVID-19

នៅក្នុង​ពាក់កណ្ដាល​ខែឧសភា ជីវភាព​សុខសាន្ត​រប​ស់​ប្រជាជន​នៅ​កោះ តៃវ៉ាន់ ស្រាប់តែ​ត្រូវ​ក្រឡាប់​ចក្រ ដោយសារតែ​រលក​នៃ​ការឆ្លង​រាលដាល COVID-19 ដ៏​ធ្ងន់ធ្ងរ ប៉ុន្តែ បច្ចុប្បន្ន កោះ​នេះ​បែរជា​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង។

កោះ​តៃវ៉ាន់ ធ្លាប់​ត្រូវបាន​គេ​ចាត់ទុកថា​ជា ដែនដី​គំរូ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 របស់​ពិភពលោក។ ក្នុង​គ្រា​ដែល​តំបន់ផ្សេងៗ ជួបនឹង​បញ្ហា COVID-19 សកម្មភាព​សេដ្ឋកិច្ច​របស់​កោះ​នេះ នៅតែ​ដំណើរការ​ក្នុង​រយៈពេល​ភាគច្រើន​នៃ​វិបត្តិ​សុខភាព។ សាលារៀន នៅតែ​បើកទ្វារ រោងភាពយន្ត ភោជនីយដ្ឋាន​ពេញ​ដោយ​មនុស្ស សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង។

ភាពសុខសាន្ត​ខាងលើ​ក៏ត្រូវ​បានបញ្ចប់​កាលពី​ពាក់កណ្ដាល​ខែឧសភា ព្រោះតែ​ការ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​ពី​វីរុស COVID-19។ ក្នុង​រយៈពេល​តែ​កន្លះ​ខែ តួលេខ​អ្នក​ឆ្លង​វីរុស​នៅ តៃវ៉ាន់ បាន​កើន​ពី​ជាង 1,500 ឡើងដល់​ជិត 9,000 នាក់។ តួលេខ​អ្នក​ឆ្លង​សរុប និង​អ្នកស្លាប់​សរុប កើន​ជា​បន្តបន្ទាប់​គឺ ជាង 15,700 នាក់ និង​ជាង 790 នាក់ ច្រើនជាង​ឆ្ងាយ​ធៀប​នឹង​តួលេខ​នៃ​ការស្លាប់ 12 នាក់ ក្នុងអំឡុង​មុនពេល​ការឆ្លង​រាលដាល​ផ្ទុះឡើង។

ប៉ុន្តែ ស្ថានភាព​នោះ ត្រូវបាន​កែលម្អ​ឡើងវិញ​ហើយ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ កាលពី​ថ្ងៃទី 17 ឧសភា ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ តៃវ៉ាន់ គឺ 535 នាក់ ខណៈដែល​មធ្យមភាគ​ក្នុងអំឡុង 7 ថ្ងៃ នៃ​សប្ដាហ៍​មុន មាន​មិន​ដល់ 20 ករណី។ ថ្ងៃទី 26 កក្កដា តៃវ៉ាន់ បាន​រាយការណ៍​ថា អ្នក​ឆ្លង​ក្នុង​សហគមន៍ មានតែ 10 នាក់​ប៉ុណ្ណោះ។

យោងតាម​ការអធិប្បាយ​របស់ Wayne Soon មកពី​សារព័ត៌មាន Diplomat វី​ធី​សាស្ត្រ​សំខាន់​ដំបូង​ដែល​ជួយ​ឱ្យ តៃវ៉ាន់ គ្រប់គ្រង​បាន​នូវ​ការឆ្លង​រាលដាល នោះ​គឺ ការបង្កើន​ការអនុវត្ត​យុទ្ធសាស្ត្រ​ដែល​កោះ​នេះ បានធ្វើ​តាំង​ពីមុនមក រួមមាន ការពាក់​ម៉ាស ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការតាមរក​អ្នកពាក់ព័ន្ធ។ តាំងពី​ខែមេសា ឆ្នាំ 2020 តៃវ៉ាន់ បានចាប់ផ្ដើម​បង្គាប់​ឱ្យ​ពាក់​ម៉ាស​នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ។ ក្រោយមក អាជ្ញាធរ​ក៏​ពង្រីក​វិសាលភាព​នៃ​ការកំណត់ និង​ចេញ​បទបញ្ជា​ឱ្យ​ពាក់​ម៉ាស នៅពេល​ចេញពីផ្ទះ។

តៃវ៉ាន់ ក៏​បន្ថែម​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកជំងឺ COVID-19 ក្នុងនោះ​មាន​ទាំង​សណ្ឋាគារ និង​ទីតាំង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។ ប្រការនេះ បាន​ជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល​ក្នុង​គ្រួសារ និង​សហគមន៍។

Wayne Soon វាយតម្លៃថា កត្តា​សំខាន់​ទី​ពីរ ដែល​នាំមក​នូវ​ជោគជ័យ​ឱ្យ តៃវ៉ាន់ នោះ​គឺ អាជ្ញាធរ​ចេះ​ស្ដាប់​យោបល់ និង​ការប្ដូរ​ផ្លាស់​គោលនយោបាយ។ ដំបូង​ឡើយ ពួកគេ​រារែក​ក្នុង​ការហាម​បរិ​យោគ​អាហារ​ក្នុង​ភោជនីយដ្ឋាន ព្រោះតែ​វិធីសាស្ត្រ​រក្សា​គម្លាត​សង្គម និង​ការដំឡើង​កញ្ចក់​ការពារ ត្រូវបាន​គេ​វាយតម្លៃថា​អាច​ទប់ស្កាត់​ការឆ្លង​រាលដាល។ ប៉ុន្តែ នៅ​ចំពោះមុខ​ការអំពាវនាវ​ឱ្យមាន​ការហាម​ធ្វើ​សកម្មភាព​ក្នុងផ្ទះ ក្នុង​បន្ទប់​បិទ​ជិត អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន ក៏​យល់ព្រម​ធ្វើតាម។

បច្ចុប្បន្ន អាជ្ញាធរ​តំបន់​មួយចំនួន នៅតែ​រក្សា​បម្រាម​ខាងលើ ព្រោះតែ​ខ្លា​ចរង​ការរិះគន់ និង​ខ្លាច​ការផ្ទុះ​ឆ្លង​រាលដាល​ជាថ្មី បើទោះជាថ្មីៗនេះ តៃវ៉ាន់ បាន​ដក​វិធានការ​នេះ​រួចហើយ នៅពេល​តួលេខ​នៃ​ការឆ្លង បាន​ថយចុះ។

កាលពីដើម​ខែមិថុនា ចំនួន​ពលរដ្ឋ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 មាន​មិន​ដល់ 2% ផង នៅក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង 23 លាន​នាក់ ដោយសារតែ​ប្រភព​ផ្គត់ផ្គង់​មានកំណត់ ហើយ​អាជ្ញាធរ តៃវ៉ាន់ នៅតែ​បែរខ្នង​ដាក់​វ៉ាក់សាំង​របស់ ចិនដីគោក ដែល​បានស្នើ​ផ្ដល់ជំនួយ។

ប៉ុន្តែ ចុងក្រោយ បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ដែល​កំពុង​កាន់អំណាច ក៏បាន​គាំទ្រ​ឱ្យ​ទិញ​វ៉ាក់សាំង​របស់ Pfizer-BioNTech ពី​ប្រទេស អាល្លឺម៉ង់ តាមរយៈ​ក្រុមហ៊ុន​មួយ​នៅ ចិនដីគោក។

បណ្ដាញសារព័ត៌មាន ក៏ត្រូវ​បាន​គេ​មើលឃើញថា បាន​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់ COVID-19 ដោយ​ពួកគេ​ប្រណាំងប្រជែង​ក្នុងការ​ផ្ដល់ព័ត៌មានថ្មីៗបំផុត​ទាក់ទង​នឹង​បញ្ហា COVID-19 បើទោះជា​វិធី​ផ្ដល់​ព័ត​មាន​របស់​សារព័ត៌មាន​មួយចំនួន​តូច បាន​នាំឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ​ចំពោះ​ការចាក់​វ៉ាក់សាំង។

Wayne Soon បន្ថែមថា តៃវ៉ាន់ ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ទង្វើ​ល្អ​របស់ខ្លួន ដែល​បានធ្វើ​កាលពី​ដំណាក់កាល​ដំបូង​នៃ​វិបត្តិ COVID-19។ កាលពី​ឆ្នាំទៅ តៃវ៉ាន់ បានផ្ដល់​ជំនួយ​ជា​ម៉ាស ជាង 51 លាន​បន្ទះ ដល់​ដៃគូ​ជាច្រើន​ក្នុង​ពិភពលោក។

ជា​លទ្ធផល បណ្ដា​ប្រទេស​ដែល​ទទួលបាន​ជំនួយ​ពី តៃវ៉ាន់ ក៏បាន​ជួយ​ជា​វ៉ាក់សាំង​ដល់​កោះ​នេះ។ ក្នុង​រយៈពេល 2 ខែ​កន្លងទៅ ជប៉ុន បានផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង AstraZeneca ជាង 3.3 លាន​ដូ​ស ខណៈដែល សហរដ្ឋអាមេរិក ក៏បានផ្ដល់​វ៉ាក់សាំង Moderna ចំនួន 2.5 លាន​ដូ​ស ដល់​កោះ​នេះ។ ប្រទេស លី​ទុយ​អា​នី ស្លូ​វ៉ា​គី និង​សាធារណរដ្ឋ​ឆែក ក៏បាន​សន្យា​ផ្ដល់​វ៉ាក់សាំង​រាប់ម៉ឺន​ដូ​ស ដល់ តៃវ៉ាន់​ផងដែរ។

ក្រោយ​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង ពី​កម្មវិធី COVAX របស់​អង្គការ​សុខភាព​ពិភពលោក និង សហរដ្ឋអាមេរិក បច្ចុប្បន្ន តៃវ៉ាន់ បាន​ចាក់​យ៉ាងតិច 1 ដូ​ស ដល់​ប្រជាជន​ចំនួន 28% ច្រើនជាង​ឆ្ងាយ ធៀប​នឹង 1% កាលពីមុន​ការ​ផ្ទះ​ឆ្លង។

ជោគជ័យ​របស់ តៃវ៉ាន់ ទំនងជា​មិនអាច​គង់នៅ​បានយូរ​អង្វែង​នោះទេ ដោយសារតែ COVID-19 ប្រភេទ Delta។ ក៏ប៉ុន្តែ បទពិសោធន៍​របស់​កោះ​នេះ ត្រូវបាន​គេ​វាយតម្លៃថា នឹងមាន​សមត្ថភាព​គ្រប់គ្រាន់ អាចជួយ​ឱ្យ​ពួកគេ​គ្រប់គ្រង​ស្ថានការណ៍​បានល្អ ទៅលើ​រលក​នៃ​ការឆ្លង​រាលដាល​នាពេលខាងមុខ៕

Advertisement