គុយបា ចាក់​វ៉ាក់សាំង COVID-19 ដល់​កុមារ​ចាប់ពី​អាយុ 2 ឆ្នាំ​ឡើងទៅ

កុមារ​ម្នាក់​កំពុង​ទទួល​ការ​ចាក់វ៉ាក់សាំង​បង្ការ​ COVID-19 នៅ​រដ្ឋធានី​ ហាវ៉ាណា​ កាល​ពី​ថ្ងៃទី 24 សីហា​ ឆ្នាំ​ 2021

អាជ្ញាធរ​ប្រទេស​គុយបា បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ​ចាប់ពី​អាយុ 2 ឆ្នាំ​ឡើងទៅ ដែល​នេះ​គឺជា​គន្លឹះ​មួយ​ដើម្បី​អាច​បើក​ដំណើរការ​សាលារៀន​ឡើងវិញ នៅ​ខែតុលា​ខាងមុខ។

កុមារ និង​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 2 ឆ្នាំ ដល់ 18 ឆ្នាំ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​មួយ​ក្នុងចំណោម​ពីរ​ប្រភេទ​ដែល​អភិវឌ្ឍ​ដោយ​ប្រទេស​គុយបា នោះ​គឺ​វ៉ាក់សាំង Abdala និង Soberana ក្នុងនោះ ក្រុម​គោលដៅ​ដែលមាន​វ័យ​ចាប់ពី 12 ដល់ 18 ឆ្នាំ នឹងត្រូវ​បាន​ចាក់​មុន បន្ទាប់មក​គឺ​ក្រុម​កុមា​រវ័យ​ក្រោម 12 ឆ្នាំ។

យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​តួលេខ​អ្នក​ឆ្លង COVID-19 នៅ គុយបា បាន​កើន​ដល់​ជាង 672,000 នាក់ និង​ស្លាប់​ជាង 5,500 នាក់។

វ៉ាក់សាំង​ Abdala ដែល​អភិវឌ្ឍ​ដោយ​ គុយបា

វីរុស​បំប្លែង​ខ្លួន​ថ្មី Delta កំពុង​រាតត្បាត​ប្រទេស​កោះ​ដែលមាន​ប្រជាជន 11.2 លាន​នាក់​នេះ។ ជិត​ពាក់កណ្ដាល​ក្នុងចំណោម​ជាង 5,500 នាក់​ដែល​បាន​ស្លាប់ និង​ជិត 1/3 នៃ​ករណី​ឆ្លង​សរុប​នៅ គុយបា ត្រូវបាន​រកឃើញ​នៅក្នុង​ខែសីហា​កន្លងទៅ។

សាលារៀន​ស្ទើរតែ​ទាំងអស់​នៅ គុយបា បាន​បិទទ្វារ​ចាប់ពី​ខែមីនា ឆ្នាំ 2020 ហើយ​សិស្ស​ត្រូវ​តាមដាន​មេរៀន​តាមរយៈ​ទូរទស្សន៍​ជាតិ។ ឆ្នាំ​សិក្សា​ថ្មី​របស់ គុយបា នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 6 កញ្ញា ប៉ុន្តែ សិស្សសាលា​របស់​ប្រទេស​នេះ​នឹងត្រូវ​បន្ត​រៀន​ពី​ចម្ងាយ​រហូតដល់​ពួកគេ​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 គ្រប់គ្នា។

រដ្ឋាភិបាល គុយបា ឱ្យដឹងថា ពួកគេ​មាន​ផែនការ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ជាបណ្ដើរៗចាប់ពី​ខែតុលា​តទៅ បន្ទាប់ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​ក្មេង​ជំទង់​បានបញ្ចប់៕

Advertisement