ប្រទេស​ចិន៖ ជិត 1 ពាន់​លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 រួចរាល់

ប្រទេស​ចិន បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ជាង 2 ពាន់​លាន​ដូ​ស ដោយ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ក្នុងនោះ​មាន​ជាង 969 លាន​នាក់​បានទទួល​ការចាក់​រួចរាល់។

លោក Mi Feng អ្នកនាំពាក្យ​របស់​គណៈ​កម្ម​ការ​សុខាភិបាល​ជាតិចិន (NHC) បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី 6 កញ្ញា ប្រទេស​ចិន បាន​ចាក់​វ៉ាក់សាំង COVID-19 ជាង 2.11 ពាន់​លាន​ដូ​ស។ ប្រទេស​នេះ​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន 7 ប្រភេទ ដើម្បី​ចាក់ឱ្យ​ពលរដ្ឋ។

អ្នកនាំពាក្យ​ខាងលើ​ឱ្យដឹងថា ពលរដ្ឋ​ជាង 969.9 លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់។ ក្នុងចំណោម​វ៉ាក់សាំង​បង្ការ COVID-19 ទាំង 7 ប្រភេទ​ដែល ចិន ពុង​ប្រើប្រាស់ មាន 5 ប្រភេទ​ចាក់ 2 ម្ជុល​គឺ​រួចរាល់, 1 ប្រភេទ​ចាក់​តែ 1 ម្ជុល និង 1 ប្រភេទ​ចាក់ 3 ម្ជុល។

កាលពី​ខែកក្កដា និង​ខែសីហា ចិន​បាន​ចាក់​វ៉ាក់សាំង​ប្រហែល 13 លាន​ដូ​ស​ជា​រៀងរាល់ថ្ងៃ ទាប​ជាង​មធ្យមភាគ 19 លាន​ដូ​ស​ក្នុង​មួយថ្ងៃ​កាលពី​ខែមិថុនា។ ប្រទេស​នេះ​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​ពលរដ្ឋ 1.1 ពាន់​លាន​នាក់​រួចរាល់ នៅ​ចុងខែ​តុលា​ខាងមុខ។

ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​យល់ថា ប្រទេស​ចិន​ត្រូវ​ការចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឱ្យបាន​ច្រើនជាង 80% ដើម្បី​ទទួលបាន​ភាពស៊ាំ​ក្នុងសង្គម ដែល​នេះ​ប្រហាក់ប្រហែល​នឹង 1.12 ពាន់​លាន​នាក់ នៅក្នុង​ចំណោម​ប្រជាជន​ចិន សរុប​ជាង 1.4 ពាន់​លាន​នាក់។

ប្រទេស​ចិន បាន​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ប្រមាណ 1 ពាន់​លាន​ដូ​ស​ដល់​ពិភពលោក។ ប្រធានាធិបតី ស៊ី ជីន​ពីង កាលពី​ខែ​មុន​បាន​អះអាងថា ប្រទេស​នេះ​នឹង​ព្យាយាម​បញ្ជូន​វ៉ាក់សាំង​ឱ្យបាន 2 ពាន់​លាន​ដូ​ស​ដល់​បណ្ដា​ប្រទេស នៅក្នុង​ឆ្នាំ 2021៕

Advertisement