COVAX កាត់បន្ថយ 30% នៃ​​គោល​ដៅ​​ចែករំលែក​​វ៉ាក់​សាំង​ដល់​​បណ្ដា​​ប្រទេស​​ក្រីក្​រ ក្នុង​ឆ្នាំ 2021

COVAX គឺជា​យន្ត​ការ​ចែក​រំលែក​វ៉ាក់​សាំង​បង្ការ​ COVID-19 ដល់​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប

ក្រុម​អង្គ​ការដែល​ដឹកនាំ​កម្មវិធី COVAX បានឱ្យដឹងថា ប្រភព​វ៉ាក់សាំង​បង្ការ COVID-19 សម្រាប់​ចែករំលែក​ដល់​បណ្ដា​ប្រទេស​ក្រីក្រ នៅក្នុង​ឆ្នាំនេះ ត្រូវ​ថយចុះ 30% ធៀប​នឹង​គោលដៅ 2 ពាន់​លាន​ដូ​ស។

គោលដៅ​បែងចែក​វ៉ាក់សាំង COVID-19 ចំនួន 2 ពាន់​លាន​ដូ​ស សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ នឹង​ត្រូវបាន​កាត់បន្ថយ 30% មក​នៅត្រឹម 1.425 ពាន់​លាន​ដូ​ស ក្នុង​ឆ្នាំ 2021 នេះ​បើតាម​ប្រកាស​រួម​ដែល​ត្រូវបាន​សម្ព័ន្ធ​វ៉ាក់សាំង Gavi, អង្គការ​សុខភាព​ពិភពលោក (WHO), UNICEF និង សម្ព័ន្ធ​ផ្លាស់ប្ដូរ​ការច្នៃប្រឌិត​ថ្មី ត្រៀម​សម្រាប់​រោគរាតត្បាត (CEPI) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី 8 កញ្ញា។

ក្រុម​អង្គការ​ខាងលើ​ឱ្យដឹងថា មាន​មូលហេតុ​ជាច្រើន​ដែលនាំឱ្យ​មានការ​កាត់បន្ថយ​ការផ្គត់ផ្គង់​វ៉ាក់សាំង​នេះ ក្នុងនោះ​មាន​ទាំង​បញ្ហា​កាត់បន្ថយ​ការនាំចេញ និង​បញ្ហា​ផលិត​របស់​បណ្ដា​ក្រុមហ៊ុន ដូចជា វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា, ក្រុមហ៊ុន Johnson & Johnson និង AstraZeneca ក៏ដូចជា​បញ្ហាយឺតយ៉ាវ​ក្នុង​ការអនុម័ត​វ៉ាក់សាំង​ថ្មី​នៅ សហរដ្ឋអាមេរិក និង ចិន​ផងដែរ។

Seth Berkley ប្រធាន​អង្គការ Gavi ថ្លែងថា៖ «នេះ​គឺជា​បញ្ហា​អាក្រក់​សម្រាប់​ពិភពលោក ព្រោះ​យើង​បានឃើញ​ហើយ​អំពី​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​កើតឡើង​នៅពេល​វីរុស​ឆ្លង​រាលដាល​ដោយ​មិនអាច​គ្រប់គ្រង​បាន»។

ប្រកាស​រួម​ខាងលើ​ឱ្យដឹង​ដែរ​ថា គោលដៅ​ផ្គត់ផ្គង់​វ៉ាក់សាំង 2 ពាន់​លាន​ដូ​ស គ្រោង​នឹង​សម្រេចបាន​នៅក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2022។

គិត​មកដល់​បច្ចុប្បន្ន វ៉ាក់សាំង 5.56 ពាន់​លាន​ដូ​ស ត្រូវបាន​ចាក់​នៅ​ទូទាំង​សកលលោក ដោយ​មធ្យមភាគ​ក្នុង 1 ថ្ងៃ ចាក់​បាន 31.23 លាន​ដូ​ស។ ក៏ប៉ុន្តែ ប្រហែល 80% ក្នុងចំណោម​នោះ ត្រូវបាន​ចាក់​នៅក្នុង​បណ្ដា​ប្រទេស​អ្នកមាន។ ជាង 41% នៃ​ប្រជាជន​សរុប​របស់​ពិភពលោក បានទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1 ដូ​ស​រួចហើយ ប៉ុន្តែ អត្រា​នេះ​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ​គឺ​ត្រឹមតែ 1.9% ប៉ុណ្ណោះ៕

Advertisement