បច្ចេកវិទ្យា​អភិវឌ្ឍ​វ៉ាក់សាំង COVID-19 ថ្មី ដោយ​ប្រើ​​រុក្ខជាតិ​ និង​មិនបាច់​រក្សាទុក​ក្នុង​ទូទឹកកក

សហរដ្ឋអាមេរិក ៖ ក្រុម​វិស្វករ​ផ្នែក​វិទ្យាសាស្ត្រ ណា​ណូ (nano) នៅ​សាកល​វិទ្យា California San Diego កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដែល​វ៉ាក់សាំង​នេះ​អាច​ទ្រាំ​បាន​នឹង​កម្ដៅ ដោយមាន​សមាសធាតុ​ចម្បង​គឺ​វីរុស​ពី​រុក្ខជាតិ ឬ​បាក់តេរី។

វ៉ាក់សាំង​ខាងលើនេះ ទើបតែ​ស្ថិតក្នុង​ដំណាក់កាល​អភិ​វ​ឌ្ឍ​ដំបូង​នៅឡើយ។ នៅលើ​សត្វ​កណ្ដុរ វ៉ាក់សាំង​នេះ​ជួយ​ជំរុញ​ការបង្កើត​អង្គ​ប​ដិ​ប្រាណ​ក្នុង​បរិមាណ​យ៉ាងច្រើន​ដែល​អាច​កម្ចាត់ COVID-19។ បើសិន​ជាមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៅលើ​មនុស្ស ផលិតផល​នេះ​នឹង​ផ្លាស់ប្ដូរ​រាល់​ការប្រឹងប្រែង​ដើម្បី​ចែកចាយ​វ៉ាក់សាំង នៅ​ទូទាំង​ពិភពលោក រួមទាំង​តំបន់​ជនបទ​ដាច់ស្រយាល និង​សហគមន៍​ដែលមាន​ប្រាក់ចំណូល​ទាប។

«បច្ចេកវិទ្យា​វ៉ាក់សាំង​របស់​យើង មាន​ស្ថិរភាព​ផ្នែក​សីតុណ្ហភាព ដូច្នេះ​វា​អាច​ត្រូវបាន​ប្រើប្រាស់​នៅ​តំបន់​ដែល​មិន​អាចដាក់​ទូទឹកកក​ដែលមាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ឬ​ទី​ដែល​រថយន្ត​បំពាក់​ទូទឹកកក​ត្រជាក់​ខ្លាំង​មិនអាច​ទៅដល់» Nicole Steinmeetz សាស្ត្រាចារ្យ​ផ្នែក​បច្ចេកទេស​ណា​ណូ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​បច្ចេកទេស​ប្រព័ន្ធ​ស៊ាំ​វិទ្យា​កម្រិតណា​ណូ នៃ​មហាវិទ្យាល័យ Jacobs របស់​សាកលវិទ្យាល័យ UC San Diego បានឱ្យដឹង​ដូច្នេះ។

រុក្ខជាតិ​សណ្ដែក​កួរ​ដែល​ក្រុម​ស្រាវ​ជ្រាវ​​របស់​សាស្ត្រាចារ្យ​ Nicole Steinmeetzប្រើ​ប្រាស់​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​ COVID-19

ក្នុងការ​ស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 7 កញ្ញា នៅលើ​ទស្សនាវដ្ដី​នៃ​សមាគម​គីមី​សាស្ត្រ សហរដ្ឋអាមេរិក ក្រុម​ស្រាវជ្រាវ​បង្កើតបាន​វ៉ាក់សាំង​បង្ការ COVID-19 ចំនួន​ពីរ​ប្រភេទ ក្នុងនោះ ទីមួយ​គឺជា​វ៉ាក់សាំង​អភិវឌ្ឍ​ពី​វីរុស​នៅលើ​រុក្ខជាតិ ដែល​វា​មាន​ឈ្មោះថា “cowpea mosaic virus” និង​មួយ​ប្រភេទ​ទៀត អភិវឌ្ឍ​ពី​វីរុស​នៅលើ​បាក់តេរី ដែល​ហៅថា Q beta។

ការអភិវឌ្ឍ​វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​នេះ សុទ្ធតែ​ប្រើ​រូបមន្ត​ដូចគ្នា។ ក្រុម​ស្រាវជ្រាវ​ប្រើប្រាស់​រុក្ខជាតិ​សណ្ដែកកួរ និង​បាក់តេរី E. coli ដើម្បី​បណ្ដុះ​ជា​វីរុស​រុក្ខជាតិ និង​វីរុស​បញ្ញើក្អែក​លើ​បាក់តេរី ចំនួន​រាប់លាន ដែលមាន​រូបរាង​ជា​គ្រាប់​មូល​ល្អិត​កម្រិតណា​ណូ។ អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​គ្រាប់​វីរុស​ទាំងនេះ ក្រោយមក​ភ្ជាប់​ប្រូតេអ៊ីន​បន្លា​មួយ​កំណាត់​របស់ COVID-19 ទៅលើ​ផ្ទៃ​របស់​វីរុស​ណា​ណូ។ ផលិតផល​សម្រេច មាន​រូបរាង​ដូច​ទៅនឹង​វីរុស​ចម្លងជំងឺ​ដែលមាន​សមត្ថភាព​ជំ​រុញឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ស្គាល់​ពួកវា ប៉ុន្តែ ពួកវា​មិន​ឆ្លង​រាលដាល​នៅលើ​មនុស្ស និង​សត្វ​នោះទេ។ ប្រូតេអ៊ីន​មួយ​កំណាត់​ខ្លី​មាន​រូបរាង​ដូច​បន្លា​ដែល​ត្រូវបាន​ភ្ជាប់​ទៅនឹង​ផ្ទៃ​លើ​នៃ​វីរុស​សិប្បនិម្មិត​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ ជំ​រុញឱ្យ​រាងកាយ​ធ្វើ​ប្រតិកម្ម បង្កើតបានជា​អង្គ​ប​ដិ​ប្រាណ​ប្រឆាំងនឹង​វីរុស COVID-19។

Nicole F. Steinmetz សាស្ត្រាចារ្យផ្នែកបច្ចេកទេសណាណូ និងជាប្រធានមជ្ឈមណ្ឌលបច្ចេកទេសប្រព័ន្ធស៊ាំវិទ្យាកម្រិតណាណូ នៃមហាវិទ្យាល័យ Jacobs របស់សាកលវិទ្យាល័យ UC San Diego

ប្រការ​ដែលនាំឱ្យ Steinmetz សប្បាយចិត្ត​ខ្លាំង​បំផុត នោះ​គឺ​បច្ចេកវិទ្យា​វ៉ាក់សាំង​នេះ​អាច​បត់បែន​បាន​យ៉ាង​ល្អ​ទៅតាម​កាលៈទេសៈ ដោយ​វា​អាច​ត្រូវបាន​កែសម្រួល​ក្នុង​រយៈពេល​ខ្លី​ដើម្បី​សម្រប​ខ្លួន​សម្រាប់​ប្រឆាំងនឹង​វីរុស​ដែល​ទើប​បង្ហាញខ្លួន​ថ្មី។

យ៉ាងនេះ​ក្ដី សារ​ព័ត៌មាន​ Phys.org បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ ត្រូវការ​ពេលវេលា​ច្រើន​បន្ថែមទៀត ដើម្បី​អាចឈាន​ដល់​ដំណាក់កាល​ពិសោធន៍​លើ​មនុស្ស៕

Advertisement